អាជ្ញាធរខេត្តព្រះសីហនុកំពុង​ស្វែង​រក​ចាប់​ខ្លួន​​បុរស​បើក​ម៉ូតូ​កង់​បី​បង្ក​អគ្គិភ័យ​ព្រឹក​ថ្ងៃ​នេះ

ពលរដ្ឋ​ឈរ​មើល​គ្រោង​ឆ្អឹង​រថយន្ត​មួយ​គ្រឿង ត្រូវ​ភ្លើង​ឆាប​ឆេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ស្នងការនគរបាលខេត្ដព្រះសីហនុ លោក ជួន ណារិន ឲ្យដឹងថា សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​ម្នាក់ ដែល​កំពុង​រត់​គេច​ខ្លួន ក្រោយ​ពី​បង្ក​អគ្គិភ័យ​លើ​ផ្ទះ​លក់​សាំង​មួយ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​នេះ បណ្ដាល​ឲ្យ​ខូច​ខាត​រថយន្ត ៤​គ្រឿង និង​ម៉ូតូកង់​បី ១​គ្រឿង។

លោក ជួន ណារិន ឲ្យ VOD ដឹងថា  នៅវេលាម៉ោង១១​ព្រឹក​ថ្ងៃ​នេះ ផ្ទះលក់សាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវ​បានភ្លើង​ឆាបឆេះឡើង និងបណ្ដាលឲ្យខូចខាតរថយន្ដដែលចតនៅក្បែរនោះ ប៉ុន្ដែលោកថា ក្រុម​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​ពន្លត់​បាន​ទៅ​វិញ​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់។

លោកបន្ដថា អគ្គិភ័យនេះបង្កឡើងដោយម្ចាស់ម៉ូតូកង់បី ដែលបានទៅចាក់សាំងនៅទីនោះ ហើយបានជក់បារី និងបង្កឲ្យមានភ្លើងឆាបឆេះឡើង។

លោកបន្ដថា៖ «តូបហ្នឹងរបៀបលក់សាំង​កាដុងសាំងអីហ្នឹង។ មានពូម៉ូតូកង់បីមួយ គាត់ទៅចាក់សាំងនៅហ្នុង ដល់ចាក់ទៅគាត់ធ្វេសប្រហែស គាត់ជក់បារី ដល់ជក់បារីទៅវាមានការឆាបឆេះ ហើយកាណុងវាធ្លាយហូរពីលើមក។ វា​មាន​ទួល​ ​អាឡានឯកជនគេ RX300 បួនគ្រឿង [] ចតនៅក្បែរៗហ្នឹងទៅ ក៏ឆាបឆេះអស់បួនគ្រឿងទៅ»។

ស្នងការនគរបាលខេត្ដព្រះសីហនុ លោក ជួន ណារិន បញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះដល់រថយន្ដចំនួន ៤គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ហើយថា សមត្ថកិច្ចកំពុងតាមរកម្ចាស់ម៉ូតូកង់បីដែលថា ជាជនបង្កហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ