លោក ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជាកើនឡើង ទើបគេព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូល​រួម​ក្នុង​ពិធី​សួរសុខ​ទុក្ខ និង​ពិសារ​អាហារ​ជាមួយ​កុមារ​ពិការ​គ​ថ្លង់ ស្ថិត​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លើកឡើងថា ការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ​ណាមួយនោះ គឺបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចរបស់កម្ពុជាបន្ដកើនឡើង។

ក្នុងពិធីជួបសំណេះសំណាលជាមួយកុមារកំព្រា និងកុមារពិការគ​ថ្លង់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា សេដ្ឋកិច្ចរបស់កម្ពុជាបានបន្ដកើនឡើងទៅមុខជាលំដាប់ ដែលថា ជាហេតុធ្វើឲ្យសហគមន៍អន្ដរជាតិព្រមានដកហូតយកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ ដើម្បីយកទៅជួយដល់ប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចអន់ថយជាងកម្ពុជា។

មេដឹកនាំគណបក្សកាន់អំណាចរូបនេះបន្ដថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការទទួលខុសត្រូវនេះ ប្រសិនបើកម្ពុជានឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធណាមួយមែននោះ។

លោក ហ៊ុន សែន បន្ដថា៖ «ទាក់ទងនឹងជំនួយបរទេសក៏ដូចគ្នា គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយជំនួយនោះដើម្បីយកទៅប្រគល់ទៅឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង។  [] ភាពអនុគ្រោះទាំងឡាយត្រូវបានផ្ដល់ទៅប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ ពេលដែលមានការកើនឡើងនៃសេដ្ឋកិច្ចនៃប្រទេសនោះ គឺគេនឹងដកថយដើម្បីផ្ទេរជំនួយនោះទៅកាន់ទីកន្លែងផ្សេងដែលមានការលំបាកជាងយើង»។

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលរងការថ្កោលទោស និងព្រមានទណ្ឌកម្មជាបន្ដបន្ទាប់ ក្រោយពីគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតមួយ ដែលគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម ហើយមេដឹកនាំអតីតបក្សប្រឆាំង គឺលោក កឹម សុខា ក៏នៅតែស្ថិតក្រោមការឃុំខ្លួននៅឡើយ។

ករណីនេះក៏បានជំរុញឲ្យសហគមន៍អន្ដរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិជាដើមថ្កោលទោសរដ្ឋាភិបាលជុំវិញការធ្វើឲ្យធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។

កាលពីខែដើមខែតុលា ឆ្នាំ២០១៨ សហគមន៍​​អឺរ៉ុប​បានជូនដំណឹងដល់រដ្ឋាភិបាលអំពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ