លោក ស ខេង ថាពលរដ្ឋកំពុងរងគ្រោះនិងខាតថវិកាសន្ធឹកសន្ធាប់ដោយឱសថក្លែងក្លាយ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នាសៀលថ្ងៃអង្គារទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង/ Screenshot)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា ជនខិលខូចកំពុងតែឆ្លៀតឱកាសផលិត និងចែកចាយឱសថក្លែងក្លាយ នាំឲ្យប្រជាពលរដ្ឋកំពុងតែរងគ្រោះលើបញ្ហាសុខភាព និងខាតបង់ថវិកាច្រើនលើបញ្ហានេះ។​

ក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព កាលពីម្សិលមិញ លោ ស ខេង ថ្លែងថា បើទោះបីជាអាជ្ញាធរកម្ពុជាកំពុងបន្តធ្វើការទប់ស្កាត់និងចាត់វិធានអ្នកផលិតឱសថក្លែងក្លាយ និងអន់គុណភាពក៏ដោយ  ប៉ុន្តែការប្រើប្រាស់ទំនិញ និងឱសថនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាងមុន ទើបធ្វើឲ្យជនខិលខូលមួយចំនួនបានឆ្លៀតឱកាសផលិតឱសថក្លែងក្លាយលក់។

លោកថា៖ «ក្នុងនោះឱសថជាតម្រូវការយ៉ាងសំខាន់និងចាំបាច់មិនអាចខ្វះបានសម្រាប់ជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងតម្រូវការនៃការប្រើប្រាស់ឱសថ ទើបជនល្មើសឆ្លៀតឱកាសខិតខំធ្វើការផលិតចរាចរ និងចែកចាយនូវឱសថក្លែងក្លាយ និងអន់គុណភាព លើទីផ្សារ ដែលនាំឲ្យពលរដ្ឋរងគ្រោះដោយសារឱសថទាំងនោះ  និងថែមទាំងខាតថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងករណីខ្លះបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង» ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ រួមទាំងគ្រូពេទ្យមួយចំនួនមិនបានដឹងថាឱសថដែលទិញទៅប្រើប្រាស់ជាឱសថពិតឬក្លែងក្លាយនោះទេ ករណីនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោកថា៖ «វាអាចបង្កទៅជំងឺមហារីក ឱសថខ្លះវាបន្លំទៅជាឱសថញៀន វាអាចធ្វើឲ្យក្មេងអ្នកជំងឺទាំងអស់ហ្នឹង ទៅជាញៀនឱសថអស់ហ្នឹង វាមិនមែនទៅជាឱសថវាទៅថ្នាំញៀន។ កន្លែងហ្នឹងដែលយើងបារម្ភមែនទែន ហើយទៅអនាគតរបស់ប្រជាពលរដ្ឋយើងទៅថ្ងៃក្រោយ»។

លោកបន្តថា ប្រសិនបើអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមិនមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ឱសថទាំងអស់នេះទេ ប្រជាពលរដ្ឋទាំងអស់នឹងទទួលរងគ្រោះ ដោយសារ ឱសថក្លែងក្លាយដែលកំពុងដាក់លើកនៅលើទីផ្សារបច្ចុប្បន្ន។

​កាលពីថ្ងៃទី៥ ខែតុលា លោក​ ហ៊ុន សែន បាន​អំពាវ​នាវ​​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព ​ ក៏​ដូចជា​សេដ្ឋកិច្ច​របស់​​ពលរដ្ឋ​ផង​ដែរ ខណៈបច្ចុប្បន្ន ​ឱសថ​ក្លែងក្លាយ​បាន​បង្ក​​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ប្រើប្រាស់។

វីអូឌី មិនមានរបាយការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធពីចំនួនឱសថក្លែងក្លាយដែលបង្ក្រាបបានទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយជាហូរហែពីការបង្ក្រាបលើកន្លែងលក់និងចែកចាយឱសថក្លែងក្លាយ។​​

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងនាំចូល និងចែកចាយឱសថមួយកន្លែង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងការចុះបង្រ្កាបនោះ អាជ្ញាធរបានរកឃើញឱសថក្លែងក្លាយ និងខូចគុណភាពចំនួន៣៥ប្រភេទ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ