លោក ស ខេង ថា ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ៥​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃៗ

រូបភាពពី អគ្គស្នងការនគរបាលជាតិ

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​អះ​អាង​ថា គ្រោះថ្នាក់ចរាចរណ៍​បានសម្លាប់ពលរដ្ឋ​កម្ពុជា​ជាមធ្យមជាង ៥នាក់ក្នុងមួយថ្ងៃ ហើយ​លោក​បាន​បន្ទោស​បញ្ហា​នេះ ទៅលើការបើកបរធ្វេសប្រហែស និងការបំពានច្បាប់ចរាចរណ៍។

ក្នុងទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ដែលធ្វើឡើងនៅស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃម្សិលមិញ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជា​ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក លោក ស ខេង មានប្រសាសន៍ថា មនុស្ស​ដល់​ទៅ ១៩៧៦​នាក់ ត្រូវ​បាន​សម្លាប់ និង​មនុស្ស ៤ ៨៧០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

លោក ស ខេង បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​របាយការណ៍​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​មុន បាន​សម្លាប់​មនុស្ស​ជាង ៥​នាក់​ជា​ធម្យម និង​បង្ក​របួស​ជិត ១៤​នាក់​ក្នុង​មួយ​ថ្ងៃ។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​រូប​នេះ បាន​បញ្ជាក់​ថា អត្រាអ្នកស្លាប់ និងរបួសខ្ពស់ដូចនេះ គឺបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើក​បរ​ដោយ​មិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់នៅពេលបើកបរជាដើម។

លោកបន្ដថា៖ «បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ក៏នៅតែជាបញ្ហាបន្ដកើតមានក្នុងទិដ្ឋភាពរន្ធត់ សោកសង្រេង ដែលបានធ្វើឲ្យបាត់បង់ជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនអស់ជាច្រើនផងដែរ [] ចំនួនជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​មានចំនួនសរុប ១៩៧៦នាក់ និងរបួសចំនួន ៤៨៧០នាក់ គិតជាមធ្យម គឺស្លាប់ជាង ៥នាក់ និងរបួសជិត ១៤នាក់​ក្នុងមួយថ្ងៃ»។

របាយការណ៍​ចរចរណ៍​ផ្លូវ​គោក បាន​បង្ហាញ​ថា មនុស្ស​ដល់​ទៅ ៣៨៣​នាក់ បាន​ស្លាប់ ហើយ ១ ០២៨​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ៧៤៥​លើក​នៅ​ទូទាំង​ប្រទេស​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨​នេះ ក្នុង​នោះ​ខេត្ត​កំពង់ស្ពឺមាន​អត្រា​ជន​រង​គ្រោះ​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ៣០៤​នាក់។

បើ​តាម​របាយការណ៍​​នេះ អត្រា​ពលរដ្ឋ​កម្ពុជា​ជា​ធម្យម ៤.៣​នាក់ បាន​ស្លាប់ និង ១១.៤​នាក់ បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ កាល​ពី​ត្រី​មាស​ទី​៣​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ