ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចាត់​ទុក​​ល្បែង​ភ្នាល់​នយោបាយ​ថា «ធ្វើ​ឲ្យ​ជាតិ​បែក​បាក់​ធ្ងន់ធ្ងរ»

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

ក្រុមមេធាវីការពារក្ដីឲ្យមេដឹកនាំអតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ភ្នាល់​គ្នា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជុំ​វិញ​ការ​ដោះ​លែង ឬ​មិន​ដោះ​លែង​លោក កឹម សុខា នា​ពេល​ខាង​មុខ​នេះ។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បាន​ហៅ​ល្បែង​ភ្នាល់​នយោបាយ​នេះ​ថា ធ្វើ​ឲ្យ​ជាតិ​កាន់​តែ​បែក​បាក់។

ក្រុម​មេធាវី​ទាំង​នោះ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ទៀត​ថា ការ​ដោះ​លែង ឬ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ ហើយ​ល្បែង​ភ្នាល់​នយោបាយ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នីតិវិធី​ស៊ើប​សួរ​របស់​តុលាការ។

ក្រុមមេធាវីការពារបន្ដថា អ្នកនយោបាយគួរប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំវាយតម្លៃចំពោះ​ការភ្នាល់នេះ។

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្រេច​ភ្នាល់​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ថា ប្រសិន​បើ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ ត្រូវ​បាន​ដោះ​លែង​នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ​នេះ នោះ​លោក ហ៊ុន សែន នឹង​ចុះ​ចេញ​ពី​តំណែង។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ភ្នាល់​បែប​នេះ បន្ទាប់​ពី​​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នោះ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា លោក​នឹង​ដើរ​ចូល​ឲ្យ​គេ​ចាប់​ខ្លួន​យក​ទៅឃុំ​ជាមួយ​នឹង​លោក កឹម សុខា ប្រសិន​បើ​គ្មាន​ការ​ដោះ​លែង​លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ