បណ្ដាញ​អន្តរជាតិ​មួយ​ជំរុញ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN បញ្ចូល​បញ្ហា​ជម្លោះ​ដី​ធ្លី​ក្នុង​របាយការណ៍​ថ្មី

អ្នកភូមិមានជម្លោះដីធ្លីមកពីខេត្តក្រចេះ តវ៉ាមុខផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរកកិច្ចអន្តរាគមន៍ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហ៊ី ឆាយ)

អង្គការអន្ដរជាតិមួយ បានជំរុញទៅអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត​ ឲ្យ​ដាក់​បញ្ចូល​​បញ្ហាជម្លោះដីធ្លីលើកសិករ និងជនជាតិដើមភាគតិច ទៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ថ្មី​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ សម្ព័ន្ធប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងពិភពលោក (People’s Coalition on Food Sovereignty) បានជំរុញទៅលោកស្រី រ៉ូណា ស្មីត ឲ្យដាក់បញ្ចូលបញ្ហាជម្លោះដីធ្លីនៅកម្ពុជាទៅក្នុងរបាយការណ៍របស់លោកស្រី ដែលគ្រោងលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកលនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែមករា ឆ្នាំ២០១៩ខាងមុខ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល​នោះ អង្គការ PCFS ក៏បានថ្កោលទោសអាជ្ញាធរកម្ពុជា ដែលបានរារាំងក្រុមអ្នកមានជម្លោះដីធ្លី និងក្រុមជនជាតិដើមភាគតិតមកពីខេត្តព្រះវិហារ កំពង់ធំ ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកណ្ដាលជាដើម ដែលបានឡើងមកតវ៉ាដើម្បីសុំដំណោះស្រាយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ​វិច្ឆកាកន្លងទៅ។

ក្រៅពីនេះ អង្គការអន្ដរជាតិមួយនេះក៏ជំរុញឲ្យលោកស្រី រ៉ូណា ស្មីត ឲ្យ​ពិនិត្យមើលផងដែរអំពីការចោទប្រកាន់​លើមេដឹកនាំសហគមន៍ ៤រូប​នៅខេត្តព្រះវិហារ និងបុគ្គលិក ២រូប​របស់អង្គការពន្លកខ្មែរ ដែលត្រូវបានតុលាការខេត្តនេះកោះហៅ​កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពាក់ព័ន្ធនឹងសំណុំរឿងកាលពី ៤ឆ្នាំមុនជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ Guangdong Hengfu Group Sugar Industry។

លោកស្រី រ៉ូណា ស្មីត ទើបតែបានបញ្ចប់បេសកម្មរយៈពេល ១១ថ្ងៃនៅកម្ពុជា ដែលចាប់ផ្ដើមពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា​កន្លងទៅនេះ។

ដំណើរទសន្សកិច្ចមកកម្ពុជាជាលើកទី៦ របស់លោកស្រី រ៉ូណា ស្មីត គឺដើម្បីធ្វើរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

លោកស្រីក៏គ្រោងលើកយកបញ្ហាដែលលោកស្រីរកឃើញដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាដើមឆ្នាំក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ