រដ្ឋាភិបាលប្រកាសអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំពីរដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្រ្ត INSPIRE ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)

រដ្ឋាភិបាលប្រកាសអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំពីរ ដើម្បីបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារក្នុង​រយៈពេល១២ឆ្នាំខាងមុខ។

ក្នុងសន្និសី​ទថ្នាក់តំបន់ឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រ INSPIRE  ចំនួនប្រាំពីរដែលមានប្រទេសចំនួន ២១ ចូលរួម នាថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ថ្លែងថា កម្ពុជានឹងអនុវត្តយុទ្ធសាស្ត្រ INSPIRE ចំនួនប្រាំពីរ ដោយមានការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារនៅឆ្នាំ២០៣០។

លោកថា៖«ខ្ញុំសូមបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលជាសមាជិកនៃប្រទេសជាដៃគូរសកល ដើម្បីលុបបំបាត់លើកុមារ! ជាមួយគ្នានោះដែរ ខ្ញុំ​​សូមស្វាគមន៍ជាមួយភ្នាក់ងារអង្គការសហប្រជាជាតិដៃគូរអភិវឌ្ឍន៍ អន្តរជាតិសង្គមស៊ីវិល វិស័យឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងកុមារខ្លួនឯង ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីរួមគ្នាបញ្ចប់អំពើហិង្សាលើកុមារដែលមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

យុទ្ធសាស្ត្រទាំងប្រាំពីរនោះរួមមាន ពង្រឹងការអនុវត្តច្បាប់, បទដ្ឋាននិងគុណតម្លៃ, បរិយាកាសសុវត្ថិភាព,ការគាំទ្រពីឪពុកម្តាយ និងអ្នកថែទាំ, ប្រាក់ចំណូល និងការពង្រឹងសេដ្ឋកិច្ច, ការឆ្លើយតប និងសេវាកម្មគាំទ្រ, ហើយនិង​ការអប់រំ និងជំនាញជីវិត។​

តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាលោកស្រី Lucia Soleti  លើកឡើងថា កាលពីឆ្នាំ២០១៣ អង្គការនេះបានរកឃើញថា កុមារម្នាក់ក្នុងចំណោមពីរនាក់ធ្លាប់ទទួលរងអំពើហិង្សាផ្នែករាយកាយ កុមារម្នាក់ក្នុងចំណោម៤ នាក់ធ្លាប់ទទួលរងអំពើហិង្សាផ្លូវចិត្ត និងមានម្នាក់ក្នុងចំណោម២០ នាក់ធ្លាប់ទទួលរងគ្រោះផ្លូវភេទ។

លោកស្រីថា៖«អ្វីជាអកុសលទៀតនោះអំពើហិង្សាទាំង៣ប្រភេទនេះ គឺកើតឡើងនៅកន្លែងដែលកុមារត្រូវទទួលបានការពារ និងមានសុវត្តិភាពបំផុត ជាពិសេសគឺនៅផ្ទះ នៅសាលារៀន។ បន្ទាប់ពីសិក្សាស្រាវជ្រាវនោះមក ក្រសួងសង្គមកិច្ចរួមទាំងក្រសួង១២ទៀត ដែលមានការគាំទ្រពីយូនីសេហ្វបានស្វែងរកដំណោះស្រាយដោយបានបង្កើតនៅផែនការសកម្មភាពមួយ ដើម្បីធ្វើការរួមគ្នាបញ្ចប់អំពើហិង្សា ហើយយើងបានប្រកាសផែនការសកម្មភាពនេះនៅខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ»។

តាមរបាយការណ៍អង្គការ​ទស្សនៈពិភព​លោកចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យដឹងថា កុមារ​កម្ពុជា​ដល់​ទៅ​ជាង ៧៥​ភាគរយ ជួប​ប្រទះ​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​មួយ​ទម្រង់ មុន​ពេល​ពួកគេ​ឈាន​ដល់​វ័យ ១៨​ឆ្នាំ ក្នុង​នោះ កុមារ​កម្ពុជា​ជាង ៥០​ភាគរយ​រង​អំពើ​ហិង្សា​លើ​រាងកាយ ២៥​ភាគរយ​រង​អំពើ​ហិង្សា​ផ្លូវ​ចិត្ត និង ៥​ភាគរយ​ទៀត រង​អំពើ​ហិង្សា​ផ្លូវ​ភេទ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ