រដ្ឋាភិបាលប្រកាសសមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់

កិច្ចប្រជុំគណៈប្រតិបត្តិនៃក្រុមប្រឹក្សាអ្នកច្បាប់ កាលពីពេលកន្លងទៅ។ (រូបភាព៖ coj.gov.kh)

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីសមាសសភាពក្រុមប្រឹក្សា និងទីប្រឹក្សាអ្នកច្បាប់ដែលមានចំនួន៥៥រូប។​

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់ក្រុមប្រឹក្សាអ្នកច្បាប់ចំនួន៤៥រូបឲ្យមានឋានៈស្មើនឹងឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាដើម។ ចំណែក ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ចំនួន១០រូបទៀត ក៏ទទួលបានឋានៈស្មើនឹងឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីជាដើម បន្ថែមទៅលើមុខងារបច្ចុប្បន្ន។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នមួយដែលត្រួតពិនិត្យ និងផ្ដល់យោបល់ផ្នែកច្បាប់ដល់រដ្ឋាភិបាល ប៉ុន្ដែ ចំពោះការសម្រេចយ៉ាងណានោះ គឺស្ថិតលើរដ្ឋាភិបាលដដែល។

លោកបន្ដថា៖ «និយាយរួមទៅក្រុមប្រឹក្សាអ្នកច្បាប់ គ្រាន់តែពិនិត្យបញ្ហាច្បាប់ទៅរដ្ឋាភិបាលតើ និយាយរួមទៅ អ្នកនយោបាយចង់បានអី យើងឲ្យយោបល់ទៅ ហើយសរសេរច្បាប់ តាមបំណងរបស់អ្នកនយោបាយ»។

អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញប្រហាក់ប្រហែលគ្នានេះ ដោយលោកថា វាអាស្រ័យទៅលើរដ្ឋាភិបាលខ្លួនឯង ដែលត្រូវមានឆន្ទៈនយោបាយពិតប្រាកដក្នុងការជំរុញនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃមកកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ក៏បានជួបជាមួយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក អង្គ វង្ស វឌ្ឍនា និងបានជំរុញឲ្យក្រសួងមួយនេះបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបន្ដធ្វើកំណែទម្រង់នូវចំណុចមួយចំនួន ដូចជា បញ្ហាតម្លាភាពនៃប្រព័ន្ធយុត្ដិធម៌ ការតែងតាំង និងតម្លើងឋានន្ដរសក្ដិដល់ចៅក្រម និងព្រះរាជអាជ្ញា ឯករាជ្យភាពស្ថាប័នតុលាការ នីតិវិធីឃុំខ្លួនបណ្ដោះអាសន្ន និងជំរុញការទទួលបានយុត្តិធម៌ពិតប្រាកដនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ