ក្រុម​សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​បញ្ចេញ​មតិ​រិះគន់​លើ​បណ្ដាញ​ព័ត៌មាន​​សង្គម

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​សិក្ខាសាលាស្តីពីសេរីភាពបញ្ចេញមតិនៅក្នុងសម័យឌីជីថល និងបញ្ហាប្រឈម រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៨។ រូបថត៖ ហេង វិចិត្រ

ក្រុមយុវជន និង​អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បាន​បង្ហាញ​​ក្ដីព្រួយបារម្ភថា សុវត្ថិភាពរបស់​ពួកគេ ស្ថិត​ក្រោម​ការ​គំរាម​កំហែង សម្រាប់​ការ​​និយាយការរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល និងមន្ត្រីរាជ​ការ​តាម​បណ្ដាញ​សង្គម​។

បន្ទាប់ពីសិក្ខាសាលាស្តីពីសេរីភាពបញ្ចេញមតិនៅក្នុងសម័យឌីជីថល និងបញ្ហាប្រឈម​នាថ្ងៃទី២៨ ខែតុលានេះ តំណាង​សហគមន៍​ភូមិ ​២៣​ អ្នកស្រី នី សណ្តោស បានថ្លែងថា អ្នកស្រី​បាន​ជ្រើស​រើស​បណ្ដាញ​សង្គម ដើម្បី​រិះគន់ និង​បង្ហាញ​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​មួយ​ចំនួន ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជា​ពលរដ្ឋ ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី ប៉ុន្តែ អ្នកស្រីតែង​បារម្ភពីសុវត្ថិភាព បន្ទាប់​ពី​អ្នកស្រី​ បាន​ដឹង​ថា អ្នករិះគន់រដ្ឋាភិបាល​ រងការគំរាម និងមានការ​ចាប់ខ្លួនជាដើម។

អ្នកស្រីព្រួយបារម្ភថា៖ «ដំបូងខ្ញុំអត់មានការព្រួយបារម្ភអ្វីទេ ខ្ញុំអត់ដឹងពីសុវត្ថិភាពយ៉ាងម៉េច​ទេ ប៉ុន្តែ ក្រោយពីមានការគំរាមកំហែង មានការចាប់ខ្លួនរបស់អ្នកបញ្ចេញមតិនៅក្នុងប្រព័ន្ធហ្វេសប៊ុកមានការចាប់គាត់ វាធ្វើឲ្យខ្ញុំមានការព្រួយបារម្ភដែរ នៅពេលដែលខ្ញុំសរសេរព័ត៌មាន ឬខ្ញុំស៊ែព័ត៌មានខ្លះ យើងមានការព្រួយបារម្ភ​ពីសេរីភាពបញ្ចេញមតិរបស់យើងដែលមានការរឹតត្បិត»

ជនជាតិដើមភាគតិចកាចក់ លោក អាង ប៊ុនគឺត ដែលចូលរួមក្នុងសិក្ខាសាលានោះ បានថ្លែងថា ក្រោយពីអ្នកជំនាញលើកពីរបៀប​សរសេរ ឬបង្ហោះឯកសារ​ផ្សេងៗនៅលើបណ្តាញសង្គមត្រូវ​មានការប្រុងប្រយ័ត្ននោះ លោកថា ជាវិធីមួយជួយឲ្យគាត់​ចេះការពារខ្លួនឯងកុំឲ្យរងការចោទប្រកាន់នានាពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាល។

លោក ប៊ុនគឺត អះអាងថា នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សា និងអប់រំនេះ ជួយណែនាំដល់ប្រជាសហគមន៍ និងមិត្តភ័ក្តិរបស់លោកឲ្យចេះពីរបៀប​ប្រើប្រាស់បណ្តាញសង្គម នឹងចេះការពារសុវត្ថិភាពផង​ដែរ។

លោកថ្លែងថា៖ «បន្ទាប់ពីខ្ញុំចូលរួមកម្មវិធីសេរីភាពនៃការបញ្ចេញមតិសម័យឌីជីថល ខ្ញុំនឹងចែករំលែកព័ត៌មាននេះទៅដល់មិត្តិភ័ក្តិខ្ញុំ ក៏ដូចជាមិត្តភ័ក្តិខ្ញុំផ្ទាល់ ដែលកំពុង​រងគ្រោះ ដែលកំពុងត្រូវការជំនាញហ្នឹង ដើម្បីបញ្ចេញមតិ ដើម្បីឲ្យគាត់យល់ដឹងថា តើករបញ្ចេញមតិហ្នឹងបែបណា ដើម្បីជៀសវាងការប្រឈមនឹងការចោទប្រកាន់ពីអ្នកដទៃ»

ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជា និងសីលធម៌អនុវត្តន៍កម្ពុជា លោក ប៉ា ចន្ទរឿន ថ្លែងថា ទោះជា​ការបង្ហោះព័ត៌មានលើបណ្តាញសង្គមស្ថិតនៅក្នុងស្ថានភាពហានិភ័យក៏ដោយ លោកថា អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវ​ចេះប្រើក្រមសីលធម៌របស់ខ្លួន បង្ហោះព័ត៌មានពីចំណុចល្អរបស់រដ្ឋាភិបាល និងចំណុចខ្វះខាត ដោយថា ដើម្បីឲ្យសង្គមមានការរីកចម្រើន។

លោកមានប្រសាសន៍ថា៖ «យើងត្រូវ​រៀនទាំងអស់គ្នា រៀនទាំងការសសើ កុំសសើរខ្លាំងពេក លើកជើងរហូត​ដល់បាក់ជើង ហើយកុំជាន់ខ្លាំងពេករហូតដល់ក្បាលងើបមិនរួច​ រៀនច្បិចយកទិដ្ឋភាពណាមួយដែលល្អ ដែលរដ្ឋាភិបាល បុគ្គលណាមួយ អង្គភាពណាមួយ ធ្វើល្អយកទៅផ្សាយផង ដើម្បីជាគំរូឲ្យអ្នកដទៃទៀតបានឃើញ ហើយជាការលើកទឹកចិត្ត»

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សិទ្ធិសេរីភាពបញ្ចេញមតិតាបណ្តាញសង្គមនៅកម្ពុជា ​ស្ថិតនៅក្រោមស្ថានភាពហានិភ័យនៅឡើយ។ ករណីនេះ លោកបង្ហាញការព្រួយបារម្ភថា បើរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងឧក្រិតកម្មតាមប្រព័ន្ធអ៊ីនធឺណេត ដោយមិនមានការចូលរួមផ្តល់មតិពីសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធទេ លោកបារម្ភថា សេរីភាពបញ្ចេញមតិកាន់តែរួមតូច។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើង[រដ្ឋាភិបាល]បង្កើតច្បាប់ឲ្យបាន ហើយក្នុងគោលបំណងបម្រើប្រយោជន៍នយោ​បាយ វាជះឥទ្ធិពលមិនល្អទេ សម្រាប់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ​»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ជំរុញ​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​និយាយ​រិះគន់​មក​លើ​រដ្ឋាភិបាល ប្រសិន​បើ​ការ​រិះគន់​នោះ និយាយ​អំពី​ការ​ពិត។

ចំណែកឯច្បាប់គ្រប់គ្រង់ឧក្រិដ្ឋកម្មតាម​ប្រព័ន្ធ​អ៊ីនធឺណេត លោកថា រដ្ឋាភិបាលគ្រោងបង្កើតឡើងនៅពេលឆាប់ៗខាងមុខនេះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។ ប៉ុន្តែ លោកថា មុនច្បាប់នេះចូលជាធរមាន រដ្ឋាភិបាលនឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សាអ្នកច្បាប់ អ្នកជំនាញ សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយថា ដើម្បីឲ្យច្បាប់នោះចេញមកអនុវត្តមានស្តង់ដារល្អ។

លោកមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាលធ្វើត្រឹមត្រូវហើយ និយាយឲ្យត្រឹមត្រូវ កុំនិយាយថា មិនត្រឹមត្រូវ មិនត្រូវថាខ្លួនមិនត្រូវ​ម៉េច​កើត ចឹងខ្ញុំយល់ថា មិនគួរកើតជំងឺព្រួយបារម្ភ ឬភ័យខ្លាចអ្វីទេ តែបញ្ហាសំខាន់ គឺអនុវត្តឲ្យបានត្រឹមត្រូវ​ទៅតាមការពិតជាក់ស្តែង»

ក្នុង​របាយការណ៍ស្រាវជ្រាវ​របស់ internetworldstats.com  បានឲ្យដឹងថា ​គិតមក​ដល់ឆ្នាំ២០១៧ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេ​សប៊ុកនៅកម្ពុជា មាន​ប្រមាណ ៦​លាន ៣​សែន​នាក់ ឬ​ប្រហែល​នឹង ៣៩​ភាគរយ នៃ​​ប្រជាជន​ជាង ១៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស។

របាយការណ៍​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃថា សេរីភាព​អ៊ិនធឹណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក បន្ទាប់​ពី​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់​ ដែល​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន រួមទាំងការ​បិទប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យមួយចំនួន ដូចជា វិទ្យុ VOD វិទ្យុ​សំឡេង​សហរដ្ឋ​អាេមរិក VOA វិទ្យុ​អាស៊ីសេរី និងកាសែតខេមបូឌេលី ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ