ពលរដ្ឋ​ថា អាជ្ញាធរខេត្តស្វាយរៀង​សន្យា​ពន្លឿន​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ក្រោយ​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ

អ្នកភូមិមានជម្លោះដីធ្លីនៅ​ឃុំ​អំពិល ជាមួយនឹង​ក្រុមហ៊ុន អិន ខេវេនឈ័រ បាននាំគ្នាទៅជួបលោកអភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ សម្ព័ន្ធសហគមន៍កសិករកម្ពុជា)

ពលរដ្ឋ​ម្នាក់​ដែល​អះ​អាង​ថា ជា​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋមាន​ជម្លោះ​ដី​ធ្លី​នៅ​ឯ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា អភិបាល​រង​ខេត្ត​ លោក ហែម ពិសិដ្ឋ បាន​សន្យា​​ថា នឹង​ពន្លឿន​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ។

តំណាងពលរដ្ឋមក​ពី​ឃុំ​អំពិល អ្នកស្រី ខៀវ សារ៉ុន ប្រាប់វីអូឌីនៅថ្ងៃនេះថា អភិបាលរងខេត្តស្វាយរៀងបានហៅរូប​គាត់ និង​អ្នក​ភូមិ ៧​រូប​ទៀត ទៅប្រជុំនៅសាលាស្រុករហែក​នៅ​ថ្ងៃ​នេះ ដើម្បីធ្វើការដោះស្រាយបញ្ហាដីធ្លី ប៉ុន្តែ អ្នកស្រី​ថា មិនទាន់ទទួលបានលទ្ធផលអ្វីនោះទេ។

អ្នកស្រីថា៖ «គាត់និយាយថា ដោយសារ គាត់ទើបជាប់ថ្មី ដល់អញ្ចឹង គាត់អត់ទាន់ដឹងច្បាស់ពីព័ត៌មានលម្អិតទេ។ អញ្ចឹង គាត់សុំពេលដើម្បីគាត់សិក្សាអំពីការងារហ្នឹង ហើយតើត្រូវជជែកម៉េចជាមួយប្រជាពលរដ្ឋ។ ដល់ពេលគាត់សិក្សាដឹងច្បាស់ហើយ គាត់នឹងហៅប្រជាពលរដ្ឋទៅសម្របសម្រួលម្ដងទៀត»

តំណាងប្រជាពលរដ្ឋម្នាក់ទៀត លោក ឡុង ផល លើកឡើងថា អភិបាលរងខេត្ត លោក ហែម ពិសិដ្ឋ បានសន្យាជាមួយពួកគាត់ថា នឹងធ្វើការដោះស្រាយវិវាទដីធ្លីនេះឲ្យបានឆាប់ដល់ពួកគាត់ ប៉ុន្តែ លោក​ថា ពួកគាត់នឹងនាំគ្នាឡើងមកតវ៉ានៅភ្នំពេញបន្តទៀត ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​នោះ។

លោកថា៖ «ក្នុងហ្នឹង ពួកខ្ញុំថា បើសិនគ្មានដំណោះស្រាយរយៈពេលយ៉ាងយូរកន្លះខែទៀត គឺយើងហ្នឹងទៅតាមដានញត្តិដែលដាក់នៅក្រសួងកសិកម្ម និងក្រសួងរៀបចំ​ដែនដី»

ការហៅតំណាងប្រជាពលរដ្ឋទៅប្រជុំនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានប្រមូលគ្នាឡើងមកដាក់ញាត្តិនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ដើម្បីស្វែងរកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិសំខាន់ៗឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។

អភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោកកំពុងធ្វើការសិក្សាទៅ​លើ​ករណី​ជម្លោះ​ដី​ធ្លី​នេះ មុន​នឹង​សម្រេច​លើ​ដំណោះ​ស្រាយ​យ៉ាង​ណា​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​នោះ។

លោកថា៖ «ខ្ញុំកំពុងយកបច្ចេកទេសមកគិតហើយ អញ្ចឹងខ្ញុំនឹងឲ្យដំណឹងពេលក្រោយ ពីព្រោះខ្ញុំបានប្រាប់ទៅគាត់អស់ហើយ​ថា គាត់ត្រូវធ្វើយ៉ាងម៉េចៗ ខ្ញុំមានតែប៉ុណ្ណឹងទេ។ ឆាប់ដែលអាចធ្វើបាន ខ្ញុំនឹងប្រឹង»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់ទុកការសន្យារបស់អភិបាលរងខេត្តដែលចុះទៅជួបប្រជាពលរដ្ឋថា ជារឿងល្អ ប៉ុន្តែ ប្រសិនខេត្តមិនធ្វើតាមការសន្យានោះ ប្រជាពលរដ្ឋនឹងនាំគ្នាឡើងមកតវ៉ានៅរាជធានីភ្នំពេញបន្តទៀត។

លោកក៏​បាន​ស្នើទៅតុលាការឲ្យទម្លាក់បទចោទប្រកាន់លើអ្នកភូមិ ដែលត្រូវបានម្ចាស់ក្រុមហ៊ុនប្ដឹងទៅសាលាដំបូងខេត្តស្វាយរៀងកន្លងមក ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះផងដែរ។

លោកថា៖ «យើងចង់ឲ្យ​រដ្ឋបាលខេត្តក៏ដូចជា​អាជ្ញាធរខេត្ត មេត្តាពន្លឿនអំពីដំណើរការដោះស្រាយតាមរយៈការជជែក និងការស្រាវជ្រាវព័ត៌មានឲ្យបានចប់សព្វគ្រប់ ហើយធ្វើការកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុនឲ្យបានឆាប់រហ័តផងដែរ ដើម្បីកុំឲ្យប្រជាពលរដ្ឋកាន់តែអូសពេលវេលាកាន់តែយូរ ហើយធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ពីព្រោះពួកគាត់ត្រូវការដីធ្លីសម្រាប់ប្រើប្រាស់និងបង្កបង្កើនផលចិញ្ចឹមជីវិតរបស់ពួកគាត់»

ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​អំពិល និង​ក្រុមហ៊ុន អិន ខេវេនឈ័រ បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ភូមិ ៦​នាក់ បាន​រង​បណ្ដឹង​ពី​សំណាក់​ក្រុមហ៊ុន​នៅ​ឯ​​តុលាការ​ផងដែរ។

សាលាដំបូងខេត្តស្វាយរៀង ក៏បានកោះប្រជាពលរដ្ឋចំនួន ៤នាក់ ឲ្យចូលបំភ្លឺនៅតុលាការក្រោមបទចោទថា បានធ្វើឲ្យ​ខូចខាត និងរំលោភកាន់កាប់ដីឯកជនសាធារណៈរបស់រដ្ឋខុសច្បាប់ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំអំពិល។

ពលរដ្ឋ អះអាងថា កាលពីឆ្នាំ២០១០ អ្នកភូមិ ៤៤០គ្រូសារ នៅឃុំអំពិល ចាប់ផ្តើមមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អិន ខេវេនឈ័រ បន្ទាប់​ពី​ក្រុមហ៊ុននោះទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ ៦៧០​ហិចតា​ពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ដំណាំកសិកម្ម ប៉ុន្តែ ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​ដី​សម្បទាន​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន ម៉េង ឆេងលីន គ្រុប៕

អ្នកភូមិមានជម្លោះដីធ្លីនៅ​ឃុំ​អំពិល ជាមួយនឹង​ក្រុមហ៊ុន អិន ខេវេនឈ័រ បាននាំគ្នាទៅជួបលោកអភិបាលរងខេត្តស្វាយរៀង លោក ហែម ពិសិដ្ឋ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ សម្ព័ន្ធសហគមន៍កសិករកម្ពុជា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ