អ្នកមានជម្លោះដីធ្លីនៅបឹងកក់និងបុរីកីឡាសុំអន្តរាគមន៍ពីលោកស្រី រ៉ូណា ស្មីត

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅតំបន់បឹងកក់និងបុរីកីឡា បានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យលោកស្រី រ៉ូណា ស្មីត ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារបស់ពួកគេ នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅតំបន់បឹងកក់និងបុរីកីឡានៅព្រឹកនេះ បានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យលោកស្រី រ៉ូណា ស្មីត ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារបស់ពួកគេ។​

ស្ត្រីមានជម្លោះដីធ្លីទាំងពីរសហគមន៍នេះ បានធ្វើញត្តិរួមគ្នាភ្ជាប់ជាមួយស្នាមមេដៃផង ស្នើឲ្យលោកស្រី រ៉ូណា ស្មីត ជំរុញទៅរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស គោរពសិទ្ធិដីធ្លី និងដោះស្រាយបញ្ហាពួកគេឲ្យបានឆាប់រហ័ស។

សកម្មជនដីធ្លីបឹងកក់ម្នាក់អ្នកស្រី ស៊ា រ៉េត  ប្រាប់វីអូឌីមុនពេលដាក់ញត្តិថា  ពួកគាត់ចង់ឲ្យលោកស្រី រ៉ូណា ស្មីត ជំរុញទៅរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហា និងជួយពិនិត្យមើលចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដោយថា បច្ចុប្បន្ននេះ អ្នកមានអំណាចមួយចំនួនបានប្រើតុលាការម​កគំរាមហែងពួកគាត់មិនឲ្យធ្វើការតវ៉ាទាមទាររកដំណោះស្រាយបញ្ហាដីធ្លី។

អ្នកស្រីថា៖«ប្ដឹងខ្ញុំហៅឡើងតុលាការវាអយុត្តិធម៌សម្រាប់អ្នកក្រណាស់។ អញ្ចឹងសុំជំរុញទៅសម្ដេច ហ៊ុន សែន ឲ្យគាត់ដោះស្រាយបញ្ហា កុំគិតតែលាបពណ៌ពលរដ្ឋសុទ្ធតែពួកខ្ញុំជាជនសង្ស័យ ជាជនអុកឡុក  បំផ្លាញទ្រព្យសម្បត្តិឯកជន។ ពួកខ្ញុំមិនបានបំផ្លាញអីពួកគាត់ទេ​ ខ្ញុំគ្រាន់តែវាយចានឆ្នាំងខ្ញុំទេ ព្រោះគាត់មិនចេញមកជួប គាត់លែងឆ្កែមកឲ្យខាំពួកខ្ញុំទៀត នៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន  ហើយបូមទឹកបង្ហូរមិនឲ្យពួកខ្ញុំអង្គុយបានទេ។ នេះហើយគាត់អះអាងអំណាច អាងលុយរបស់គាត់ គាត់ធ្វើអ្វីក៏បានដែរ ចំពោះអ្នកមាន អ្នកក្ររងចាំតែរងគ្រោះ និងថ្ងៃស្លាប់»។

ពលរដ្ឋបុរីកីឡាម្នាក់ទៀត អ្នកស្រី ភោគ សុភីន លើកឡើងថា ពួកគាត់ទៅតវ៉ានៅមុខផ្ទះរបស់អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផាន អ៊ីម៉ិច កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យដោះស្រាយបញ្ចប់បញ្ហាដីធ្លីដល់ពួកគាត់ ប៉ុន្តែបែរជាត្រូវបានម្ចាស់ក្រុមហ៊ុនមួយនេះ ប្ដឹងពួកគាត់ទៅវិញ។

សកម្មជនដីធ្លីអតីតបឹងកក់ និងបុរីកីឡាមានឈ្មោះ ស៊ា ណារ៉េត ឈ្មោះ ភោគ សុភីន និងឈ្មោះ អ៊ីម ស្រីទូច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅតុលាការដើមខែវិច្ឆិកានេះ ពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ​ដែលប្ដឹងដោយម្ចាស់​ក្រុមហ៊ុន​ ផាន អ៊ីម៉ិច ។

មន្ត្រីសិទ្ធិមនុស្ស និង ជាប្រធានផ្នែកសិទ្ធិសង្គម និងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការប្រចាំកម្ពុជា លោកស្រី ហ្គាលីយ៉ាន ប៉ាឡៃរ៉េត បានចេញមកទទួលញត្តិសម្រាប់ទុកឲ្យលោកស្រី រ៉ូណា ស្មីត ហើយថ្លែងថា ស្ថាប័នរបស់លោកស្រីតែងតែតាមដានបញ្ហាបឹងកក់ បុរីកីឡា និងក៏ដូចជាជម្លោះដីធ្លីផ្សេងៗទៀតដែលកំពុងកើតមាននៅកម្ពុជា។

បេ​​សកកម្មរបស់លោកស្រី រ៉ូណា ស្មីត មកកម្ពុជា ពេលនេះ មានរយៈពេល១១​ថ្ងៃចាប់​ពី​ថ្ងៃទី២៩​ ខែតុលា​ ដល់ថ្ងៃ​ទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ។ រហូតដល់ថ្ងៃទី៣១ខែតុលានេះ លោកស្រីបានជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ហើយតាមគម្រោងលោកស្រីនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ។​

អ្នកមានជម្លោះដីធ្លីមួយក្រុមនៅតំបន់បឹងកក់និងបុរីកីឡា បានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យលោកស្រី រ៉ូណា ស្មីត ជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារបស់ពួកគេ នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ