​ពលករខ្មែរជិត២​ម៉ឺននាក់ត្រូវបាន​ជួយ​សង្គ្រោះ​ និង​បញ្ជូន​ត្រឡប់​មក​មាតុ​ភូមិ​វិញ​រយៈ​ពេល​៦​ខែ​ឆ្នាំ​នេះ

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

របាយការណ៍​រដ្ឋាភិបាល​ បង្ហាញ​ថា ពលករ​​ខ្មែរ ១៨៥​នាក់ បាន​ស្លាប់​នៅ​ឯ​ក្រៅ​ប្រទេស ខណៈ​​ពលករ​ខ្មែរ​​ជិត ២​ម៉ឺននាក់ ត្រូវបានអជ្ញាធរ​បរទេសប​ញ្ចូ​នឲ្យត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពីបានរកឃើញថា ពលករទាំងអស់នោះ បាន​ចាញ់​បោក​មេ​ខ្យល់ ​និងក្រុមហ៊ុននាំ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។

របាយការណ៍បូក​សរុប​សកម្មភាព និង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០១៨  ពលករ​ខ្មែរ​ចំនួន ១៩ ៨៦៩​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ត្រឡប់​មកពី​ប្រទេស​ចំនួន ១៨ បន្ទាប់​ពី​ពួកគេ​ចាញ់​បោក​មេ​ខ្យល់ និង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពីពលករជិត ២ ម៉ឺននាក់នោះ ពលករ​ខ្មែរ​ចំនួន ១៨៥​​នាក់ បាន​ស្លាប់ ហើយ​​ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនផងដែរ។

បើ​តាម​របាយការណ៍​ដដែល​នេះ ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ឯ​បរទេស បាន​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​និយោជក ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការរៀបការ​ក្លែង​ក្លាយ និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។

របាយការណ៍​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពលករ​ខ្មែរ ១​លាន ៥​ម៉ឺន​នាក់ កំពុង​បម្រើការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​មាន​ពលករ​ស្រប​ច្បាប់ចំនួន ៥៤៨ ៤៧០​នាក់ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​នេះ។

ក្នុង​ឆ្នាំ​២០១៧ ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួយសង្គ្រោះ និង​រៀបចំ​បញ្ជូន​ពលករ​-​ពល​ការិនី​ខ្មែរមក​កម្ពុជា​វិញ​ចំនួន ៩៨៦​នាក់។

កាលពីថ្ងៃទី២៥ ខែតុលា​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន៥ពាន់​នាក់ ​ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​​គុយវ៉ែត ស្ថិត​​នៅ​ឆ្នាំ​២០១៩​ខាង​មុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ