អាជ្ញាធរ​ហាម​ក្រុម​អ្នកសារព័ត៌មានមិន​ឲ្យ​ចូល​យក​ព័ត៌មាន​ពីក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​

ក្រុមពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តផ្សេងៗ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ឃុត សុគន្ធ)

អាជ្ញាធរ ហាមក្រុម​អ្នកសារព័ត៌មាន​មិន​ឲ្យចូល​ទៅ​យក​ព័ត៌មាន​ពីក្រុម​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​​ដែល​ត្រូវ​​អាជ្ញាធរដឹក​​ពីរដ្ឋសភាទៅដាក់​នៅទីលានប្រជាធិបតេយ្យថ្មី។

អ្នកសារព័ត៌មានដែលអាជ្ញាធររាជធានីភ្នំពេញ ហាមមិនឲ្យចូលទៅយកព័ត៌មានកន្លែងពលរដ្ឋតវ៉ានោះ មានអ្នកសារព័ត៌មានមកពីវីអូឌី អ្នកសារព័ត៌មានទូរទស្សន៍ NiceTV ​កាសែតខ្មែរថែមស៍ កាសែត​ភ្នំពេញប៉ុស្តិ៍ និងអ្នកថតរូបមកពីអង្គការផ្សេងៗជាដើម។

ខណៈពេលរារាំងមិ​នឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន និងផ្តិតយករូបភាពក្នុងព្រឹត្តការណ៍នោះ អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការហាមមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានពីនិងផ្តិតយករូបភាពពីក្រុមពលរដ្ឋមានជម្លោះដីធ្លីនេះ ដោយសារមិនចង់ឲ្យមានការរំខានដល់ការធ្វើការងាររបស់អាជ្ញាធរ។

លោកបន្ថែមថា៖ «ខ្ញុំមិនទាន់ថា ហាមមិនឲ្យចូលទេ តែឥលូវចាំឲ្យពួកខ្ញុំធ្វើការងារហ្នឹងសិន។ ចាំខ្ញុំធ្វើកិច្ចការងារហ្នឹង ចប់សព្វគ្រប់ចាំខ្ញុំផ្តល់កិច្ចសម្ភាសន៍ជូន ព្រោះអីរដ្ឋបាលរាជធានីភ្នំពេញមានអ្នកនាំពាក្យ។ អញ្ចឹងពេលយើងធ្វើការចប់យើងនឹងសង្ខេបព្រឹត្តិ​ការណ៍ទាំងអស់ទៅឲ្យអ្នកនាំពាក្យ ហើយអាចតេទៅលោក ម៉េត មាសភក្តី បាន។ គាត់ឆ្លើយទៅភ្លាម»

និពន្ធនាយកប្រតិបត្តិកាសែតខ្មែរថាមស៍លោក ម៉ៃ ទិត្យថារ៉ា យល់ថា អាជ្ញាធរគួរតែអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានបានចូលយកព័ត៌មានពីក្រុមពលរដ្ឋទាំងនោះ ប្រសិនបើមិនមានអ្វីបិទបាំង។ លោកបន្តថា ការហាមបែបនេះគឺជាការព្យាយាមបិទសិទ្ធសេរីភាពរបស់ក្រុមអ្នកសារព័ត៌មាន។

លោកបន្ថែម៖ « មែនទែនទៅ វាជាការពិតហើយ ទង្វើនេះជាការព្យាយាមបំបិទសិទ្ធិអ្នកសារព័ត៌មានហើយ។ អាជ្ញាធរលោកគួរតែស្វែងយល់ដោយខ្លួនឯង ថាអ្នកសារព័ត៌មានគឺអាចយកព័ត៌មាននៅគ្រប់ទីកន្លែងដែលជាកន្លែងសាធារណៈ ឬជាកន្លែងណាដែលគេត្រូវឲ្យចូលឬមិនឲ្យចូល។ ដូចករណីនេះ មិនមានហេតុផលណាមួយដែលថាអាជ្ញាធរហាមឃាត់អ្នកសារព័ត៌មានមិនចូលយកព័ត៌មានទេ ដោយសារតែពលរដ្ឋគាត់ធ្វើការតវ៉ា»។

នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជាលោក ឆាយ សុផល មានប្រសាសន៍ថា កន្លែងទីសាធារណៈគឺអ្នកសារព័ត៌មានគ្រប់រូបមាន​សិទ្ធទៅយក និងផ្តិតយករូបភាពដោយគ្មានការហាមឃាត់នោះទេ។

លោក ឆាយ សុផល យល់ថា ករណីអាជ្ញាធររារាំងមិនឲ្យអ្នកកាសែតចូលយកព័ត៌មានកន្លែងពលរដ្ឋមានជម្លោះ ដីធ្លីប្រមូលផ្តុំនោះអាចមិនមែនថ្នាក់លើជាអ្នកបញ្ជានោះទេ ហើយលោកឲ្យអ្នកសារព័ត៌មាន​ត្រូវហ៊ានរាយការណ៍ហេតុការណ៍នោះដើម្បីឲ្យថ្នាក់លើដឹងអំពីបញ្ហានេះផងដែរ។

លោកបន្ថែមថា៖«ប្រសិនណាមិនចង់ឲ្យអ្នកសារព័ត៌មានចូលថត ឬចូលយកព័ត៌មានទេ យើងដាក់ផ្លាកកន្លែងហ្នឹងទៅថា អ្នកសារព័ត៌មានមិនអនុញ្ញាតឲ្យចូល។ ប្រសិនណាយើងមិនដាកផ្លាកទេ ទីកន្លែងសាធារណៈគឺអ្នកសារព័ត៌មានគាត់មានសិទ្ធផ្តិតយករូបភាពឬយកព័ត៌មានទៅបំពេញការងាររបស់គាត់។ ហើយខ្ញុំគិតថាករណីនេះជួន កាលមិនមែនជាការបញ្ជាពីថ្នាក់លើទេ ប្រហែលមកពីសន្តិសុខថ្នាក់ក្រោមខ្លួនឯងហ្នឹងគាត់ភ័យខ្លាចក្នុងប្រការណាមួយ។ សម្រាប់អ្នកសារព័ត៌មានគួរតែរាយការណ៍នៅអ្វីដែលយើងបានជួប ហើយពេលយើងរាយការណ៍ទៅថ្នាក់លើឃើញគាត់អនុញ្ញាតឲ្យយើងថតវិញ»

អាជ្ញាធរមិនត្រឹមតែហាមមិនឲ្យអ្នកសារព័ត៌មានចូលយក និងផ្តិត  យករូបភាពប៉ុណ្ណោះទេ សូម្បីមន្រ្តីអង្គការសហប្រជាជាតិ និងមន្រ្តីអង្គការសង្គមស៊ីវិលដែលចុះឃ្លាំមើលហេតុការណ៍នោះក៏ត្រូវអាជ្ញាធរដេញចេញ ដោយហាមមិនឲ្យចូលក្នុងរយៈពេលខ្លីផង​ដែរ។

វី.អូ.ឌី មិន​អាចទាក់​ទង​សុំ​ការអត្ថាធិប្បាយជុំវិញ​បញ្ហានេះ​ពីអ្នកនាំពាក្យ​ក្រសួងព័ត៌មានលោក អ៊ុក គឹមសេង ​បាន​ទេ។

ពលរដ្ឋរាប់រយនាក់មកពីបណ្តាខេត្តនានានៅថ្ងៃនេះ បានឡើងមករកកិច្ចអន្តរាគមន៍តាមស្ថាប័នរដ្ឋកំពូលៗមួយ ចំនួននៅភ្នំពេញឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ