តុលាការខេត្ត​កំពង់ចាមដោះ​លែង​អគ្គនាយក​សារព័ត៌មាន TNM ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ចាប់​ខ្លួន

​​អគ្គនាយក​ទូរទស្សន៍​អន​ឡាញ​ TNM  លោក សែម បូរ៉ា។ (រូបភាព៖ ហ្វេសប៊ុកលោក Tnm Sem Bora)

មន្ត្រីតុលាការខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​នេះ បាន​សម្រេច​ដោះ​លែង​​​អគ្គនាយក​ទូរទស្សន៍​អន​ឡាញ​ TNM  លោក សែម បូរ៉ា វិញ ប៉ុន្តែ ត្រូវ​បាន​ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងសមត្ថកិច្ច បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរបានសម្រេចមិនធ្វើការឃុំខ្លួនលោក សែម បូរ៉ា នោះទេ ប៉ុន្តែ លោក​ថា តុលាការ​តម្រូវ​​ឲ្យ​អ្នក​កាសែត​រូប​នេះ ទៅបង្ហាញខ្លួន​ទៅ​តាមការ​កោះហៅរបស់តុលាការ និង​ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាល​ជាប់ទីលំនៅនៅ​រៀង​រាល់​ខែ។

នៅ​ពេល​សាក​សួរ​អំពី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​អ្នក​កាសែត​រូប​នេះ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​រូប​នេះ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នោះ​ឡើយ។

លោក ជុំ ណារ៉ាន់ ប្រាប់​ថា៖ «អាហ្នឹង យើងដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ អាហ្នឹងដូចជាឲ្យនៅ​ក្រៅឃុំបណ្ដោះអាសន្នអញ្ចឹង។ ខ្ញុំមិនអាចឆ្លើយបានទេ អាហ្នឹង វាអាស្រ័យលើចៅក្រមស៊ើបសួរទេ។ អាហ្នឹង កិច្ចការខ្ញុំបានតែប៉ុណ្ណឹងទេ»

អគ្គនាយកទូរទស្សន៍អនឡាញ TNM  លោក សែម បូរ៉ា ត្រូវបានស្នងការនគរបាល​ខេត្តកំពង់ចាមចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា​កន្លង​មក​នេះ បន្ទាប់​ពី​រង​បណ្ដឹង​ចោទ​ថា បាន​ឆបោក​ប្រាក់នៅ​ក្នុង​ជំនួញ​ដី​ធ្លី​មាន​តម្លៃ​ជិត៣០​ម៉ឺន​ដុល្លារ​ជាមួយ​ពលរដ្ឋ៨​គ្រួសារ​នៅ​ឯឃុំ​សំបូរ ស្ថិត​ក្នុង​​ស្រុក​បាធាយ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពី​លោក សែម បូរ៉ា បានទេ ប៉ុន្តែ និពន្ធនាយក​សារព័ត៌មាន TNM លោក ម៉ែន សុជាតា ថ្លែងថា លោក សែម បូរ៉ា បានដាក់តម្កល់ប្លង់ផ្ទះ ដើម្បីបាននៅក្រៅឃុំ។ លោកចាត់ទុកករណីប្រឆាំងលោក សែម បូរ៉ា ថា ធ្វើឡើងតក់ប្រហល់។

លោក ម៉ែន សុជាតា មាន​ប្រសាសន៍​ថា៖ «សមត្ថកិច្ចហាក់បានចាត់វិធានការលឿនពេក។ នេះខ្ញុំនិយាយទាក់ទងរឿងប្រឆាំងលោក សែម បូរ៉ា នៅកំពង់ចាម»

ដើមបណ្ដឹង លោក ទេព ភារម្យ ប្រាប់វីអូឌីនៅថ្ងៃនេះថា លោក និងប្រជាពលរដ្ឋ ២​គ្រួសារទៀត បានប្ដឹងអគ្គនាយកទូរទស្សន៍អនឡាញ TNM ដើម្បីទាមទារឲ្យលោក សែម បូរ៉ា ប្រគល់ដី និងសងប្រាក់ទៅ​ឲ្យពួកគាត់វិញតែប៉ុណ្ណោះ ដោយថា លោកមិនចង់ឲ្យតុលាការចាប់លោក សែម បូរ៉ា ដាក់ពន្ធនាគារ។ លោកបន្តថា ប្រាក់ដែលលោកប្ដឹងទាមទារពីលោក សែម បូរ៉ា មានចំនួន​ជិត ៣០ ម៉ឺនដុល្លារ។

លោកថា៖ «ពូចង់បានដីរបស់ពូដែលបានទិញពីលោក សែម បូរ៉ា នោះទេ ពូមិនចង់បានអី យកមនុស្សដាក់គុក ឬយកមនុស្សដាក់ច្រវាក់អីទេ។ ទី១ ពូចង់បានដីដែលទិញពី បូរ៉ា ហើយអ្នកម្ចាស់លុយ​ក៏ពូប្រាប់គេដែរ យើងយកមនុស្សដាក់គុកធ្វើអី ឲ្យមនុស្សនៅក្រៅឃុំទៅ គ្នារកលុយមកឲ្យយើងវិញទៅ។ ដល់ពេលនេះ តុលាការធ្វើអញ្ចឹងមែន ពូក៏សប្បាយចិត្តដែរ ពេលដែលគេចេញវិញនេះ ពូសប្បាយដែរតើ!»

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា យល់ថា ករណី​ចាប់​ខ្លួន​អគ្គ​នាយក​ស្ថាប័ន​សារព័ត៌មាន TNM មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រតិបត្តិ​វិជ្ជា​ជីវៈ​សារព័ត៌មាន​នោះ​ឡើយ ហើយ​លោក​ថា វា​ពាក់​ព័ន្ធ​នឹង​រឿង​ឯកជន​របស់​បុគ្គល​តែ​ប៉ុណ្ណោះ។

លោកថា៖ «អញ្ចឹង វាខុសគ្នាណាស់ បើសិនជាអូខេ ចុះទៅរឿងយកព័ត៌មានហើយអ្នកណាគំរាមកំហែង ចាប់ខ្លួនដោយសារ​គាត់ធ្វើព័ត៌មានឬមួយគាត់ចុះទៅយកព័ត៌មាន អាហ្នឹង វាពាក់ព័ន្ធវិស័យសារព័ត៌មាន ប៉ុន្តែ លោក សែម បូរ៉ា យើងឃើញទាំងអស់គ្នាមិនមែនទេ គឺរឿងដីធ្លីអញ្ចឹងណាស់»

អ្នក​កាសែត២​រូប​របស់​ស្ថាប័ន​សារព័ត៌មានអនឡាញ TNM ប្រចាំ​ខេត្ត​ពោធិ៍សាត់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ​កាល​ពីថ្ងៃ​ទី​១៧ ខែ​កញ្ញា អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​ចុះ​យក​ព័ត៌មាន​អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​ពី​សំណាក់​ក្រុមហ៊ុន ទ្រី ភាព នៅ​ឃុំ​ថ្មបាំង ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់។

អ្នក​កាសែតទាំង ២​រូប​នោះ ត្រូវ​បាន​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ប្ដឹង​ចោទ​ថា បាន​ញុះញង់និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ប៉ុន្តែ ត្រូវ​បាន​ដោះ​លែង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន។

ចំណែក​ឯ​អ្នក​កាសែត​មួយ​រូប​ទៀត​របស់​ស្ថាប័ន​សារព័ត៌មាន TNM ប្រចាំ​នៅ​ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កោះហៅ​ផង​ដែរកាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​មក​នេះ បន្ទាប់​ពីប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា លោក ឌិន ប៊ុនធៀន បាន​ប្ដឹង​ចោទ​ថា បាន​បរិហារ​កេរ្តិ៍​ជា​សាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ