WWF-កម្ពុជា៖ ផ្សោតកើតថ្មី៩និងងាប់៥ក្បាលក្នុង១០ខែឆ្នាំ២០១៨

សត្វផ្សោតលោត(រូបពីWWF-កម្ពុជា)

របាយការណ៍អង្គការWWF-កម្ពុជាបានឲ្យដឹងថា រយៈពេល១០ខែក្នុងឆ្នាំ២០១៨នេះ សត្វ ផ្សោតរបស់កម្ពុជានៅក្នុងទន្លេមេគង្គកើតថ្មីចំនួន៩ក្បាល និងផ្សោតដែលងាប់វិញមាន ចំនួន​៥ក្បាល។​

តាមសេចក្តីប្រកាសរបស់អង្គការWWF-កម្ពុជា កាលពីម្សិលមិញបានឲ្យដឹងទៀតថា ក្នុងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០១៧គឺចាប់ពីខែមករាដល់ខែតុលា មានផ្សោត កើតឡើង៩ក្បាលដែរ ប៉ុន្តែផ្សោតដែលងាប់មានតែ២ក្បាល។

ទន្ទឹមនឹងការលើកឡើងពីលទ្ធផលល្អដោយសារការប្រឹងរបស់អង្គការWWF-កម្ពុជា និងអាជ្ញាធរ ក្នុងការអភិរក្សសត្វផ្សោត អង្គការនេះក៏បាន ជំរុញភាគីពាក់ព័ន្ធ បន្ថែមការចូល រួមអភិរក្ស។​

អង្គការ WWF-កម្ពុជា៖ «បច្ចុ​ប្បន្ន​ សត្វ​ផ្សោត​ទន្លេ​មេគង្គ​មាន​ចំនួន​តែ ៩២ ក្បាល​ប៉ុណ្ណោះ​ក្នុង​ទន្លេ​មេគង្គ​។ ចំនួន​នេះ​តិច​តួច​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​មួយ​សតវត្សរ៍​មុន​ ដែល​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា​មាន​ប្រហែល​ជា​ ៣០០០ ក្បាល​ រស់​នៅ​ក្នុង​ទន្លេ​មេគង្គ និង​បឹង​ទន្លេ​សាប​។ ជាមួយ​នឹង​ចំនួនសត្វ​ផ្សោត​ដែល​នៅ​សេស​សល់​​តិច​តួច​នេះ យើង​បាន​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​ផ្សោត​នេះ តាម​រយៈ​ការ​ពង្រឹង​ច្បាប់​ឱ្យ​បានតឹង​រឹង​​ កាត់​បន្ថយ និង​លុប​បំបាត់​ចោល​រាល់ការ​សកម្ម​ភាព​នេសាទ​ខុស​ច្បាប់​នានា ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​ កម្ម​វិធី​លើក​កម្ពស់​ការ​យល់​ដឹង កម្ម​វិធី​​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ ព្រម​ទាំង​កម្ម​វិធី​ផ្តល់​ជម្រើស​ជីវ​ភាព​ដល់​សហគមន៍​មូល​ដ្ឋាន​។»

អង្គការនេះលើកឡើងទៀតថា កត្តាគំរាមកំហែងចម្បងលើសត្វផ្សោតទន្លេមេគង្គគឺការ នេសាទខុសច្បាប់ ជាពិសេសគឺ ការប្រើមងក្នុងតំបន់ការពារសត្វផ្សោយ។ ចំណែកគម្រោង​វារី​អគ្គិសនី​ថ្មី​ៗ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក៏អង្គការនេះចាត់ទុកជា បញ្ហាប្រឈមមួយធំដែរដល់ ការរស់នៅរបស់សត្វផ្សោតទន្លេមេគង្គនិងជីវភាពប្រជាសហគមន៍នៅមូលដ្ឋានទាំងនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ