សាលាគណរាជធានីភ្នំពេញហាមព្រះសង្ឃមិនចូលរួមក្នុងពិធីបុណ្យអុំទូកនៅឆ្នាំទេ ដោយថា អាចធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងធម៌វិន័យរបស់សង្ឃ។
ក្នុងសេចក្ដីណែនាំចេញផ្សាយនៅថ្ងៃនេះ សាលាគណរាជធានីភ្នំពេញបានសម្រេចហាមឃាត់ និងទប់ស្កាត់ព្រះសង្ឃមិននិមន្ដចូលរួមពិធីបុណ្យអុំទូកនោះទេ ដោយលើកហេតុថា កន្លងមក ព្រះសង្ឃមួយចំនួនបាននិមន្ដចូលក្នុងកន្លែងប្រារព្ធពិធីបុណ្យអុំទូក និងកន្លែងកម្សាន្ដផ្សេងៗ ក្នុងហ្វូងមនុស្សច្រើនកុះករ។
បើតាមសេចក្ដីណែនាំ សាលាគណរាជធានីភ្នំពេញអះអាងថា ការហាមឃាត់នេះគឺដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់អំពើទាំងឡាយរបស់ព្រះសង្ឃក្នុងអំឡុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕