ថៃនិងម៉ាឡេស៊ីរកវិធីទប់ស្កាត់ឥទ្ធិពលចិននិងអាមេរិក

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាមេដ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធជាមួយមេដឹកនាំថៃលោក ប្រាយុទ្ធ ចាន់អូចារ និងបានពិភាក្សាអំពីកិច្ចចរចាសន្តិភាពនៅក្នុងខេត្តព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាកន្លែងបះបោររបស់មូស្លីម ដែលបានដួលរលំអស់រយៈពេលជាងមួយទសវត្សមកហើយ នៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃពុធទី 24 ខែតុលាឆ្នាំ 2018។ (រូបភាព៖ South China Morning Post)

ថៃនិងម៉ាឡេស៊ីគឺជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់អាស៊ានដែលមានទំនាក់ទំនងពាណិជ្ជកម្មធំជាមួយសហរដ្ឋអាមេរិកនិងចិន ប៉ុន្តែប្រទេសក្នុងតំបន់អាស៊ានទាំងពីរ កំពុង រកវិធីសាស្ត្រទប់ស្កាត់ឥទ្ធិពលអាក្រក់ពីសង្គ្រាមសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២លើពិភពលោក។​

ថៃជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ាន ហើយមានដៃគូពាណិជ្ជកម្មធំគឺទី១ ចិន ក្នុងទំហំទឹកប្រាក់ជាង២៩ប៊ីលានដុល្លារ ហើយទី២គឺអាមេរិក។ ចំណែកម៉ាឡេស៊ីជាប្រទេស មានសេដ្ឋកិច្ចធំលំដាប់ទី៣នៅអាស៊ាន មានដៃគូពាណិជ្ជកម្មធំទី១គឺសិង្ហបុរី ក្នុងទំហំទឹកប្រាក់ ជាង៣១ប៊ីលានដុល្លារ ហើយដៃគូធំបន្ទាប់គឺចិន និងសហរដ្ឋអាមេរិក។ នេះបើតាម របាយការណ៍ World Top Exports។

ចាប់តាំងពីខែកក្កដាមក អាមេរិក​និងចិនបានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្ម ដោយដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ហើយរហូតដល់ពេលនេះស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។​

ដោយបារម្ភពីបញ្ហាឥទ្ធិពលសង្គ្រាមសេដ្ឋកិច្ចនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ​មហាធា ហាមេដ មេដឹកនាំម៉ាឡេស៊ីទៅប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំទាំងពីរបាន ពិភាក្សាគ្នារកវិធីសាស្ត្រការពារលើបញ្ហាប្រឈមនៃសេដ្ឋកិច្ចនិងសន្តិសុខរបស់អាស៊ាននៅក្នុងតំបន់ និងពិភពលោក។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei។

មេដឹកនាំទាំងពីរក៏បានជំរុញឲ្យប្រទេសអាស៊ានទាំងអស់ត្រូវសហការគ្នា ដើម្បីការពារកុំឲ្យរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិក។​

មេដឹកនាំថៃបានស្នើឲ្យបង្កើនការទំនាក់ទំនងក្នុងកម្រិតខ្ពស់បន្ថែមទៀតជាមួយម៉ាឡេស៊ី ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រជំរុញល្បឿនសេដ្ឋកិច្ចអភិវឌ្ឍន៍តាមព្រំដែន ភ្ជាប់ការងារធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

មេដឹកនាំម៉ាឡេស៊ីលោក មហាធា បានយល់ព្រមកសាងស្ពាន ចំនួនពីរបន្ថែមក្នុងការភ្ជាប់ប្រទេសទាំងពីរដើម្បីធ្វើឲ្យមានភាពប្រសើរឡើងក្នុងការធ្វើសកម្មភាព ពាណិជ្ជកម្មបាន២៤ ម៉ោងក្នុង១ថ្ងៃ។​

បើពិនិត្យលើការធ្វើពាណិជ្ជកម្មជាមួយចិន គឺថៃនិងម៉ាឡេស៊ីមានការប្រុងប្រយ័ត្នខ្ពស់ក្នុងហេតុផល ប្រហាក់ប្រហែលគ្នាគឺភាពមិនច្បាស់លាស់នៃបំណុល និងអធិបតេយ្យភាពនៃប្រទេស។​

កាលពីខែសីហាមេដឹកនាំម៉ាឡេស៊ីបានលុបចោលគម្រោងវិនិយោគរបស់ចិនចំនួន២ក្នុងទឹកប្រាក់ប្រមាណ២០ប៊ីលានដុល្លារ។ ចំណែកថៃក៏បដិសេធយ៉ាងស្ងប់ស្ងាត់ចំពោះគម្រោងរបស់ចិនកសាងផ្លូវដែកល្បឿនលឿន និងជីកផ្លូវទឹកនៅភាគខាងត្បូងនៃប្រទេសថៃ។​

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ