ក្រុមហ៊ុនចិនគ្រោងកែច្នៃសំរាមនៅខេត្តពីរ ខណៈនៅភ្នំពេញពុំទាន់មានដៃគូវិនិយោគ

ទីតាំងចាក់សំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញនៅឆ្នាំ 2016 ។ (រូបភាព៖ http://dumpsiteministry.org)

ក្រុម​ហ៊ុនចិន​មួយគ្រោងវិនិយោគ​លើ​ការកែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី​នៅ​ខេត្តចំនួន​ពីរ​ក្នុង​ប្រទេសកម្ពុជា​ ខណៈ​ទីលាន​ចាក់សំរាម​ចាស់ស្ទឹងមានជ័យនិងនៅ​​​បឹងជើងឯកក្នុង​រាជធានីភ្នំពេញ​ នៅ​មិន​ទាន់​រកឃើញ​ដៃគូ​វិនិយោគដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នៅឡើយ​។

តាមសេចក្តីប្រកាសព័ត៌មាន​រ​បស់​ក្រសួងបរិស្ថាន​កាល​ពីថ្ងៃទី២៦​ ខែតុលា ​ឆ្នាំ​២០១៨​​ បាន​ឲ្យ​ដឹងថា តំណាង​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Shandong Wangeng Energy Technology Co.,LTD បាន​ជួប​ជាមួយ ​លោក សាយ សំអាល់​ រដ្ឋមន្ត្រីក្រសួង​បរិស្ថានកាល​ពី​​ថ្ងៃទី​២៥​ ខែតុលា​ ដើម្បី​​ពិភាក្សា​ការងារអំពី​ការ​វិនិយោគលើ​ការ​កែច្នៃសំរាមទៅជា​ថាមពល​អគ្គិសនីនៅ​ខេត្តចំនួន​ពីរ​គឺខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត ភក្រ្តា មាន​ប្រសាសន៍ថា អំឡុង​ជំនួប​ពិភាក្សា​ការ​ងារនេះ លោក សាយ​ សំអាល់ បាន​ស្តាប់​​បទបង្ហាញ​របស់​តំណាង​ក្រុម​ហ៊ុន Shandong Wangeng Energy Technology Co.,LTD ជាក្រុម​ហ៊ុន​មក​ពីប្រទេស​ចិន​និង​មានបទពិសោធ​ន៍​លើ​ការងារផលិត​ចរន្តអគ្គិសនី​ដោយ​ការ​ដុតសំរាម ហើយថា ក្រសួងគាំទ្រ​​គម្រោង​របស់​​​ក្រុម​ហ៊ុនចិន​​ដែលបាន​​លើកឡើង​នេះ។

លោក ភក្រ្តា បានមាន​ប្រសាសន៍ថា៖ «​យើងគាំទ្រ​គំនិតនេះ ដោយសារតែបញ្ហា​សំខាន់​គឺការ​ប្រើប្រាស់សំរាមមក​ដុតនេះ គឺជា​ផ្នែក​មួយ​ជួយកាត់​បន្ថយ​នូវទំហំ​នៃសំរាម​នៅក្នុង​ប្រទេសកម្ពុជារបស់យើង»។

ក្រុម​ហ៊ុន​គ្រោងចំណាយ​ថវិកាជាង​៨០​លានដុល្លារ​លើ​គម្រោង​វិនិយោគ​ដុតសំរាម​ផលិត​ជា​ចរន្ត​អគ្គិសនី​ក្នុង​ខេត្តទាំង​ពីរ​ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​រូបនេះ។

លោក ភក្រ្តា បាន​បន្ថែម​ថា ​ប្រសិនបើ​គម្រោងវិនិយោគនេះលេចចេញជា​រូប​រាងមែន កម្ពុជាអាចទទួល​បាន​ផល​ប្រយោជន៍​ពីការវិនិយោគ ដោយ​អាចកាត់បន្ថយការ​យក​សំរាមទៅបោះ​ចោលដោយ​គ្មាន​ប្រយោជន៍ និងអាចជួយ​សម្អាតបរិស្ថានព្រមទាំង​ការ​ពារបរិស្ថាន​មិន​ឲ្យ​មាន​សំរាមរាយប៉ាយ។

លោក ភក្រ្តា មាន​ប្រសាសន៍ថា៖ «​បើសិន​ជា​យើង​មានការ​វិនិយោគនេះឡើង គឺវាអាចជួយកាត់បន្ថយ​នូវ​អត្រាសំរាម​យក​ទៅបោះចោល ហើយ​យើងអាចនឹង​ទាញយក​ផល​ពី​​​​​​​សំរាម​ទាំង​អស់នេះ»។

ទោះបីជាយ៉ាងណាលោក នេត ភក្ត្រា បាន​បញ្ជាក់ថា ​លោកមិន​អាចកំ​ណត់ពេលវេលាជាក់លាក់​ថា គម្រោងនេះ​នឹង​លេចចេញជារូបរាងនៅពេលណានោះទេ ដោយ​សារ​ក្រសួង​ត្រូវ​ការ​ពេលវេលា​ ដើម្បី​សិក្សា​ពិនិត្យលម្អិតសិន​ ថាតើ​គម្រោងនេះវាមាន​ផលប៉ះពាល់​យ៉ាងណា​ខ្លះ ហើយ​ថា ការយក​សំរាម​មក​ដុតធ្វើជា​អគ្គិសនី ​គឺត្រូវ​គោរពទៅតាមបទដ្ឋាន​នៃបច្ចេកទេស​ ដើម្បី​កុំឲ្យមាន​ផល​ប៉ះពាល់។

អាជ្ញាធររាជធានី​ភ្នំពេញ​បាន​បិទទីលាន​ចាក់សំរាម​ដំបូង​បង្អស់របស់ខ្លួន​នៅ​សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន​ជ័យ​ កាល​ពីឆ្នាំ​២០០៩ និង​បាន​ផ្ទេរទៅ​ប្រើ​ប្រាស់​ទីលាន​ចាក់សំរាម​ជើងឯកនៅលើ​ផ្ទៃដី​៣៤​ហិកតា​ ស្ថិតនៅ​សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ ដែលជា​ទីលាន​ចាក់សំរាម​ថ្មីហើយ​មក​ទល់ពេល​នេះ ផ្នែក​ខ្លះ​នៃទីលាន​ថ្មី​នេះ​ចាប់ផ្តើម​​ពេញ​រួច​ទៅហើយនោះ។

លោក ម៉េត មាសភក្តី ជាអ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ​បាន​មាន​ប្រសាសន៍ថា ​កន្លង​មក​មាន​ក្រុមហ៊ុន​ឯកជនជាច្រើន​បាន​ធ្វើ​បទបង្ហាញពីសក្ដានុពលរបស់​​ខ្លួន​ឬពីគោលបំណង​ក្នុង​ការ​វិនិយោគកែច្នៃសំរាម​នៅទីតាំងទាំងពីរ​នេះ​ ប៉ុន្តែ​ដោយសារ​នេះគឺជាកិច្ច​ការ​​ងារសំខាន់ ដូច្នេះ ក្រុមហ៊ុនទាំង​នោះបាន​ត្រឹម​សិក្សា​ ហើយ​រហូត​មកទល់​ពេល​នេះមិនទាន់​មាន​ក្រុម​ហ៊ុន​ណាមួយមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​​ ដើម្បី​​វិនិយោគពិតប្រាកដលើ​គំនរសំរាម​ទាំង​ពីរ​កន្លែងនេះនៅឡើយ​។

លោក មាសភក្តី មាន​ប្រសាសន៍ថា៖ «សរុបមក​ថា ​មិន​មាន​ក្រុមហ៊ុនណា​ដែល​មាន​លក្ខណៈសម្បត្តិសមស្រប ​គ្រប់គ្រាន់ល្អ ដែល​អាចធ្វើ​ការ​វិនិយោគលើ​រឿងហ្នឹង»។

លោកបន្ថែម​ថា ស្របពេល​កំណើន​សំរាម​បន្តកើន​ឡើង​ពីមួយ​ថ្ងៃទៅមួយថ្ងៃទៅតាម​កំណើន​របស់​ប្រជា​ពលរដ្ឋ បញ្ហា​សំរាម​នៅ​តែ​ជា​កង្វល់​មួយដែល​ត្រូវការ​​គិត​គូរ​និង​យក​ចិត្ត​ទុក​ដាក់​រកដំណោះស្រាយ​តាំងពី​ទី​លាន​ស្តុក​សំរាម​ ការ​វិចខ្ចប់​និង​ការ​ប្រមូល​ជា​ដើម ហើយ​ថា អាជ្ញាធររាជធានីកំពុង​គិតគូរពីបញ្ហា​នេះនិង​បន្ត​ស្វាគមន៍បណ្តាក្រុមហ៊ុន​ដែល​មាន​បំណង​វិនិយោគលើកិច្ច​ការ​ទាំង​អស់នេះ​។

លោក មាសភក្តី មាន​ប្រសាន៍ថា៖ «នេះគឺជា​កិច្ច​ការ​ល្អ​។ បើយើង​មាន​លទ្ធភាព​មួយ​ដែល​យើង​ត្រូ​វប្រើ​សំរាម​របស់យើង​ឲ្យកើត​ទៅ​ជា​ប្រយោជន៍ រឿង​អីយើង​មិន​ធ្វើ​រឿងហ្នឹង»។

នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត  លោក សឿង សារ៉ន បាន​មាន​ប្រសាសន៍ថា តាម​រយៈការ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋដែល​រស់នៅ​សហគមន៍​ក្បែរ​ទីលាន​ចាក់សំរាម​នោះ លោក​ទទួល​បាន​ព័ត៌មាន​និង​ការ​ត្អូញត្អែរ​របស់​ពួកគាត់​​អំពី​ក្លិន​សំរាម​និង​ផលប៉ះពាល់ដល់​សុខភាពរបស់ពួកគាត់ ​​ជាពិសេស​កុ​មារនិង​ស្ត្រីដែលពួក​គាត់​ចំណាយ​ពេល​ភាគច្រើន​នៅ​ផ្ទះ​។

 លោក សារ៉ន បានមាន​ប្រសាសន៍ថា៖ «ប៉ុន្តែ​នៅ​ភ្នំពេញវិញ យើង​គួរ​ពិចារណា​ឲ្យ​មាន​ការ​ធ្វើកែច្នៃសំរាម​យ៉ាងណា​ឲ្យ​លឿន ដើម្បី​បំបាត់ក្លិនស្អុយ​និង​ផល​ប៉ះពាល់​ដល់​សុខ​ភាព​របស់​ប្រជាពលរដ្ឋ»។

ទាក់ទិន​នឹង​គម្រោងវិនិយោគ​របស់​ក្រុមហ៊ុន Shandong លោកមាន​ប្រសាសន៍ថា ក្នុងនាមអង្គការសង្គមស៊ីវិល​ លោកគាំទ្រ​គំនិត​ផ្តួចផ្តើម​វិនិយោគបែបនេះ ប៉ុន្តែ​អាជ្ញាធរនិង​ក្រុមហ៊ុន​ដែលពាក់ព័ន្ធត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការដុតសំរាម ​ដើម្បី​ផលិតជា​អគ្គិសនី​មាន​ផល​ប៉ះពាល់​តិច​ឬក៏ច្រើន​លើ​បរិស្ថាន ហើយកន្លងមក​លោកសង្កេតឃើញថា គម្រោងអភិវឌ្ឍមួយចំនួន​មិន​សូវ​មាន​ការសិក្សា​ឲ្យ​បាន​ច្បាស់​លាស់ទេ។

លោក សារ៉ន បានបន្ថែមថា៖ «​យើង​អាចមើលគំរូថា តើ​ប្រទេសណាខ្លះ​ហើយ​ដែល​គេធ្វើបែបហ្នឹង។ ជោគជ័យឬបរាជ័យ?។ អាហ្នឹងគឺជា​ចំណុចមួយ​ដែល​យើង​ត្រូវ​ការ​រៀនសូត្រ កុំឲ្យ​យក​ប្រទេសកម្ពុជាយើង​ជា​កន្លែង​ដែល​តេស្តនូវ​តិចណូឡូជី​ឬបច្ចេកវិទ្យាហ្នឹង»។

សំរាម​ដែលកើត​ចេញពី​ការ​ប្រើប្រាស់​នៅទូទាំង​ប្រ​ទេសកម្ពុជា​​គឺមាន​ប្រមាណ​១ម៉ឺនតោន​ក្នុង​មួយ​ថ្ងៃ ហើយ​សម្រាប់​រាជធានី​ភ្នំពេញ​គឺមាន​ប្រមាណ​៣០០០តោន​ក្នុង​មួយថ្ងៃ ខេត្តព្រះសីហនុគឺមាន​ចន្លោះ​​ពី​៥០០​តោន​ទៅ​៦០០តោនក្នុងមួយថ្ងៃនិង​ខេត្តសៀមរាបមានពី​៣៥០តោន​​ទៅ​៤០០តោន​​ក្នុងមួយថ្ងៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ