អតីត​តំណាងរាស្រ្ត CNRP និង​ជាមេទ័ពស្រមោល​ដែល​រដ្ឋាភិបាលធ្លាប់​ចោទ​ ទទួលមរណៈភាព​

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជាម ច័ន្ទនី។ (រូបភាព៖ បណ្ដាញសង្គម)

តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក ​ជាម ច័ន្ទនី បានទទួលមរណភាព កាល​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរោគាពាធ​។

ក្រោយពីទទួលបានដំណឹង​មរណភាពរបស់​លោក​ ជាម ច័ន្ទនី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនិងអតីតមន្រ្តីគណបក្សនេះបានសរសេរ​សារ​បង្ហាញក្តីរន្ធត់ ក្រៀមក្រំ ដោយថាមរណៈភាពនេះ ជាការ​បាត់បង់អ្នកស្នេហាជាតិដ៏ក្លាហាន ស្មោះត្រង់ ហ៊ានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា ដើម្បីបុព្វលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និងផលប្រយោជន៍ប្រជាជនខ្មែរជាដើម។

ពិធីបុណ្យសពរបស់ តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក ​ជាម ច័ន្ទនី ដែលបានទទួលមរណភាព កាល​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ណាត សុភាព)

លោក ជាម ច័ន្ទនី កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ និងមានដើមកំណើតនៅ ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកមានប្រពន្ធឈ្មោះ ថេង ស្រីពៅ  និងមានកូនស្រីម្នាក់ឈ្មោះ គីម ច័ន្ទណា អាយុ២៦ឆ្នាំ។

តាម​ការរៀប​រាប់​របស់អ្នកស្រី សំណាង ប្អូនស្រីបង្កើតលោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ នៅកំឡុងឆ្នាំ១៩៩១ លោកធ្លាប់បានបម្រើការងាររដ្ឋ ដោយធ្វើជាទាហាននៅអង្គភាព​កងទ័ពឆ័ត្រយោង៩១១ និងធ្លាប់បង្រៀនគួរអង់គ្លេសបានចំនួនពីរឆ្នាំ​។

ក្រោយមក​នៅឆ្នាំ១៩៩៣ លោកសម្រេ​ចចិត្តឈប់ធ្វើជាទាហាន ហើយចូលធ្វើនយោបាយជា​មួយ​គណបក្សខ្មែរអព្យាក្រឹតដែលដឹកនាំដោយលោក ប៊ូ ហែល ដោយឈរឈ្មោះធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅក្នុងអាណត្តិទី១។ បន្ទាប់មកលោកបានសុំលាឈប់ពីបក្សនេះនៅឆ្នាំ១៩៩៥ រួចទៅធ្វើជាប្រធានគណៈកម្មាធិការនាយកគណបក្សជាតិខ្មែរ ដែលដឹកនាំដោយលោក សម រង្ស៊ី​​។

នៅក្នុង​ឆ្នាំ១៩៩៧ លោក ច័ន្ទនី បាន​រងរបួសជើងខាងស្តាំនៅអំឡុង​ឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍បោកគ្រាប់​បែក​មុខ​រដ្ឋសភាចាស់​ ដែលនៅគ្រានោះ លោក សម រង្ស៊ី និងរូបលោកបាន​ដឹកនាំបាតុករ​ធ្វើ​បាតុកម្មទាមទារឲ្យតុលាការឯករាជ្យ។

នៅឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរនេះ​ បានដូរឈ្មោះទៅជា គណបក្ស សម​ រង្ស៊ី។ នៅពេលបោះឆ្នោត​ជាតិឆ្នាំ១៩៩៨ លោក ច័ន្ទនី បានជាប់​​តំណាងរាស្រ្តគណបក្ស សម រង្សី ​ ប្រចាំមណ្ឌលបាត់ដំបង។

នៅ​អាណត្តិទី២ និងទី៣ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ លោក ច័ន្ទនី បាន​មក​ធ្វើជាតំណាង​រាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាមវិញ​។ លុះដល់ចុង​អាណត្តិ៤ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោក កឹម សុខា បាន​ច្របាច់បញ្ជូលគ្នាទៅជា គណបក្សសង្គ្រោះជាតិ។ នៅពេល​បោះឆ្នោតឆ្នាំ២០១៣ លោក បាន​ជាប់​ឆ្នោត​ជាតំណាង​រាស្រ្តមណ្ឌល​កំពង់​ធំ ។

គួររំលឹក​ផងដែរថា លោក ច័ន្ទនី ក៏ធ្លាប់​ជាប់ពន្ធនាគារម្តងដែរ​កាលពីឆ្នាំ២០០៥ ដែលនៅពេល​នោះរដ្ឋាភិបាល​បាន​ចោទលោក​ថា ​បាន​បង្កើតកងទ័ពស្រមោលខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

អ្នកស្រី សំណាង ប្អូនស្រីបង្កើតលោក ជាម ច័ន្ទនី អង្គុយនៅមុខ​សពលោក ច័ន្ទនី នាព្រឹកថ្ងៃទី២៦ ខែតុលានេះ បាន​រៀប​រាប់ថា ក្នុងឆាកជីវិតបងប្រុសរបស់គាត់មិនដែលត្អូញត្អែរពីការលំបាក នៅពេលចូលប្រលូកក្នុងឆាកនយោបាយនោះទេ ដោយអ្នកស្រីថា លោកហ៊ានលះបង់ទាំងពេលវេលា គ្រួសារ សាច់ញាតិដើម្បីធ្វើនយោបាយនេះផងដែរ។

អ្នកស្រី​រៀប​រាប់ដូចនេះថា៖ «គាត់លះបង់ទាំងគ្រួសារ ទាំងបងប្អូន និយាយថា គាត់ដើរចោលបងប្អូន គាត់និយាយហើយ គាត់តស៊ូ ដើម្បីការផ្លាស់ប្តូរមួយឲ្យមានយុត្តិធម៌សង្គម »

ឈរនៅមុខច្រកចូលផ្ទះបុណ្យសព គឺតំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ លោក កង គឹម​ហាក់ បានរៀប​រាប់ថា លោក ជាម ច័ន្ទនី ជាបុគ្គលស្នេហាជាតិមួយរូប​ ស្មោះត្រង់មាតុភូមិជាង២០ឆ្នាំកន្លងទៅនេះ ហើយស្រលាញ់ការងារនយោបាយ លះបង់ពេលវេលាជួយប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌សង្គម រហូត​ដល់ជាប់ពន្ធនាគារ និងរងរបួសកាលពីឆ្នាំ១៩៩៧ នៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅក្បែររដ្ឋសភាចាស់ជាដើម។

លោក គឹមហាក់ អះអាងថា កាលដែលលោក ច័ន្ទនី នៅរស់ គាត់តែងតែផ្តាំផ្ញើទៅកូនចៅខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិទាំងអស់ ចេះតស៊ូ ស្មោះត្រង់នឹងជាតិ ដើម្បីកុំឲ្យបរទេសឈ្លានពានទឹកដីកម្ពុជាជាដើម។

លោករៀប​រាប់ថា«មុនដែលគាត់[ជាម ច័ន្ទនី]វះកាត់ គាត់បានប្រាប់ខ្ញុំដែរ សុំឲ្យអ្នកនយោបាយទាំងអស់ធ្វើម៉េច​ គិតជាតិជាធំ គិតប្រជាពលរដ្ឋជាធំ សុំឲ្យអ្នកនយោបាយទាំងអស់រួបរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់ប្រទេសជាតិយើង ដើម្បីកុំឲ្យបរទេសឈ្លានពាន ដើម្បីកុំឲ្យមានអយុត្តិធម៌សង្គមគ្រប់បែបយ៉ាង​»

អ្នកនាង គីម ច័ន្ទណា  ជាកូនបង្កើតលោក ជាម ច័ន្ទនី អង្គុយរៀប​រាប់ទាំងទឹកភ្នែករលីងរលោងនៅមុខ​សពឪពុកថា ឪពុករបស់គាត់ជាមេគ្រួសារដ៏ល្អ ជួយផ្តត់ផ្គង់ឲ្យកូនបានរៀនចប់ និងមានការងារល្អធ្វើ រហូតមកទល់ពេលនេះ។

អ្នកនាង​រៀប​រាប់ថា«ពេលខ្ញុំយកទៅពេទ្យ ខ្ញុំគិតថា នឹងបានយកគាត់ត្រឡប់មកផ្ទះវិញ ជាការពិតអត់អាចទេ។ ខ្ញុំសោកស្តាយ ខ្ញុំអត់បានសងគុណគាត់[]តបស្នងសងគុណដែលគាត់បានចិញ្ចឹមខ្ញុំតាំងពីតូចរហូតមក​ដល់ពេលឥឡូវ​»

បច្ចុប្បន្នសពលោក ជាម ច័ន្ទនី ត្រូវបានតម្កល់នៅផ្ទះ​៨៣ ផ្លូវSOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន៣យប់ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ លុះដល់ថ្ងៃព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា សាច់ញាតិអះអាងថា សពរបស់តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិរូបនោះ នឹងហែរចេញពីភ្នំពេញ​វេលាម៉ោង៨ព្រឹក ដើម្បីយកទៅបញ្ចុះនៅស្រុកកំណើត​របស់លោក ស្ថិតនៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ