រដ្ឋា​ភិបា​លកំ​ណត់​ថ្ងៃរើ​សក្រុ​ម​ប្រឹក្សារា​ជ​ធានី​ខេត្ត​ ទោះ​អន្តរ​ជាតិ​ជំ​រុញ​ឲ្យស្តា​រ​ប្រជា​ធិប​តេយ្យ​

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជា បានសម្រេចយក ខែឧសភា ឆ្នាំក្រោយនេះ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បើទោះបីសហគមន៍អន្តរជា​តិទាមទារឲ្យស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការ​បង្កបរិយាកាសឲ្យគណប​ក្សប្រឆាំងដែ​ល​បា​​ន​រំលា​យ​ទៅហើ​យនោះ​បាន​ដំ​ណើរ​ឡើ​ង​វិ​​​ញ​ក៏ដោយ។

សេចក្តីសម្រេចចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨​ នាយករដ្ឋមន្ត្រីកម្ពុជា និងជាមេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រ​កា​សថាការបោះឆ្នោតអសកលដែលមានតែក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោត​ នឹងត្រូវធ្វើឡើងនៅ​ថ្ងៃអាទិត្យ​ទី ២​៦​ ខែឧ​​សភា​ ឆ្នាំ​២០១៩ ។

អតីតគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលប្រកាសរំលាយកាលពីចុងឆ្នាំ២០១៧ តាមបណ្តឹងរដ្ឋាភិបាល​។ ក្រោយ​រំលាយនេះ អា​​ស​​នៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតឆ្នាំ២០១៧ ប្រហាក់ប្រហែល​ទៅនឹងគណ​បក្សកា​ន់អំណា​ចចំនួន​​៥០០៧ ​​ត្រូវ​បាន​រឹបអូស។​

ករណីនេះជំរុញឲ្យសហគមន៍អន្តរជាតិមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសហភាពអន្តរសភា(IPU)ផងដែរ ទាមទារ​ទៅ ប​ក្សកាន់អំណាចក​ម្ពុ​ជា បើកផ្លូវឲ្យអតីតគ​ណបក្សប្រឆាំង​ បា​នដំណើរការឡើងវិញ ។

ជាងនេះទៅទៀត សហរដ្ឋអាមេរិក កាលពីខែសីហា បានគំរាមពង្រីកទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ​ ដល់មន្ត្រីរដ្ឋាភិបា​ល​មួយចំ​នួ​ន​ និងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតថ្ងៃទី២៩កក្កដា។ សហភាពអឺរ៉ុបវិញ បានគំរាមដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​«គ្រប់​យ៉ាង​លើក​លែង​តែអាវុធ»​ពីកម្ពុជាទៀតផង។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ូ ច័ន្ធរ័ត្ន ហៅចរន្តនយោបាយពេលនេះថា ហាក់ផ្គើនទៅនឹងអ​នុសា​ស​​ន៍​រប​​​ស់​សហគ​មន៍​អ​​ន្ត​រ​ជាតិ។ លោកថាជម្រើសបែបនេះ មិនបានជួ​យ​កា​រពា​រប្រ​យោ​ជន៍​​ជា​តិ​ទេ​។

លោកថា៖«បើសិនជាលោកអាចសម្របខ្លួនទៅតាមអនុសាសន៍របស់សហភាពអឺរ៉ុប ឬ IPUក្តី ដែលគេដាក់មកឲ្យហ្នឹង​អាហ្នឹងវា​​​​​​​ ស​ម្រា​​ប់​​ប្រយោជន៍ជាតិទាំងមូលហើយ។ ទី១ បានប្រយោជន៍សម្រាប់ការផ្សះផ្សាជាតិ រឹងមាំមួយ​។ ហើយទី​២​ យើង​បានប្រ​យោ​ជន៍​សេ​​ដ្ឋ​កិ​ច្ច។ ហើយយើងបានមុខមាត់លើឆាកអន្តរជាតិផ្នែកនយោបាយទៀត មានន័យថាយើងជាប្រ​ទេសមួយដែលជា​ប្រ​ទេស  ​ដែ​លក្លា​ហាន អាចកែលំអរ ដើម្បីទទួលយកប្រជាធិបតេយ្យពិតប្រាកដ»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ហៅរបត់នយោបាយពេលនេះថា បានដើរបញ្ច្រាសទិសនៃចរន្ត​ពិភ​ព​លោក ដោយថា ពិភពលោក​ជំរុញឲ្យថយក្រោយដើម្បីស្តារស្ថានការណ៍ តែមេដឹកនាំកម្ពុជាបែជាបន្ត​ទៅមុខ​ដោយអះអាង​ថាខ្លួនកំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​។

អ្នកវិភាគវ័យក្មេងរូបនេះ បន្តថា ចរន្តនយោបាយបែបនេះ នឹងជំរុញវិស័យការទូតរបស់កម្ពុជាឲ្យបន្តធ្លាក់ចុះ ហើយថាទីបំផុត ក​ម្ពុជានឹង​ខាត​បង់ផលប្រយោជន៍​ ដោយថាដង្ហើមសេដ្ឋកិច្ច​ និងទីផ្សារការងារនៅពឹងផ្នែកលើប្រទេសលោកសេរីនៅឡើយ។

លោកថា៖«ព្រោះថា សេដ្ឋកិច្ចយើងពឹងផ្អែកខ្លាំងទៅលើទីផ្សារអឺរ៉ុបដែរ។ អញ្ចឹង រដ្ឋាភិបាលគួរតែពិចារណាឡើង​វិញ ពីដំ​​ណើ​ររបស់​ខ្លួន​ដែល​​កំ​ពុង​ឆ្ពោះទៅ។ព្រោះថា សព្វថ្ងៃនេះគាត់ទៅ ដើម្បីរៀបចំប្រព័ន្ធរដ្ឋបាល[កម្ពុជា] ​ប៉ុន្តែបញ្ហាខាងនោះ អត់ទា​ន់​ដោះ​ស្រា​យ​ទេ​។ អញ្ចឹងធ្វើឲ្យប៉ះពាល់នូវអ្វីដែលគាត់កំពុងតែដើរទៅហ្នឹងដែរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខាងមុខធ្វើ​ឡើងស្របតាម​ច្បាប់កម្ពុជា ហើយលោក​ថា​មិន​ខ្វល់​ពីការរិះគន់​ឬសម្ពាធណាមួយនោះទេ។​

លោកលើកឡើងថា៖«វាគ្មានឥទ្ធិពលពីខាងណាមកទេ អាហ្នឹងតែដល់ម៉ោងគេ គេបោះហើយដូចតំណាងរាស្ត្រ។ អញ្ចឹង​៥ឆ្នាំ​គត់​គេ​បោះៗ​ទោះអ្ហែងថាម៉េចក៏ដោយ។ វាមិនចេះតែតម្រូវចិត្តបានទេ ព្រោះកម្មវិធីមានចែងក្នុងច្បាប់រួចហើយ»។

យ៉ាង​ណាក៏ដោយរដ្ឋាភិបាលកម្ពុជាធ្លាប់ព្រមាន តាមរយៈលិខិតបំភ្លឺទៅសហភាពអន្តរសភា IPU កាលពីថ្ងៃទី​២៦ ​ខែតុ​លាកន្លង​ទៅ​ថា ​កម្ពុជានឹងពិចារណាដកបេក្ខភាពពីស្ថាប័នអន្តរជាតិវិញ បើមានការរំលោភបំ​ពានធ្ងន់ធ្ងរលើ​អធិបតេយ្យភាពរបស់កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ