សាលាក្តីខ្មែរក្រហមសម្រេចឃុំខ្លួនលោក នួន ជា និង ខៀវ សំផន មួយជីវិត

លោក នួន ជា (រូបខាងឆ្វេង) និងលោក ខៀវ សំផន (រូបខាងស្ដាំ) ក្នុងសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

សាលាដំបូងនៃសាលាក្តីខ្មែរក្រហមនៅព្រឹកនេះ បានសម្រេចសាលក្រមទី២ដោយសម្រេច ឲ្យលោក នួន ជា និង លោក ខៀវ សំផន ជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសម័យខ្មែរក្រហម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ ផ្នែកទី២។​

ចាប់ពីម៉ោង៩ និង៣០នាទីព្រឹក ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមលោក និល ណុន បានចំណាយពេល២ម៉ោងអានខ្លឹមសារសាលក្រម។ ក្នុងខ្លឹមសារនោះមានលើក ឡើងពីការ ទទួលខុសត្រូវរបស់លោក នួន ជា និង លោក ខៀវ សំផន ក្នុងសម័យខ្មែរក្រហម។​

ក្នុងសាលក្រមបានលើកឡើងពីការឃុំឃាំង ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ បង្ខំឲ្យរួមភេទ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និង សាសនាឥស្លាម។​

អង្គជំនុំជម្រះក៏បានរកឃើញថា លោក នួន ជា ធ្លាប់កាន់តំណែងជាអ្នកសម្រេចចិត្តកំពូលជំនួស លោក ប៉ុល ពត ពេលលោក ប៉ុល ពត សុំច្បាប់សម្រាក។​

ចំណែកលោក ខៀវ សំផន តុលាការរកឃើញថា ធ្លាប់បំពេញការងារពង្រឹងនិងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម ធ្លាប់ដឹកនាំអ្នកការទូតក្នុងនាមជាប្រមុខរដ្ឋ និងចាត់ចែងការងារសំខាន់ៗមួយចំនួនទៀត។ តុលាការក៏បានចាត់ទុកថា លោក ខៀវ សំផន ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ បានដឹងនិងចូលរួមក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម។​

សាលក្រមនេះជា ការសម្រេចលើកទី២ បន្ទាប់សាលាដំបូងសម្រេចកាលពីឆ្នាំ២០១៤ និងតុលាការកំពូលសម្រេចកាលពីឆ្នាំ២០១៦ឲ្យអ្នកទាំងពីរជាប់ពន្ធនាគារមួយជីវិតរួចមកហើយក្នុងសំណុំរឿង០០២ផ្នែកទី១។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ