លោក ហ៊ុន សែន ច្រានចោលការអះអាងថាមានគម្រោងដោះលែងលោក កឹម សុខា

លោក ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានច្រានចោលការលើកឡើ​ងរបស់លោក​ សម រង្ស៊ី ដែលថាលោក កឹម សុខា នឹងត្រូ​វដោះ​លែងនៅខែក្រោយនេះ ក្រោ​មស​ម្ពាធអន្តរជាតិ។

អតីត​មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កាលពីម្សិលមិញបាន សរសេរនៅលើហ្វេសប៊ុករបស់លោកថា តាមលោកដឹង លោក ហ៊ុន សែ​ន នឹងដោះលែងលោក កឹម​ សុខា នៅថ្ងៃទី២៩ ខែធ្នូ ក្នុងឱកាសខួបទី២០នៃ«នយោបាយឈ្នះៗ» ​។

លោក សម រង្ស៊ី បន្តថា៖ «តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺកា​​របើកផ្លូឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ»

ប៉ុ​ន្តែលោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តតាកែវ នាព្រឹកនេះ បានថ្លែងថា អ្នកអះអាង​នោះ​ជា​មេ​​​បោ​ក ។

លោកថា៖ «ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រ​លើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលអ្នកណាក៏​ដោ​​យ​ស្ថិតក្នុ​ងក្របខណ្ឌនៃពិរុទ្ធជន ឬសារដ៏ខ្លីមួយថាចាំសេះដុះស្នែងបានវាកើត»។

លោក ហ៊ុន សែន ក៏បានប្រាប់កម្មករ កុំឲ្យជឿអ្នកដែលឃោសនាថា កម្មករនឹងអត់ការងារធ្វើ បើសហ​គមន៍អ​ន្តរ​ជាតិ​ដា​ក់​ស​ម្ពាធ ។ បើតាមលោក ហ៊ុន សែន ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេស និងប្រទេស មិនងាយនឹងកាត់ផ្តាច់នោះទេ។

សហរដ្ឋអាមេរិក កាលពីខែសីហាបានប្រកាស ពង្រីកវិ​ធានការ​ដា​ក់​​​ទណ្ឌកម្មទិដ្ឋាការបន្ថែម និងព្រមានបង្កកទ្រព្យសម្បត្តិ​មន្ត្រីរដ្ឋា​ភិ​​​បា​​​​​លមួយចំនួន ខណៈមហាអំណាចមួយនេះ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ដែលគ្មានអតី​តគណ​ប​ក្ស​​​ប្រ​ឆាំង​​​ចូលរួម ។

ចំណែ​​កសភាពអឺរ៉ុបវិញ បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ ដោយទុកពេលឲ្យ១ឆ្នាំ ក្រោយពីរកឃើញថារដ្ឋាភិបាល​កម្ពុជា មិ​ន​​ព្រ​​​ម​​​​ស្តា​រប្រជាធិ​បតេ​យ្យ​​ឡើ​ងវិញ តាមរយៈ ដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណ​បក្សសង្គ្រោះ​ជាតិ បានដំណើ​រកា​រឡើ​ង​វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ