អាមេរិកបន្ដជំរុញជាថ្មីឲ្យកម្ពុជាកែលម្អបញ្ហាសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Sullivan។ រូបថត៖ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan បានបន្ដជំរុញជាថ្មីម្ដងទៀតទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ​ហ៊ុន សែន ឲ្យ​បញ្ឈប់នូវរាល់ការរឹតត្បិតលំហប្រជាធិបតេយ្យ និងបញ្ហាមួយចំនួនទៀត ដើម្បីលើកស្ទួយមិត្តភាពប្រទេសទាំងពីរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងជំនួបមួយជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ​ប្រាក់ សុខុន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅ​ក្រៅ​កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរីនោះ អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan បានលើកឡើងនូវក្ដីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនយោបាយ អង្គការសង្គមស៊ីវិល និងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន លោក John Sullivan ក៏បានបង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹងព័ត៌មានដែលចុះផ្សាយថា នឹងមានមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសនេះ។

លោក ​ប្រាក់ សុខុន បានគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានឆន្ទៈក្នុងការលើកស្ទួយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន។ ការលើកឡើងនេះ ដោយលោកសំអាងលើរបាយការណ៍របស់ គ.ជ.ប. ដែលថា ពលរដ្ឋ ៨៣ភាគរយចេញទៅបោះឆ្នោត កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការរក្សាសន្ដិភាព និងការបន្ដអនុស្សារណៈស្ដីពីការយោគយល់ ដើម្បីបន្ដអាណត្តិរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា​ចំនួន ២ឆ្នាំបន្ដទៀត។

រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជារូបនេះ ក៏បាន​ច្រានចោលព័ត៌មានថា មានការរៀបចំមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយលោកចាត់ទុកថា នេះជាពាក្យចចាមរាមដែលកើតចេញពីទំហំវិនិយោគដ៏ធំរបស់ចិននៅក្នុងតំបន់នេះ។

សហគមន៍អន្ដរជាតិនាំមុខដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានថ្កោលចំពោះចំណាត់ការរបស់រដ្ឋាភិបាលជុំវិញការធ្លាក់ចុះនៃស្ថានភាព​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បន្ទាប់ពីអតីតគណបក្សប្រឆាំងដ៏ធំមួយនៅតែត្រូវបាន​រំលាយ ហើយមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ក៏ស្ថិតក្រោមការឃុំខ្លួននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ