នា​យ​ក​​រដ្ឋ​​ម​ន្ត្រី​​បញ្ជា​​ឲ្យ​ដោះ​ស្រាយ​បណ្តឹង​នៅតុលា​ការ​ដើម្បី​បើក​លំហ​សេរី​ភាព​សហ​ជីព​

លោក ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ screenshot)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងពាក់​ព័ន្ធចំនួនពីរ ឲ្យពិនិត្យឡើ​ងវិញសំណុំ​រឿងចោទ​ប្រកា​ន់មេ​ដឹក​នាំ​​សហជីព ដើម្បីជំរុញដល់ការបើកលំហសេរីភាព ក្នុងវិស័យការងារ​មួយ​នេះ។​

លោក​ ហ៊ុន​ សែន​ ក្នុងពិធី​សំណេះសំ​ណាលជាមួ​យកម្ម​ករ​ នៅខេ​ត្តតាកែវ​ ​ព្រឹកនេះ បាន​ថ្លែងបែបក្រើ​ន​រំឭក​ថា ​​ថៅ​​​​​កែ​រោងចក្រ ​គួរ​ជ្រើ​ស​​​រើ​ស​យកវិធី​ចរ​ចាពេលមានវិវាទការងារ ជាជាងយកបញ្ហាប្តឹង​ទៅ​តុលា​ការ ដែលលោកថាដើ​ម្បីកុំឲ្យ​សហ​ជី​​ព​ចោទថា ពួក​គេ​​ត្រូវបា​​នចាប់ជាចំណាប់ខ្មាំង ក្នុងសកម្មភាពជំរុញលក្ខខណ្ឌការងារ។

លោក ហ៊ុន សែន ថ្លែងទៀតថា កន្លងទៅមានមេ​ដឹកនាំ​សហជីពខ្លះ​ បាន​ជាប់ប​ណ្តឹង​នៅតុលាកា​រ ដូច​ជា ​លោក អា​ត់ ធន់​ និ​ង​លោ​​​​​ក​ស្រី​ យ៉ាង​ សុភ័ណ្ឌ​ ជាដើ​ម​ ។

មេ​ដឹ​ក​នាំរូ​ប​នេះ ​បញ្ជាទៅ​រដ្ឋមន្ត្រី​​ក្រសួង​ការងា​រ លោក ​អ៊ិត ​សំហេង ​និងរដ្ឋមន្ត្រីក្រ​សួង​យុ​ត្តិធម៌​លោក ​អង្គវង្ស វឌ្ឍា​នា ​ឲ្យ​ព​ន្លឿ​​​​ន​រក​​ដំណោះស្រាយបញ្ហានេះ​ ឬអាច​តម្កល់សំណុំរឿង​មិនចា​ត់​ការក៏​បាន​ ដើ​ម្បី​​បើក​លំហ​សេ​រី​ភាព​​ស​​ហជី​ព ​ក្នុង​វិស័យ​​កាត់​​ដេរ​​។​

លោកថា៖ «បើថាកាត់ៗឲ្យវាស្រូត បើថាមិនកាត់ទេ គឺបានសេចក្តីថា តម្កល់មិនចាត់ការទៅ ឲ្យវារួចៗ កុំឲ្យមេដឹកនាំស​ហជីពនានា​យល់​​ឃើញថា ខ្លួនស្ថិតក្នុងចំណាប់ខ្មាំងនៃបញ្ហាពាក់ព័ន្ធទៅនឹងតុលាការ»។

ក្រោយ​ការថ្លែ​ងរ​បស់នា​យ​ករ​ដ្ឋ​មន្ត្រីនេះ ​រ​ដ្ឋម​ន្ត្រីនៃក្រសួងទាំ​ងពី​រដែលអមដំណើរ បានក្រោកឈរ ហាក់​បង្ហាញកា​​យវិការ​ទទួ​ល​​យក​​បញ្ជា​ផ្ទា​ល់​មាត់នេះ​។

មេដឹក​នាំ​សហជីព​មួ​យចំនួន​ ដូចជា លោក រ៉ុង ឈុន លោក ជា មុន្នី លោក ប៉ាវ ស៊ីណា លោកស្រី យ៉ា​ង​ សុ​ភ័​ណ្ឌ លោកស្រី ម៉ម ញឹម លោក អាត់ ធន់ និងមន្ត្រីស​ហជីពមួយចំនួនទៀត ត្រូវថៅកែរោងចក្រប្តឹងទៅតុលាការជាបន្តបន្ទាប់ ក្រោយពីដឹកនាំ​​ទា​​ម​ទា​​រ​ល​​​ក្ខខ​ណ្ឌការងារ និងប្រាក់ឈ្នួល កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ខណៈអតីតបក្សប្រឆាំងកំពុងដឹកនាំបាតុកម្មចូលទី​ក្រុ​ង​​ភ្នំពេញ​ ប្រឆាំងលទ្ធផលបោះឆ្នោត និងស្របពេលបក្សកាន់អំណាចបើកយុទ្ធនាការបង្ក្រាបចលនាអ្នកប្រឆាំង។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានសាទរទៅនឹងប្រសាសន៍នាយករដ្ឋមន្ត្រីនេះ។ ប៉ុន្តែលោកថា នៅមាន​ការ​ព្រួ​យ​​​​បា​​រ​ម្ភពីកា​​រអនុវត្ត​ជា​ក់ស្តែងរបស់មន្ត្រីថ្នាក់ក្រោម ដោយថាការស្តារសេរីភាព​សហជីពឡើងវិញពេលនេះអាចជួបការលំបាកច្រើន ដោយសារមាត្រាមួយចំនួន​ដែលមានការរឹតបន្តឹងក្នុងច្បាប់សហជីពមិនទាន់មានការកែប្រែ។​

លោកថា៖ «យើងមិនទាន់សប្បាយចិត្ត១០០%ទេ។ នៅពេលនេះយើងត្រូវពិនិត្យមើ​លសំណុំរឿងទាំងអស់ហ្នឹង​ត្រូវបានដោះស្រា​យ​យ៉ា​​​​ង​ម៉េចហ្នឹងរឿងទី១។ រឿងទី២ តើប៉ុន្មាន​រឿងដែល​ត្រូវបានដោះ​ស្រាយ ហើយថាតើមានសម្ពាធអ្វីផ្សេងទៀតនៅក្នុងហ្នឹង ឬក៏រឿ​ង​ហ្នឹ​ងត្រូវបានដោះ​ស្រាយទាំងអស់​ដោយយុ​ត្តិ​ធម៌សម្រា​ប់យើង ។ ហើយយើងមានសេរីភាពមែន យើងចាំមើល តទៅទៀត»។

ដូចគ្នានេះដែរនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ការក្រើនរំឭ​ករ​ប​ស់នា​យករដ្ឋមន្ត្រីនេះ ជា​សារវិជ្ជ​មា​ន​មួយ​ ដែលជំរុញដល់ការស្តារសេរីភាពសហជីពឡើងវិញផង និងជាកា​រឆ្លើយត​បជាវិជ្ជ​មា​ន​ផង ដោយថាថ្មីៗនេះអ្នកបញ្ជាទិញមួយចំនួន ជំរុញឲ្យរដ្ឋាភិបាលទម្លាក់បទចោទលើមេដឹកនាំសហជីព ដែល​ពួ​ក​គេ​យល់ថា​ការ​​​ចោ​​ទ​​ប្រកាន់កន្លងទៅ ជាចេតនានយោបាយ ។

លោកថា៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាល លោកពិចារណាទៅលើសំណើរបស់អ្នកបញ្ជាទិញដែរ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មឡើងវិញ  ដើ​ម្បី​ឲ្យសហជីព ឬកម្មករហ្នឹងលោកមានលទ្ធភាពគ្រប់គ្រាន់ដែលធានាក្នុងរដ្ឋធម្មនុញ្ញហ្នឹង ក្នុងការអនុវត្តសិទ្ធិជាមូ​លដ្ឋានចូល​រួម​ស​​​​ក​ម្ម​ភាពសហជីព ចរចាជាសមូហភាព ក្នុងការបញ្ចេញមតិតាមរយៈការធ្វើកូដកម្មដោយសន្តិវិធី»។

កាលពីថ្ងៃទី៥ខែតុលា សហភាពអឺរ៉ុប បានគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ ទុកពេលឲ្យ១ឆ្នាំ ក្រោយ​ពីរ​កឃើ​​ញថា រដ្ឋាភិបាលកម្ពុជា នៅតែ​បន្តរំ​លោ​ភសិទ្ធិការងារ ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប្រព័ន្ធអនុគ្រោះពន្ធ ត្រូវរដ្ឋាភិបាលកម្ពុជា ប៉ាន់ប្រមាណថា ប្រាក់ជិ​ត៧០​០លា​ន​ដុ​ល្លារ ក្នុង១ឆ្នាំកម្ពុជាបានចំណេញ​ពីកា​រមិន​បង់​​ពន្ធ ។

សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC កាលពីថ្ងៃទី២០ខែតុលា បានដាក់លិខិតទៅសហភាពអឺរ៉ុប ស្នើឲ្យពិចា​រណា​​ឡើ​​ង​​វិញ ពីវិធា​ន​កា​រ​​រ​​បស់​ខ្លួន ដោយ GMACព្រួយបារម្ភថា ការដកប្រព័ន្ធអនុ​គ្រោះពន្ធ បង្កផលប៉ះពា​ល់ដល់កម្មករជាង៧០ម៉ឺ​ន​នាក់ រ​យៈ​ពេល​យូរ និ​​ង​ក្រុមគ្រួសាររបស់ពួកគេ។

ទោះជាយ៉ាងណា ក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឲ្យភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណា ឲ្យវិស័យកាត់ដេរ ក្លា​​​យ​​​ជាសហគមន៍សុខសាន្ត គ្មានគ្រឿងញៀន គ្មានបងធំកាងរោងចក្រ និងមិនត្រូវរារាំងដល់សកម្មភាពជំរុញលក្ខខណ្ឌការងារ ឬ​រំ​​ខា​ន​ដល់ការប្រមូ​លផ្តុំណា​មួយ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ