កម្មករជិត៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោដួលសន្លប់​ជា​បន្ត​បន្ទាប់

ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែ​ធ្វើ​ចលនា​ជួយ​សង្គ្រោះ​កម្មការិនី​ម្នាក់ ដែល​ដួល​សន្លប់​នៅ​រោងចក្រ​ ហ្គ្រីន មីដូវ ស្ថិត​នៅ​ខណ្ឌ​ដង្កោ ជាយ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក

នគរបាលអះអាងថា កម្មករជិត ៤០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដួលសន្លប់ជា​បន្ត​បន្ទាប់​អំឡុង​ពេលពួកគេ​កំពុងបំពេញការងារ។

អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា ប្រាប់វីអូឌីថា កម្មករ ៣៨នាក់ ក្នុង​នោះ​មាន​បុរស ២​នាក់ បម្រើការងារនៅរោងចក្រ​ហ្គ្រីន មីដូវ ស្ថិតក្នុងសង្កាត់ពងទឹក បានដួលសន្លប់ជាបន្តបន្ទាប់ ប៉ុន្តែ លោកមិនអាចបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយរហូតពេលនេះ។

លោកបន្តថា ក្រុម​កម្មករ​ដែល​ដួល​សន្លប់​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​នៅ​ក្បែរៗ​នោះ។

លោកបន្ថែមថា៖ «តាមយើងសិក្សាលម្អិតទៅ មកពីអ្នកបកប្រែគាត់និយាយសំឡេងលឺៗពេក ដល់គាត់និយាយលឺៗ​ទៅ ធ្វើឲ្យ​កម្មករកំពុងដេរ​ភ្ញាក់ ដល់ភ្ញាក់ទៅបណ្តាលឲ្យសន្លប់តៗគ្នា។ អ្នកឈរសន្លប់ដែរអញ្ចឹងទៅ។ ទៅសម្រាកតែ​បន្តិចមកវិញហើយ អត់មានបញ្ហាអីទេ ពួកគាត់គ្រាន់តែមានអាការៈតឹងទ្រូង ទន់ដៃទន់ជើងតិចតួចទេ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា តាមការស្រាវជ្រាវ កម្មករដួលសន្លប់ដោយសារបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។ មេដឹកនាំ​សហជីព​រូប​នេះ បានផ្តល់អនុសាសន៍ទៅក្រសួងការងារ និងភាគីរោងចក្រ ឲ្យធ្វើការកែលម្អលក្ខខណ្ឌទាំងនេះផងដែរ។

លោកបន្ថែមថា៖ «ដោយសារគាត់ធ្វើការក្នុងបរិយាកាសអាក្រក់ ដូចជា នៅក្នុងរោងចក្រនោះមានជាតិគីមី ធូលី កម្ដៅ ពន្លឺ និងអុកហ្សីុសែននៅកន្លែងខ្លះមិនគ្រប់គ្រាន់ ហើយអគារខ្លះបិទជិត មិនឲ្យខ្យល់អុកហ្សីុសែនចូលគ្រប់គ្រាន់ ធ្វើឲ្យកម្មករខ្សោយ ដល់អញ្ចឹង ពេលទៅជួបព្រឹត្តិការណ៍ ឬក្លិនអីថ្មីៗ ធ្វើឲ្យកម្មករសន្លប់តែម្តង។ ឧទាហណ៍​ថា រោងចក្រខ្លះ ពេលល្ងាច គាត់បាញ់ថ្នាំមូស ឬថ្នាំសត្វល្អិត ព្រលឹមឡើងកម្មករចូលធ្វើការ គាត់បើក ពេលបើកក្លិនហ្នឹងចេញពីមកផ្លិតទឹកវាជះមកពេញឃ្លាំងធ្វើឲ្យកម្មករសន្លប់»

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្មការិនី​ ១១៦០​នាក់បាន​ដួល​សន្លប់​កាល​ពី​ឆ្នាំ​មុន បាន​​ថយចុះ​បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​កម្មការិនី​ដល់​ទៅ ១៦០៣​នាក់បាន​ដួល​សន្លប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ