រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ជួយ NGOs ចំ​ពេល​លោកស្រី រ៉ូណា ស្មីត បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងទៅ (រូបថតឯកសារ)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារមួយ ជា​អ្វី​ដែល​លោក​​អះ​អាង​ថា ដើម្បី​ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គម​ស៊ីវិល ចំ​ពេល​ដែល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ហ៊ុន សែន បាន​សម្រេច​​បង្កើត​ក្រុម​ការងារ​មួយ​មាន​សមាជិក៨​រូប និង​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​លោក ប៊ុន ហុន អតីត​ប្រធាន​គណៈ​មេធាវី​កម្ពុជា។

ក្នុង​សេចក្ដី​សម្រេច​ដដែល​នោះ លោក ហ៊ុន សែន បាន​ចាត់​តាំង​ក្រុម​ការងារ​មួយ​នេះ ឲ្យ​បំពេញ​ភារកិច្ច​នៅ​ក្រោម​ការ​ដឹកនាំ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​សម្រប​សម្រួល​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ។

លោក ហ៊ុន សែន បាន​ចាត់តាំង​ក្រុម​ការងារ​មួយ​នេះ​ឡើង ក្រោយ​ពី​លោក ស ខេង បាន​ណែនាំ​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​កាល​ពី​ចុង​ខែ​​តុលា​កន្លង​មក​នេះ កុំ​ឲ្យ​រឹត​ត្បិត​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ជា​អ្វី​ដែល​លោក​ហៅ​ថា ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជាតិ។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​នេះ​ឡើង ចំពេល​ដែល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី រ៉ូណា ស្មីត កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ១១​ថ្ងៃ។

ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ដែល​គណបក្ស​កាន់​អំណាច​បាន​ទទួល​ជ័យ​ជម្នះ​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​សភា​មក រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ដោះ​លែង​ក្រុម​អ្នក​ទោស​នយោបាយ ក្រុម​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង សកម្មជន​ដី​ធ្លី ​អ្នក​សារព័ត៌មាន និង​បាន​ផ្ទេរ​ការ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ម្ដុំ​ទួលគោក៕

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយនឹងលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ