ពលរដ្ឋខេត្តកោះកុងដុតរថយន្តអង្គការមួយករណីជម្លោះក្នុងការគ្រប់គ្រងដី

រថយន្តមួយគ្រឿងនៅក្នុងស្នាក់ការអង្គការវាយអេដ ត្រូវ​​បានប្រជាពលរដ្ឋដុតកំទេចចោលដោយចោទថា មន្ត្រីអង្គការនេះឃុបខិតជាមួយអាជ្ញាធរកាប់បំផ្លាញ​ដំណាំរបស់ពួកគេ អស់ប្រមាណ២០០ដើម។ (រូបភាព៖ Mother Nature Cambodia)

យ៉ាងហោចណាស់រថយន្តមួយគ្រឿងនៅក្នុងស្នាក់ការអង្គការ «វាយអេដ (Wild Aid)» ត្រូវ​​បានប្រជាពលរដ្ឋដុតកំទេចចោលដោយចោទថា មន្ត្រីអង្គការនេះឃុបខិតជាមួយអាជ្ញាធរកាប់បំផ្លាញ​ដំណាំរបស់ពួកគេ អស់ប្រមាណ២០០ដើម​។

ស្នងការនគរបាលខេត្តកោះកុង​ លោក សំ ឃិតវៀន បានប្រាប់ VOD នៅថ្ងៃនេះថា ព័ត៌មានបឋមប្រជាពលរដ្ឋប្រមាណ១០០នាក់ នាំគ្នាទៅមុខ​អង្គការវាយអេដ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ហើយមានអ្នកខ្លះយកដបសាំងដុតរួចចោលទៅលើ រថយន្តនៅក្នុងក្រុមហ៊ុនបណ្តាលឲ្យឆេះ ប៉ុន្តែមិនធ្វើឲ្យមនុស្សរងរបួសនោះទេ។

ស្នងការរូបនោះបញ្ជាក់ថា ដើមចមដែលធ្វើឲ្យប្រជាពលរដ្ឋឈានដល់ការដុតរថយន្តនោះ ដោយសារកាលពីម្សិលមិញ មន្ត្រីអង្គការវាយអេដ សហការជាមួយមន្ត្រីអាវុធហត្ថ និងមន្ត្រីក្រសួងបរិស្ថាន ចុះកាប់បំផ្លាញដំណាំប្រជាពលរដ្ឋ រួមមាន ដើមស្វាយ ដើមធូរ៉េន និងដំណាំផ្សេងទៀត អស់ប្រមាណ២០០ដើម ដោយថា ពលរដ្ឋទន្ទ្រានយកដីនៅតំបន់អភិរក្ស។​

លោកមានប្រសាសន៍ថា៖ « ជនបរទេសពីរនាក់បាននាំមន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានដែលធ្វើការនៅក្នុងអង្គការវាយអេដ គឺជាអង្គការដៃគូរបស់រដ្ឋាភិបាល បានទៅកាប់ផលដំណាំរបស់ប្រជាពលរដ្ឋ​​ ធ្វើឲ្យប្រជាពលរដ្ឋមានកំហឹង យកដបសាំងគប់រថយន្តបណ្តាលឲ្យឆេះ ដោយសារមន្ត្រីអង្គការមិនបានបកស្រាយរឿងកាប់ដំណាំពលរដ្ឋ»

ប្រជាពលរដ្ឋរស់នៅភូមិទំនាប ឃុំត្រពាំរូង ខេត្តកោះកុង អ្នកស្រី យោង តាយ បានរៀបរាប់ថា ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅតំបន់នោះមានបង្កាន់ដៃប្លង់ដែលនិស្សិតចុះវាស់វែងដីឲ្យស្របតាមច្បាប់ ប៉ុន្តែអ្នកស្រីថា មន្ត្រីអង្គការវាយអេដបែរជាចុះកាប់បំផ្លាញដំណាំពួកគេ ដោយមិនបានជូនដំណឹងទៅប្រជាពលរដ្ឋ នឹងអាជ្ញាធរនៅតំបន់នោះទេ ករណីនេះធ្វើឲ្យប្រជាពលរដ្ឋទប់កំហឹងមិនបាន រហូតឈានដល់ដុតរថយន្តនៅក្នុងអង្គការនោះជាដើម។

អ្នកស្រីរៀបរាប់ថា៖ «ប្រជាពលរដ្ឋបាននាំគ្នាទៅតវ៉ានៅកន្លែងស្នាក់ការអង្គការវាយអេដ ប្រជាពលរដ្ឋទៅច្រើន ប៉េអឹមទាញកាំភ្លើង ថាទាញកាំភ្លើងបាញ់…ហើយមានម្នាក់ទៀតឡើងទាញកាំភ្លើងស្ពាយចេញមក ដល់ពេលទាញកាំភ្លើងចេញមកបានឈានដល់ការប្រមូលកងឡានចាស់ៗដុត…ឡានចាស់ៗនៅក្បែរហ្នឹងឆេះបានពាក់កណ្តាល កម្លាំងប៉ូលីសបានជួយពន្លត់»។

អ្នកស្រី តាយ អះអាង ទៀតថា ក្រោយពីកើតហេតុ អភិបាលខេត្តកោះកុងនិងកោះហៅប្រជាពលរដ្ឋម្ចាស់ដំណាំ និងតំណាាងអង្គការវាយអេដ ជួបពិភាក្សាគ្នារកដំណោះស្រាយនៅសាលាខេត្ត នាម៉ោង៨ព្រឹក ថ្ងៃព្រហស្បិ៍ស្អែកនេះ។ បើតាមគម្រោងអ្នកស្រីថា ពលរដ្ឋនឹងទៅប្រហែលជា១០០គ្រួសារ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក ប៉ែន លោក វុទ្ធា មានប្រសាសន៍ថា បើអាជ្ញាធរមិនរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងអង្គការវាយអេដឲ្យមានតម្លាភាពទេ លោកថានឹងធ្វើឲ្យជម្លោះនេះកាន់តែធ្ងន់ធ្ងរ ហើយធ្វើឲ្យភាគីទាំងពីរខាតប្រយោជន៍ទាំងសងខាង។

លោកមានប្រសាសន៍ថា៖ «បើសិនជាដំណោះស្រាយរកមិនចេញទេ វាខាតប្រយោជន៍ទាំងសងខាង ទាំងខាងប្រជាពលរដ្ឋ ទាំងអង្គការវាយអេដដូចគ្នា ចឹងមិនមែនប៉ះពាល់ត្រឹមតែប្រជាពលរដ្ឋ ប្រយោជន៍របស់សហគមន៍របស់គាត់ទៀត ព្រោះអង្គការវាយអេដ ធ្វើការជួយអភិរក្សព្រៃឈើ ក៏ដូចសត្វព្រៃដែរ»។

ស្នងការនគរបាលខេត្តរូបនោះ អះអាងថា រហូតមកថ្ងៃរសៀល​ ទី៧ ខែវិច្ឆិកានេះ ​ក្រុមការងាររបស់លោក កំពុង​សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកអ្នកដែលគប់ដបសាំងលើរថយន្តបណ្តាលឲ្យឆេះនោះ ដើម្បីចាត់វិធានការច្បាប់៕

កំណត់សម្គាល់៖ ព័ត៌មាននេះ កំពុងធ្វើបច្ចុប្បន្នភាព

ទីតាំងដំណាំប្រជាពលរដ្ឋ រួមមាន ដើមស្វាយ ដើមធូរ៉េន និងដំណាំផ្សេងទៀត អស់ប្រមាណ២០០ដើម មន្ត្រីអង្គការវាយអេដ សហការជាមួយមន្ត្រីអាវុធហត្ថ និងមន្ត្រីក្រសួងបរិស្ថាន ចុះកាប់បំផ្លាញ ដោយថា ពលរដ្ឋទន្ទ្រានយកដីនៅតំបន់អភិរក្ស។​ (រូបភាព៖ Mother Nature Cambodia)
ទីតាំងដំណាំប្រជាពលរដ្ឋ រួមមាន ដើមស្វាយ ដើមធូរ៉េន និងដំណាំផ្សេងទៀត អស់ប្រមាណ២០០ដើម មន្ត្រីអង្គការវាយអេដ សហការជាមួយមន្ត្រីអាវុធហត្ថ និងមន្ត្រីក្រសួងបរិស្ថាន ចុះកាប់បំផ្លាញ ដោយថា ពលរដ្ឋទន្ទ្រានយកដីនៅតំបន់អភិរក្ស។​ (រូបភាព៖ Mother Nature Cambodia)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ