កូនអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តវ៉ាករណីធនាគាររឹបអូសកន្លែងកប់សពឪពុក

នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨ ពលរដ្ឋជាង២០០នាក់មកពីខេត្តព្រៃវែងដែលអះអាងថា ជាសាច់ញាតិលោក ស៊ិន វិសាល ប្រមូលផ្តុំតវ៉ានៅភ្នំពេញនៅផ្ទះលោក ស៊ិន សុង ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់លោក ស៊ិន វិសាល នៅក្បែរក្រសួងមហាផ្ទៃ។​ ការតវ៉ានេះប្រឆាំង ធនាគារបន្តរឹបអូសយកទ្រព្យក្រុមគ្រួសារលោក ស៊ិន វិសាល។​ (រូបភាព៖ ខាន់ លក្ខិណា)

កូនអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងសម័យរដ្ឋកម្ពុជា​ បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយករណីធនាគារកាណាឌីយ៉ារឹបអូសយកដីកន្លែងផ្នូរកប់សពឪពុក និងមានគម្រោង រឹបអូសយកផ្ទះនិងដីមួយចំនួនទៀត។​

កូនប្រុសលោក ស៊ិន សុង គឺលោក ស៊ិន វិសាល នៅថ្ងៃនេះបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមដោយអំពាវនាវសុំជួបជាមួយថ្នាក់ដឹកធនាគារកាណាឌីយ៉ា ដើម្បីសងបំណុលដែលម្តាយលោកជំពាក់ចំនួន៦លានដុល្លារកាលពីឆ្នាំ២០១២ ចៀសវាងកុំឲ្យរឹបអូសផ្ទះ និងដីចំនួន៦កន្លែងផ្សេងទៀត។​

លោក ស៊ិន វិសាល ឲ្យដឹងទៀតថា ដីកប់សពឪពុករបស់លោកនៅស្រុកគៀនស្វាយ ខេត្តកណ្តាល ត្រូវធនាគាររឹបអូសកាលពីឆ្នាំ២០១៥ ហើយថា ពេលនេះធនាគារមានបំណងរឹបអូសយកផ្ទះនិងដីចំនួន៦កន្លែងផ្សេងទៀត។​ លោក ស៊ិន វិសាល ចោទថា តំណាងធនាគារ កាណាឌីយ៉ា គេចវេសមិនទទួលយកបំណុលដែលលោកសង ដោយចង់រឹបអូសទ្រព្យសម្បត្តិក្រុមគ្រួសារលោកមានតម្លៃច្រើនជាងរាប់សិបដងនៃបំណុល។

លោក អំពាវនាវឲ្យលោក ហ៊ុន សែន ជួយដោយថា ឪពុកលោកក៏ធ្លាប់តស៊ូជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងការកសាងជាតិ។

លោក ស៊ិន វិសាល៖«ក្មួយ ស៊ិន វិសាល !ក្មួយមានតែម្រាមដៃ១០ ដើម្បីជម្រាបគោរព លោកពូ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន​ ពីចម្ងាយ ក្មួយមានតែសំនូមពរ សម្តេចពូសម្តេចមីងមេត្តាសន្តោសប្រណីជួយសម្របសម្រួល ក្នុងការសងបំណុលទៅ ធនាគារកាណាឌីយ៉ា សូមឲ្យលោកពូ សម្តេច សម្តេចមីង ជួយសម្របសម្រួលទៅដល់ធនាគារកាឌីយ៉ា ឲ្យគាត់ព្រមទទួលសំណងក្មួយ ស៊ិន វិសាល​ចំនួន៦លានដុល្លារសងជំនួយម្តាយក្មួយ ។»

នៅព្រឹកនេះពលរដ្ឋជាង២០០នាក់មកពីខេត្តព្រៃវែងដែលអះអាងថា ជាសាច់ញាតិក៏មកប្រមូលផ្តុំតវ៉ានៅភ្នំពេញនៅផ្ទះលោក ស៊ិន សុង ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់លោក  ស៊ិន វិសាល នៅក្បែរក្រសួងមហាផ្ទៃ។​ ការតវ៉ានេះប្រឆាំង ធនាគារបន្តរឹបអូសយកទ្រព្យក្រុមគ្រួសារលោក ស៊ិន វិសាល។​

វីអូឌីបានព្យាយាមសុំការឆ្លើយតបពីអគ្គនាយករង​នៃ​ធនាគារ​កាណាឌីយ៉ាលោក ឆា​រស៍ វ៉ាន់ ប៉ុន្តែទូរសព្ទចូលគ្មានអ្នកទទួល។ វីអូឌីបានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ​នៃ​ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី  ដើម្បីសុំឲ្យពន្យល់ពីនីតិវិធី នៃការរឹបអូស ប៉ុន្តែទូរសព្ទមិនមានអ្នកទទួល។

ប្រធានគ្រប់គ្រង់ផ្នែកអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញទៅអាជ្ញាធរធ្វើការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យមានយុត្តិធម៌ ដើម្បីកុំឲ្យផ្ទុះការតវ៉ារហូតដល់ធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាលដូចពីអតីតកាលនៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោកថា៖«ទប់ស្កាត់និងចាត់វិធានការចំពោះបុគ្គលដែលមានអំណាច មានលុយដែលរំលោភបំពានទៅលើដីធ្លីប្រជាពលរដ្ឋហ្នឹង យើងត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយការដោះស្រាយទោះបីជាអ្នកហ្នឹង មានឋានៈបុណ្យស័ក្តិ មានឋានៈយ៉ាងណាក៏ដោយ បើសិនជារំលោភបំពានដីប្រជាពលរដ្ឋ យើងក៏អាចកាត់ ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋ អាហ្នឹងបានអាចដោះស្រាយទៅបាន ជាបន្តទៅទៀត យើងត្រូវមានវិធានការ ដើម្បីទប់ស្កាត់និងការពារផលប្រយោជន៍ប្រជាពលរដ្ឋតាមរយៈពេលផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យប្រជាពលរដ្ឋមានលំហ្នឹង»។

ទាក់ទិននឹងការដាក់បញ្ចាំទ្រព្យសម្បត្តិវិញ លោក អំ សំអាត ថា រដ្ឋាភិបាលគួរតែធ្វើការពិនិត្យមើលលក្ខខណ្ឌ និងការអនុវត្តច្បាប់របស់ធនាគារទាំងអស់នោះ ដើម្បីកុំមានបញ្ហាទៅថ្ងៃមុខ។

លោកថា៖«រដ្ឋាភិបាលត្រូវតែគិតគូរដែរ  ទាក់ទងនឹងធនាគារទាំងអស់ តើលក្ខខណ្ឌយ៉ាងម៉េច អាហ្នឹងវាជារឿងជំនួញមួយទៀត ដែលយើងត្រូវមើលទាំងអស់ហ្នឹង ដើម្បីធ្វើការទប់ស្កាត់ ហើយដូចកន្លងមក សម្ដេចធ្លាប់លើកឡើងថា រាល់ធនាគារទាំងអស់ដែលត្រូវដាក់បញ្ចាំ មានធនាគារខ្លះ គាត់ត្រូវរឹបអូសមិនឆ្លងកាត់តុលាការអីជាដើម អាហ្នឹងសុទ្ធតែជារឿងខុសច្បាប់ហើយ អញ្ចឹងយើងត្រូវអនុវត្តទៅតាមផ្លូវច្បាប់»។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង ដែល វីអូឌី ទទួលបានកាលពីថ្ងៃទី២៥ ខែតុលា បាន​ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៨នេះ ក្រសួងទទួលបានបណ្តឹងពីប្រជាពលរដ្ឋរឿងវិវាទដីធ្លីចំនួន ៩១៣១​ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន ៣ ៩៦០ករណី ច្រានចោលចំនួន ២៨៥៤​ករណី ហើយដកពាក្យបណ្តឹងវិញចំនួន ៨៥៨ករណី និងកំពុងដំណើរការដោះស្រាយមានចំនួន ១៤៥៩ករណី។

របាយការណ៍ដដែលឲ្យដឹងទៀតថា គិតមកដល់ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងសម្រេចចែកប័ណ្ណដល់ដៃប្រជាពល​រដ្ឋបានចំនួន ៤ ៨១២ ០៥៥​ប័ណ្ណ ស្មើនឹង ៦៨.៧៤ភាគរយ នៃក្បាលដីប៉ាន់​ប្រមាណ ៧លានក្បាលដី៕

នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨ ពលរដ្ឋជាង២០០នាក់មកពីខេត្តព្រៃវែងដែលអះអាងថា ជាសាច់ញាតិលោក ស៊ិន វិសាល ប្រមូលផ្តុំតវ៉ានៅភ្នំពេញនៅផ្ទះលោក ស៊ិន សុង ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់លោក ស៊ិន វិសាល នៅក្បែរក្រសួងមហាផ្ទៃ។​ ការតវ៉ានេះប្រឆាំង ធនាគារបន្តរឹបអូសយកទ្រព្យក្រុមគ្រួសារលោក ស៊ិន វិសាល។​ (រូបភាព៖ ខាន់ លក្ខិណា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ