អ្នក​តាម​ដាន​​បារម្ភ​ពី​កំណើន​អំពើ​ពុក​រលួយ​ ក្រោយ​រដ្ឋាភិបាល​តែង​តាំង​មន្ត្រីជាន់​ខ្ពស់​​ច្រើន​នៅ​តាម​ក្រសួង​នានា

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា បានបន្ដតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបន្ថែមទៀតនៅក្នុងក្រសួងមួយចំនួន ខណៈអ្នកតាមដាន បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​តែង​តាំង​មន្ត្រី​ដ៏​ច្រើន​បែប​នេះ កាន់តែជំរុញ​ឲ្យ​មានអំពើពុករលួយនៅក្នុងស្ថាប័ន​រដ្ឋ ហើយ​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែវិច្ឆិកា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើតែងតាំងរដ្ឋលេខាធិការ ៤រូប និងអនុរដ្ឋលេខាធិការ ៥រូបបន្ថែមទៀត នៅ​ក្នុង​ក្រសួងមហាផ្ទៃ ខណៈដែលក្រសួងមួយនេះមានរដ្ឋលេខាធិការចំនួន ១៨រូប និងអនុរដ្ឋលេខាធិការចំនួន ៣២រូប​រួច​ទៅ​ហើយនោះ។

ក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀតចុះកាលពីថ្ងៃទី១០ ខែវិច្ឆិកាដែរនោះ រដ្ឋាភិបាលក៏បានស្នើតែងតាំងរដ្ឋលេខាធិការចំនួន ៧រូប និងអនុរដ្ឋលេខាធិការ ១០រូបថែមទៀតនៅក្នុងក្រសួងព័ត៌មានផងដែរ ខណៈក្រសួងនេះមានរដ្ឋលេខាធិការ ៨នាក់ និងអនុរដ្ឋលេខាធិការ ២៥នាក់រួចមកហើយនោះ។

បើទោះបីជាធ្លាប់បានប្រកាសអំពីការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ដ្រីថ្មីក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលអាណត្តិទី៦នេះនៅតែរក្សាទុកសមាសភាពរដ្ឋមន្ដ្រីដដែល ហើយបានពង្រីកចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការកាន់តែធំជាងមុន។

ចាប់​តាំង​ពីបង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​កន្លង​មក លោក​ ហ៊ុន សែន បាន​ស្នើ​តែង​តាំង​​អនុ​រដ្ឋ​លេខាធិការ​ដល់​ទៅ​ ៣៩១​នាក់ និង​​រដ្ឋលេខាធិការ​​ចំនួន​២៤១​នាក់រួចមកហើយនៅតាមក្រសួង និង​ស្ថាប័នរដ្ឋ​នានា។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន រិះគន់ថា ការតែងតាំងមន្ដ្រីក្នុងជួររដ្ឋាភិបាលច្រើនពេកបែបនេះ គឺនាំឲ្យខាតបង់ថវិកាជាតិ ខណៈប្រសិទ្ធិភាពការងារក៏មិនសូវមាន។ លោកថា ការតែងតាំងមន្ដ្រីកន្លងមក គឺធ្វើឡើងតាមខ្សែបក្ស និងមិនដែលយកអ្នកមានជំនាញ និងសមត្ថភាពពិតប្រាកដនោះទេ។

លោកបន្ដថា៖ «មានន័យថា អ្នកតាមបក្ស អ្នកហ្នឹងទទួលបានការងារ ចៅហ្វាយត្រូវតែទៅរកការងារឲ្យ ត្រូវការតែងតាំងដើម្បីជាគុណបំណាច់សម្រាប់បុគ្គលមួយចំនួន ដែលនៅក្បែរអ្នកដឹកនាំហ្នឹង។ អាហ្នឹង ត្រូវបានទទួលការងារហ្នឹងហើយ។ ទី២ ពាក់ព័ន្ធនឹងសាច់ញាតិខ្សែស្រឡាយហ្នឹង កាលណាបក្សកាន់រដ្ឋាភិបាលហើយ គេតែងតាំងអញ្ចឹងទៅ»

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា ការតែងតាំងមន្ដ្រីជាបន្ដបន្ទាប់ មានចំនួនច្រើនពេក និងមិនសូវចាំបាច់សម្រាប់តម្រូវការជាក់ស្ដែងនោះទេ។ លោក​ក៏​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ថា វា​កាន់តែធ្វើឲ្យស្ថាប័នរដ្ឋមានអំពើពុករលួយ ខណៈរដ្ឋាភិបាលថ្មីមានបក្សតែមួយដឹកនាំ។

លោកបន្ដថា៖ «យើងឃើញហើយថា ការតែងតាំងថ្នាក់រដ្ឋលេខាធិការក៏មានលក្ខណៈខ្សែស្រឡាយនិយមនៅក្នុងក្រសួងនីមួយៗ ដូចជាក្រសួងរ៉ែ និងថាមពលអីហ្នឹងជាដើម ឪពុកជារដ្ឋមន្ដ្រី ហើយកូនជារដ្ឋលេខាធិការ។ ខ្ញុំគិតថា ជាទិដ្ឋភាពមួយដែលមានការប្រែប្រួលខ្លាំង នៅពេលដែលការដឹកនាំ​ក្បាលម៉ាស៊ីនរដ្ឋសភា គឺជាសភាឯកបក្ស»

កាលពីថ្ងៃទី២២ ខែកញ្ញា​កន្លងទៅ លោក ហ៊ុន សែន ក៏​បាន​ស្នើ​តែង​តាំង​មន្ត្រី ២០៧​នាក់​ទៀត ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ​ រហូត​ដល់​ឋានៈ​ស្មើ​ឧប​នាយករដ្ឋ​មន្ត្រី។

ក្រៅពីនេះ កាលពីពាក់កណ្ដាលខែកញ្ញាផងដែរនោះ លោក ហ៊ុន សែន ក៏​បានតែងតាំង​មន្ត្រីជិត ៣០០​នាក់​ផ្សេង​ទៀតឲ្យធ្វើជា​ទីប្រឹក្សា​ផ្ទាល់ ​ជំនួយ​ការ ​លេខា និង​សមាជិក​ក្នុងក្រុម​ពិធីការ​ក្នុង​​ខុទ្ទកាល័យ​របស់​លោក​ផងដែរ។

ទោះជាយ៉ាងណា មន្ត្រី​កាន់​តំណែង​អនុ​រដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ មិន​ត្រូវ​បាន​ចាត់​ចូល​ក្នុង​សមាជិក​រដ្ឋាភិបាល​នោះ​ឡើយ​សម្រាប់​អាណត្តិ​ទី​៦​នេះ បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​កែ​ប្រែ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋ​មន្ត្រី និង​មាត្រា ១១៨​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ពុំ​តម្រូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​ការ​យល់​ព្រម​ពី​រដ្ឋ​សភា សម្រាប់​ការ​តែង​តាំង​មន្ត្រី​ណា​ម្នាក់​ឲ្យ​កាន់​តំណែង​​រដ្ឋលេខាធិការ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ