អង្គការជាង៤០ស្នើអាជ្ញាធរ យកអ្នកប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មានមកផ្ដន្ទាទោស

អ្នកកាសែត លោក ឡាយ សាមាន ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយឲ្យរងរបួសបាក់ឆ្អឹងថ្ពាលនិងខ្លួន កាលពីឆ្នាំ២០១៤។ (រូបភាពឯកសារ | រូបភាពពីបណ្តាញសង្គម)

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន ៤២  អំពាវនាវទៅអាជ្ញាធរកម្ពុជា​ឲ្យផ្ដន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព និងស្ដារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើងវិញ​។

សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹង ក្រុម​អង្គការ​សង្គមស៊ីវិលទាំងនោះ​មានការព្រួយបារម្ភខ្លាំង ដោយថាអ្នកប្រព្រឹត្តបទល្មើសលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ពុំត្រូវបានយកផ្ដន្ទាទោសនោះឡើយ។ សេចក្តី​ថ្លែង​ការណ៍​រួម​នេះលើកឡើងទៀត​នៅពេលរដ្ឋមួយខកខានក្នុងការស៊ើបអង្កេត និងដាក់ទណ្ឌកម្មអ្នកប្រព្រឹត្តអំពើហិង្សាលើអ្នកសារព័ត៌មាននោះគឺបង្ហាញថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានត្រូវបានអនុញ្ញាតិ។

សេចក្ដីថ្លែងការណ៍នេះ ក៏អំពាវនាវទៅអាជ្ញាធរឲ្យផ្ដន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព និងស្ដារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើងវិញ ដោយថា អ្នកសារព័ត៌មានមានភារកិច្ចសំខាន់នៅក្នុងសង្គមដែលពួកគេជាភ្នែក ត្រចៀក និងជាសំឡេងរបស់ប្រជាពលរដ្ឋ។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ ស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល។ លោកចាត់ទុក អ្នកសារព័ត៌មានថាជា កញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គម ដោយជួយដល់រដ្ឋាភិបាលធ្វើការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែប្រសិនបើជនល្មើសដែលសម្លាប់អ្នកសារព័ត៌មាន មិនត្រូវយកមកផ្ដន្ទាទោសទេ មានន័យថា ការប្រើអំពើហិង្សានិងសម្លាប់អ្នកសារព័ត៌មាននឹងបន្តកើតមានទៀតនៅថ្ងៃមុខ។

លោកជំរុញទៅអាជ្ញាធរឲ្យធ្វើការស៊ើបអង្កេតការសម្លាប់អ្នកសារព័ត៌មានកន្លងមក ដោយចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ឲ្យអ្នកដែលបានស្លាប់។

លោកថា៖ «យើងមិនគិតថាជាកម្សោយនៃការអនុវត្តច្បាប់ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបើតាមគោលជំហររបស់រដ្ឋាភិបាលនិងអាជ្ញាធរ បានបញ្ជាក់ថា​ការស៊ើបអង្កេត ចំពោះបទល្មើសទាំងនោះគឺមិនទាន់បានបញ្ចប់នៅឡើយ គឺនៅតែបន្តទៅមុខទៀត។ អញ្ចឹងយើងក៏សូមលើកទឹកចិត្តឲ្យអាជ្ញាធរបន្តធ្វើការស្រាវជ្រាវនិងស្វែងរកជនល្មើសជាបន្តទៀត។ ខ្ញុំគិតថា ប្រសិនបើជាអាជ្ញាធរពិតជាមានប្រើគ្រប់យុទ្ធសាស្ត្រវិធីសាស្រ្តរបស់ខ្លួនជនល្មើសប្រហែលជាអាចរកឃើញ»។

ប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា យល់ថា ប្រសិនបើអ្នកកាសែតមួយចំនួនទទួលរងគ្រោះដោយអំពើអយុត្តិធម៌ណាមួយ ពួកគេនៅតែមានសិទ្ធិទាមទារឲ្យអាជ្ញាធរជួយរកយុត្តិធម៌ដល់ពួកគេបាន។ លោកបន្តថា មូលហេតុដែលក្លឹបអ្នកកាសែតមិនចូលរួមចេញសេចក្ដីថ្លែងការណ៍ជាមួយក្រុមអង្គការសង្គមស៊ីវិលនោះ ដោយសារលោកមើលឃើញថា វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរជាងកាលពីពេលមុនៗ។

លោកថា៖ «ស្ថានភាពបានវិវត្តទៅកាន់ភាពល្អប្រសើរ គ្មានអ្នកកាសែតដែលទទួលរងទារុណកម្ម ឧក្រិដ្ឋកម្មទៅលើអ្នកកាសែតទៀត។ ដូច្នេះ ជាស្ថានការណ៍មួយដែលយើងសង្កេតឃើញថា ល្អជាទូទៅហើយមានតែកាលពីអតីតកាលយូរហើយទេ មានបញ្ហាដូចលើកឡើងអំបាញ់មិញ។ ដូច្នេះក្លឹបអ្នកកាសែតរបស់យើងជាស្ថាប័នមួយដែលយើងធ្វើការខាងបណ្ដុះបណ្ដាល ខាងវិជ្ជាជីវៈ លើកកម្ពស់ក្រមសីលធម៌និងធ្វើម៉េចឲ្យអ្នកសារព័ត៌មានយើងគោរពវិជ្ជាជីវៈ និងពង្រឹងវិជ្ជាជីវៈឲ្យបានល្អ ដើម្បីពង្រឹងវិស័យសារព័ត៌មាន។ នេះជាតួនាទីរបស់ក្លឹបអ្នកកាសែតយើង។ យើងមិនចូលចិត្តធ្វើសេចក្ដីថ្លែងការណ៍ដែលឲ្យលឺសំឡេងទេគឺយើងធ្វើកិច្ចការជាក់ស្ដែង»។

វី.អូ.ឌី មិន​អាច​ទាក់​ទង​អ្នកនាំពាក្យក្រសួងយុត្តិធម៌ សុំ​ការ​ឆ្លើយតប​ជុំវិញ​ការ​អំពាវនាវរបស់​ក្រុម​អង្គការសង្គម​ស៊ីវិល​ទាំង៤២នេះបាន​ទេ។​

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ចាត់ទុកការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលថា​ធ្វើឡើងមិនមានភាពច្បាស់លាស់ ដោយថា អ្នកកាសែតដែលរងគ្រោះថ្នាក់កន្លងមក មិនមែនដោយសារ ចុះទៅយកព័ត៌មានហើយគ្រោះថ្នាក់នោះទេ។

លោកថា៖«យើងចង់និយាយថា​សូមឲ្យលើកករណីជាក់លាក់ថាគាត់ហ្នឹង ពេលដែលគាត់គ្រោះថ្នាក់ហ្នឹងកំពុងបំពេញភារកិច្ចជាអ្នកសារព័ត៌មានឬក៏ក្នុងនាមអីផ្សេងក្រៅពីហ្នឹង។ នេះយើងបញ្ជាក់ឲ្យច្បាស់កន្លែងហ្នឹង ដើម្បីកុំឲ្យបំភាន់មតិសាធារណជនថា មើលទៅរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានមិនចាត់ចែងអីត្រង់រឿងនេះ យើងត្រូវគិតវាជារឿងដោយឡែក មិនមែនពាក់ព័ន្ធនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអញ្ចឹង»។

សេចក្ដីថ្លែងការណ៍ដដែលថា ចាប់តាំងពីឆ្នាំ១៩៩៤ មកមានអ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៣ នាក់ ត្រូវបានគេសម្លាប់  ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរមិនទាន់ចាប់ជនល្មើសមកផ្ដន្ទាទោសនោះឡើយ។ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៣  នាក់  មាន៥ នាក់ជាអ្នកកាសែតដែលសសេររិះគន់បក្សកាន់អំណាច ចំណែក ៧ នាក់ទៀត ធ្វើការស៊ើបអង្កេត​និងរាយការណ៍អំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ