លីកាដូជំរុញរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំបណ្ដោះអាសន្នជាស្រ្តីមានកូនតូចនៅជាមួយ

ស្ដ្រីដែលជាប់ក្នុងពន្ធនាគារ ជាមួយនឹងកូនតូចៗរបស់ពួកគេ។ (រូបភាព៖ របាយការណ៍សង្ខេបចេញផ្សាយ ខែតុលា ឆ្នាំ២០១៨ របស់អង្គការលីកាដូ)

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានជំរុញទៅរដ្ឋាភិបាល ឲ្យអនុវត្តនីតិវិធីដោះលែងជនជាប់ឃុំបណ្ដោះអាសន្ន ឲ្យនៅក្រៅឃុំ ដោយថា វិធីនេះនឹងជួយកាត់បន្ថយចំនួនអ្នកជាប់ឃុំដ៏ច្រើនលើសលប់ក្នុងពន្ធនាគារ និងក្រុមមនុស្សងាយរងគ្រោះ។

ក្នុងរបាយការណ៍មានចំណងជើងថា «ពេលដែលដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ដែលចេញកាលពីថ្ងៃម្សិលមិញនេះ អង្គការលីកាដូបានរកឃើញថា ចំនួនកុមារក្រោមអាយុ ៣ឆ្នាំដែលជាប់ឃុំជាមួយម្ដាយរបស់ពួកគេនៅក្នុងពន្ធនាគារ បានកើនឡើងពីចំនួន ៣០នាក់នៅចុងឆ្នាំ២០១៥ មកដល់ចំនួន ១៣៨នាក់ គិតត្រឹមខែកក្កដាឆ្នាំ២០១៨នេះ។

អង្គការលីកាដូ បានលើកឡើងក្នុងរបាយការណ៍កម្រាស់ ១៦ទំព័រនេះថា ចំនួនកុមារអាយុក្រោម ៣ឆ្នាំនៅក្នុងពន្ធនាគារ បានកើនឡើងខ្ពស់បំផុតដល់ចំនួន ១៧៩នាក់កាលពីឆ្នាំ២០១៧កន្លងមកនេះ។

បើតាមអង្គការលីកាដូ កុមារទាំងនោះ បានស្ថិតនៅក្នុងមណ្ឌលឃុំឃាំងជាមួយម្ដាយរបស់ពួកគេ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នទាំងមិនត្រឹមត្រូវ ហើយស្ត្រីទាំងនោះ មិនត្រូវបានដោះលែងឲ្យស្ថិតក្រៅពន្ធនាគារបណ្ដោះអាសន្ននោះឡើយ។

អង្គការការពារសិទ្ធិមួយនេះ បានរកឃើញថា កុមារទាំងនោះ គឺស្ថិតក្នុងចំណោមក្រុមជនជាប់ឃុំងាយរងគ្រោះបំផុត។

អង្គការលីកាដូបានលើកឡើងថា  ខណៈដែលហេតុផលនយោបាយ អាចជាដើមហេតុនាំឲ្យគ្មានការដោះលែងឲ្យនៅក្រៅឃុំនូវជនជាប់ឃុំដែលជាអ្នករិះគន់រដ្ឋាភិបាល និងតួអង្គមានអំណាចដទៃទៀតនោះ ប៉ុន្តែ ជនជាប់ឃុំសាមញ្ញក៏មិនត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះ​អាសន្នផង​ដែរ។

បើតាមលីកាដូ ការដោះលែងនៅស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន គឺជាដំណោះស្រាយ ដែលអង្គការនេះយល់ថា នឹងជួយកាត់បន្ថយចំនួនដ៏ច្រើនលើសលប់នៃជនជាប់ឃុំក្នុងពន្ធនាគារ និងជនងាយគ្រោះផងដែរ។

អង្គការនេះ បានលើកឡើងទៀតថា ការអនុវត្តនីតិវិធីដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយត្រឹមត្រូវ ក៏នឹងជួយកាត់បន្ថយការរំលោភ​បំពាននានាផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព មានប្រសាសន៍ថា រដ្ឋាភិបាលសម្រេចបន្ធូរបន្ថយ និងលើក​លែងទោសដល់ទណ្ឌិតណាម្នាក់ គឺធ្វើឡើងតាមច្បាប់ និងលក្ខខណ្ឌមនុស្សធម៌ផ្សេងៗទៀត ប៉ុន្តែ យ៉ាងណា លោកថា ពេលរដូវលើកលែងទោសម្តងៗ គឺរដ្ឋាភិបាលតែងតែពិនិត្យ និងផ្តល់ឱកាសដល់ស្រ្តីជាប់ពន្ធនាគារ​មានកូននៅជាមួយ។

លោកបន្ថែមថា៖ «ចង់ជម្រាបជូនថា រដ្ឋាភិបាលលោកតែងតែគិតគូរប្រភេទទណ្ឌិតណាដែលមានលក្ខខណ្ឌក្នុងការ​ផ្តល់នៅការសម្រាលពាក់ព័ន្ធមនុស្សធម៌ និងលក្ខខណ្ឌមួយចំនួនដែលតម្រូវ។ អញ្ចឹង វាមិនសំខាន់លើអង្គការគាត់​ស្នើរទៅ ទើប​បាន​រដ្ឋាភិបាលធ្វើការពិចារណានោះទេ គឺយើងតែងតែគិតគូរនូវផលប្រយោជន៍ទាំងអស់នេះ ហើយ​រាល់ឱកាសម្តងៗនៃការបន្ធូរបន្ថយ និងលើកលែងទោស យើងតែងតែពិនិត្យស្រ្តីដែលមានកូន។ នេះលក្ខខណ្ឌចាំ​បាច់មួយក្នុងការ​ពិនិត្យ បើសិនយើងអាចសណ្តោសប្រណីដល់គាត់ យើង​នឹងធ្វើក្នុងលក្ខខណ្ឌច្បាប់អនុញ្ញាត»

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក សន កែវ មានប្រសាសន៍ថា ស្ត្រីដែលពន្ធ ធនាគារមានកូនតូចនៅជាមួយ និងស្រ្តីមានផ្ទៃពោះ គឺខាងពន្ធធនាគារបានយកចិត្តដាក់ខ្ពស់ជាងជនជាប់ឃុំ ទូរទៅ​។

លោកបន្តថា ខាងបានផ្តល់ជាអាហារហូបចុក សំភារៈប្រើប្រាស់ផ្សេងៗ និងទំនាក់អង្គការនានាឲ្យជួយផ្តល់ អាហាររូបត្ថមផ្សេងៗជាដើម។

លោកបន្ថែមថា«សម្រាប់ជនជាប់ឃុំដែលមានកូនតាមម្តាយទោះច្បាប់មិនបានកំណត់ក៏យើងផ្តល់របដូចជនជាប់ ឃុំម្នាក់ដែរ របបហូបចុក របស់ប្រើប្រាស់ផ្សេងៗ។ ហើយសម្រាប់ខាងពន្ធធនាគារ ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតាមម្តាយគឺត្រូវបានយកចិត្តទុកដាក់ថែទាំខ្ពស់ជាងជនជាប់ឃុំទូរទៅ បើកូនគាត់យើងទំនាក់ទំនងជា មួយអង្គការផ្សេងៗផ្តល់ជាអាហាររូបត្ថម និងរបស់របផ្សេងៗដូចនៅម២មានកន្លែងមតេយ្យឲ្យក្មេងលេង»

របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន ទណ្ឌិតដែលជាប់ពន្ធនាគារនៅទូទាំងប្រទេសមានប្រមាណ ៣១ ២២៦នាក់ ក្នុងនោះស្រី ២ ៦៦៣​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ