អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គ​ម​រំ​ឭក​ថា ផ្ទៃ​ក្នុង​រឹ​ងមាំ​ទើ​ប​ការ​ពារ​ប្រយោ​ជន៍​ជាតិ​បាន​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

អ្នកឃ្លាំមើលពីបញ្ហាសង្គ​មក្រើនរំឭកថា បើអ្នកនយោបាយខ្មែរនៅតែមិនអាចសម្របសម្រួលគ្នា វិលទៅរកការប្រកួតប្រ​ជែងអំ​ណា​​ច ​តា​​​ម​ប្រព័ន្ធប្រជាធិបតេយ្យឡើងវិញបាន នោះនឹងរុញប្រទេសជាតិឲ្យជួបនឹងវិបត្តិធ្ងន់ធ្ងរ។

នៅប៉ុន្មានថ្ងៃនេះ សង្គ្រាមពាក្យសម្តី រវាងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន​ សែន និងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី​​​​បានបន្តផ្ញើសារឌឺដងដាក់គ្នានៅឡើយ ក្រោយពីមេដឹកនាំទាំងពីរបបួលគ្នាភ្នាល់ពីលទ្ធភាពដោះលែង ឬមិនដោះលែង លោក កឹម សុខា ដែលត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះនៅឡើយនោះ។

លោក សម រង្ស៊ី នៅថ្ងៃនេះ បានផ្ញើសារលើបណ្តាញសង្គមថា ការដែលលោក ហ៊ុន សែន ព្រមភ្នាល់ ថាជាយុទ្ធសាស្ត្រ​មួយរុញ​មេ​ដឹ​ក​​នាំ​រូ​បនេះឲ្យទល់ជញ្ជាំង ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិថាការចាប់ឃុំខ្លួនលោក កឹម សុខា កន្លងមកនេះ ជារឿ​ងន​​យោបាយ។

ចំ​​ណែកលោក ហ៊ុន​ សែន វិញត្រូវបានគេហទំព័រ Fresh News បន្តដកស្រង់ប្រតិកម្មមកចុះផ្សាយហៅលោក សម រង្ស៊ី ថា «ជា​អ្ន​ក​នយោបាយចង្រៃ »មិនចេះស្តាប់សារនយោបាយរបស់ខ្លួន ករណីដែលថានឹងមិនលើកលែងទោសឲ្យលោក កឹម សុខា នា​ពេ​ល​ក​ន្ល​ងទៅ ហើយបែជា​ចោទថា​ជាអ្នកត្រួតត្រាប្រព័ន្ធតុលាការបញ្ជាតុលាការទៅវិញ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ​ សំអាត មានប្រសាសន៍ថា សង្គ្រាមពាក្យ​សម្តីរបស់​មេដឹកនាំ​នឹ​ង​ជះ​ឥទ្ធិ​ព​ល​ដល់ការរំលោភសិទ្ធិមនុស្ស បើអាជ្ញាធរនិងប្រព័ន្ធតុលាការមិនឯករាជ្យ។

លោក អំ សំអាត រំឭកថា សហភាពអឺរ៉ុបបានកំណត់ពេលវេលាជាក់លាក់ ដើម្បីព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយសា​រតែ​ជ​ម្លោះ​​​​​​​​ន​យោបាយ​ លោកថា បញ្ហាចំបង អ្នកនយោបាយ ត្រូវវិលទៅប្រកួតគ្នាតាមប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ ទើបអាចការ​ពា​រប្រ​​យោ​ជន៍​​ជា​តិ​បាន។

លោកថា៖ «បញ្ហានៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះ វាជាកត្តាសំខាន់ដែល​កម្ពុជាទទួល​បានការគាំទ្រពីស​ហគមន៍អន្តរជាតិ ហើយក៏ដូចជាការចែង​ក្នុងកិច្ចព្រមព្រៀងសន្តិភា​ពទីក្រុងប៉ារីសដែរ។ អញ្ចឹងបើសិ​នជាអ្នកនយោបាយទាំងអ​ស់មិ​នដើ​រតាមផ្លូវហ្នឹងទេ អ្នកដែលរងផលប៉ះពាល់ គឺពលរដ្ឋ»។

លោក អំ សំអាត រំឭកទៀតថា បើរដ្ឋាភិបាលបណ្តែតបណ្តោយឲ្យកើតមានវិបត្តិបែបនេះ ពលរដ្ឋនឹងស្តីបន្ទោសទៅរដ្ឋា​ភិបាលវិ​ញ​​ថា​ មិនបានការពារ​ផលប្រយោជន៍​របស់​ពួក​គេ​ ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលោក មឿន តុលា អះអាងកាលពីសប្តាហ៍មុនថា បើប្រព័ន្ធអនុ​​​គ្រោះ​​​ពន្ធ​​រ​ប​ស់សហភាពអឺរ៉ុបត្រូវបានកាត់ផ្ដាច់ វានឹងប៉ះពាល់ដល់កំណើតសេដ្ឋកិច្ច ប៉ះពាល់ដល់កម្មករជាង៨០ម៉ឺននាក់ដែលបម្រើការងារក្នុងវិស័យកាត់ដេរ និងប៉ះពាល់ជាប្រយោលដល់ពលរដ្ឋជាង២លាននាក់ផ្សេងទៀត។

របាយការណ៍របស់គណកម្មការអឺរ៉ុប ចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ថាកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​៦ពាន់លានដុល្លារ។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿង ពន្យល់ថា តាមទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ បើអ្នកន​យោបាយ​យកបញ្ហា​ផ្ទា​ល់​​ខ្លួនម​​កលាយឡំជាមួយការងារប្រទេសជាតិ លោកថាជាគ្រោះថ្នាក់សម្រាប់សង្គមទាំងមូល ហើយថាមានតែ​ពង្រឹ​ង​ផ្ទៃក្នុងជាតិទេ ទើបអាចជ្រោងកម្ពុជាពេលនេះ ឲ្យផុតពីវិបត្តិសង្គមបាន។

លោកថា៖ «ដំណោះស្រាយមានតែមេដឹកនាំយើងរៀនផ្លាស់ប្តូរឥរិយាបថខ្លះ នៅក្នុងការធ្វើនយោបាយបន្តទៀត ដែលជ្រើ​សរើសយ​កកម្ម​វិធីឈ្នះៗទាំងអស់គ្នា ហើយរៀនរស់នៅនិងធ្វើការជាមួយគ្នាទើបខ្មែរយើងខ្លាំង ដូចព្រះប​ន្ទោលរបស់សម្តេចតា ទាល់តែ​ខ្មែរ​យើ​ង​សាម​គ្គីគ្នាចេះធ្វើការជាមួយគ្នាទើបជាតិយើងអភិវឌ្ឍទៅមុនបានលឿន និងមានស្ថិរភាព»។

លោក ប៉ា ច័ន្ធរឿន រំឭកថា អ្នកនយោបាយខ្មែរ គួររៀនប្រើប្រាស់ និងទទួលយកប្រព័ន្ធ​ប្រជាធិបតេ​យ្យដ៏ពិតប្រា​កដមួយម​កអ​នុវ​ត្ត ​ទើបអាចធានាដល់ភាពរឹងមាំផ្ទៃក្នុងជាតិ ដូចប្រទេសប្រជាធិបតេយ្យមួយចំនួនលើពិភពលោក ដែលគេធ្វើបាន។

លោកថា៖ «ដូចជានៅប្រទេសស៊ុយអ៊ែត អីជាដើមដែលគេបានគោរពនិងដើរតាមគោលការណ៍ប្រជាធិបតេយ្យបានល្អហ្នឹង ឃើញ​ថាគឺជាប្រទេសមួយដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ហើយរបាយការណ៍ទាក់ទងនឹងសុភមង្គលរបស់ពលរដ្ឋគេ តែងតែ​ឈ​រនៅក្នុងលំដាប់ខ្ពស់ជាងគេជានិច្ច»។

ដូចគ្នានេះដែរ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា កាលណាមេដឹកនាំ គិតតែប្រកួតយកឈ្នះ ពីបញ្ហាបុគ្គល លោ​កថាពួកគេនឹងភ្លេចពង្រឹងផ្ទៃក្នុងជាតិ។ ប៉ុន្តែលោកថា ការរក្សាទីតាំងរបស់កម្ពុជាឲ្យ​នៅកន្លែងឱកាសប្រ​កួតប្រជែងជាមួ​យ​ប្រ​​ទេ​សក្នុងតំបន់ ដូចពេលនេះ គឺពង្រឹងផ្ទៃក្នុងជាតិ ធានាពីដំណើរការប្រជាធិបតេយ្យ។

លោកថា៖ « បញ្ហាចោទកម្ពុជាបច្ចុប្បន្ន គឺសម្ពាធ ឬគេហៅថាការចាត់ការណាមួយរបស់អន្តរជាតិមកលើកម្ពុជា ដូចជាករណី​សហគ​មន៍អឺរ៉ុប​​​ គេអាចដក EBA ក្នុងរយៈពេល៦ខែ។ អញ្ចឹងយើងឆ្លងផុត១ខែហើយ។ អញ្ចឹគួរតែមានយន្តការជជែកគ្នា»។

សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ Occidental College នៃ​រដ្ឋ Los Angeles សហរដ្ឋអាមេរិក លោក អ៊ា សុផល បានហៅ​ស​ង្គ្រាមពាក្យសម្តីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី នេះថាជាសញ្ញាវិជ្ជមានមួយ ដែលជំរុញឲ្យមេដឹ​កនាំទាំងពី​រនេះបា​ន​ឆ្លើយឆ្ល​​ងគ្នាឡើងវិញ ។ ប៉ុន្តែលោកវិភាគថា ផ្លូវដែលអាចជ្រោងកម្ពុជាឲ្យផុតពីវិធានការរបស់អន្តរជាតិនោះ គឺការដោះ​លែង​លោ​ក​ កឹម​ សុខា ទម្លាក់បទចោទមន្ត្រីនយោបាយបក្សប្រឆាំងទាំងអស់ និងឲ្យសង្គ្រោះជាតិបានដំណើរឡើងវិញ។

ចំណាត់ការរដ្ឋាភិបាល ដែលឈានទៅរំលាយអតីតគណបក្សប្រឆាំង ចាប់ឃុំខ្លួនលោក កឹម សុខា ជម្រុញឲ្យសហរដ្ឋអា​មេរិកប្រកាសមិ​ន​ទ​ទួលស្គាល់លទ្ធផលបោះឆ្នោតថ្ងៃទី២៩កក្កដា និ​ង​​បានព្រមាន ពង្រីកវិធានការដាក់ទ​ណ្ឌកម្មទិដ្ឋាការ និបង្កកទ្រព្យស​ម្បត្តិ​ដ​ល់​​​​​ម​ន្ត្រីមួ​យចំនួនបន្ថែមទៀត បើរដ្ឋាភិបាលកម្ពុជា​មិ​ន​​វិ​​​ល​ទៅដើរលើគន្លងប្រជាធិបតេយ្យឡើងវិញ។

ដូចគ្នានេះដែរសហភាពអឺរ៉ុប ក៏បានព្រមាន ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ ដោយទុកពេលឲ្យ១ឆ្នាំ បើ​​រដ្ឋា​ភិ​បាលក​ម្ពុ​ជាមិ​​នពិ​ចា​រណាដោះលែងលោក កឹម សុខា និង​បើកផ្លូវឲ្យ​អតីតគណបក្ស​ប្រ​ឆាំ​ង​​ បានដំណើ​រកា​រឡើ​ងវិ​ញ​នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ