រដ្ឋាភិបាលព្រមានចាត់វិធានការច្បាប់លើម្ចាស់យានយន្ត​ដែលមិនទៅបង់ពន្ធផ្លូវ​ឆ្នាំនេះ

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ដ្ឋាភិបាល​កម្ពុជា​បានព្រមានចាត់វិធានការច្បាប់​លើ​ម្ចាស់យានយន្តគ្រប់ប្រភេទ​ ដែល​ខក​ខាន​មិន​បង់ពន្ធផ្លូវ​តាមការកំណត់​របស់អគ្គនាយកដ្ឋានពន្ធដារក្នុង​ឆ្នាំ២០១៨នេះ​។

ក្នុង​សេចក្តីជូនដំណឹង​​​ចុះ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ​បាន​ឲ្យ​ដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ នឹងត្រូវ​បិទបញ្ចប់នៅត្រឹមថ្ងៃ៣០ ខែវិច្ឆិកា​ខាង​មុខ​នេះ។

ខណៈ​ដែល​ពេល​វេលា​ផុត​កំណត់​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ អគ្គនាយកដ្ឋានពន្ធដារ បាន​ព្រមានថា បើម្ចាស់យានយន្តទាំងអស់មិនទៅបង់ពន្ធតាមកាលកំណត់ទេ នឹងត្រូវ​ទទួលរងទោសទណ្ឌតាមច្បាប់ស្តីពីពន្ធដារ។

សេចក្តីជូនដំណឹង​ដដែលបញ្ជាក់ថា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារ នឹង​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះតាមដងផ្លូវ​នានាផង​ដែរ។

អគ្គនាយកដ្ឋាន​ពន្ធ​ដារ ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ម្ចាស់​យានយន្ត​ទាំង​អស់​អាច​ទៅ​បង់​ពន្ធ​បាន​នៅតាម​សាខា​​ពន្ធ​ដារ​ខេត្ត ខណ្ឌ ​ឬ​តាម​សាខា​នៃ​ធនាគារ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជជាមួយ​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស។

ទោះជាយ៉ាងណាក្នុងសេចក្តីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ មិនបានបញ្ជាក់ពីចំ​នួនយានយន្តដែលបង់ពន្ធផ្លូវ​រួច និងមិនទាន់ទៅបង់មានចំនួនប៉ុន្មាននៅឡើយ។

អគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ​បានថ្លែង​កាលពីឆ្នាំ​មុន​ថា មានយានយន្តប្រមាណ ៥២ម៉ឺនគ្រឿង បានជាប់កាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំ២០១៧ ប៉ុន្តែ លោកថា ម្ចាស់យានយន្ត​ដែលបានបង់ពន្ធរួចរាល់ក្នុងឆ្នាំ២០១៧នោះ​ មានចំនួន៤៨២,០៣៨គ្រឿង ខណៈម្ចាស់យានយន្តចំនួនប្រមាណ ៤ម៉ឺនទៀត មិនបានបង់ពន្ធមធ្យោបាយដឹកជញ្ជូននោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ