សិល្បករ និងប្រជាពលរដ្ឋ​ ស្នើទៅរដ្ឋាភិបាលឲ្យសាងរូបសំណាកភិរម្យវោហារ  ប្រាជ្ញ ឈួន

លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ រូបភាព៖ MJQ Foundation

សិល្បករ និងប្រជាពលរដ្ឋមួយចំនួនជំរុញទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យធ្វើការសាងសង់រូបសំណាកភិរម្យវោហារ  ប្រាជ្ញ ឈួន ដែលទើបទទួលមរណៈថ្មីៗនេះ ​ដើម្បីរំលឹកដាស់តឿនកូនខ្មែរឲ្យថែរក្សានិងគាំទ្រសិល្បៈចាប៉ីដងវែង។​

ជូន​ភ្លើង​បូជា​សព​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ ប្រាជ្ញ​ឈួន​ -​ វត្ត​បទុម​វតី​ ល្ងាច​ថ្ងៃ​ចន្ទ​ ទី​ ១៩​ វិច្ឆិកា​ ២០១៨។ រូបភាព៖ ហ្វេសប៊ុក khiev kanharith

អតីតប្រធានសមាគមសិល្បៈលោក សុះ ម៉ាច មានប្រសាសន៍ថា កន្លងមក ភិរម្យវោហារ  ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដ៏ល្បីម្នាក់ និងបានបន្សល់ទុកស្នាដៃជាច្រើន​​ក្នុងមរតក​សំនៀង​ដែលលោកបានច្រៀងដោយភ្ជាប់ជាមួយពាក្យអប់រំ និងដាស់តឿនកូនខ្មែរជំនាន់ក្រោយឲ្យស្រឡាញ់វប្បធម៌ផងដែរ។ លោកចង់ឲ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធសាងសង់រូបសំណាក់ព្រឹទ្ធា​ចារ្យ​ចាប៉ី​ដង​វែង ភិរម្យវោហារ  ប្រាជ្ញ ឈួន ដោយថា ដើម្បីរំលឹកដាស់តឿនកូនខ្មែរឲ្យថែរក្សានិងគាំទ្រវិស័យសិល្បៈខ្មែរ។

លោកថា៖ «ចាប៉ីគឺជាមរតរបសដូនតាខ្មែរយើង ហើយក៏កំពុងរៀបចំដាក់ចូលក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោកផងដែរ។ ដូច្នេះ លោកតាក៏ជាអ្នករួមចំណែកមានស្នាដៃធំធេងសម្រាប់ជាតិវិស័យសិល្បៈជាតិ ជាពិសេសវិស័យចាប៉ី។ ចំពោះខ្ញុំគួរតែសាងសង់រូបសំណាកទុកឲ្យកូនខ្មែរជំនាន់ក្រោយមួយជំនាន់ៗបានដឹងបានលឺក្រៅពីព្រះភិរម្យ អ៊ួរ លោកតាងុ៉យទៅ គឺមានលោកតាប្រាជ្ញឈួន»។

ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញលោក ឌៀន សុម៉ាលី  ដែលអះអាងធ្លាប់ស្ដាប់ចម្រៀងចាប៉ីដងវែងរបស់ភិរម្យវោហារ  ប្រាជ្ញ ឈួន និយាយថា  ចម្រៀងចាប៉ីដែលភិរម្យវោហារ  ប្រាជ្ញ ឈួន  ច្រៀងកន្លងមកគឺ ពោរពេញទៅដោយពាក្យអប់រំ និងការដាស់តឿនកូនខ្មែរឲ្យខិតខំតស៊ូ ធ្វើការងារ ការរកស៊ី និងអប់រំកូនខ្មែរទាំងអស់ឲ្យមានសីលធម៌ល្អនៅក្នុងសង្គម។ លោកចង់ឲ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធសាងសង់រូបសំណាកភិរម្យវោហារ  ប្រាជ្ញ ឈួន ដូចភិរម្យវោហារ ក្រម ង៉ុយ និងសម្ដេចសង្ឃជួនណាត និងអ្នកមានស្នាដៃផ្សេងៗទៀតផងដែរ។

លោកថា​៖ «តាមពិតទៅមិនដែលបានជួបគាត់ម៉េច បានតែមើលនៅក្នុងទូរទស្សន៍ ហើយស្ដាប់សំឡេងគាត់ទេ។ គាត់ជាអ្នកប្រាជ្ញមែន ពាក្យជាប់ជួន ពាក្យចាប់ជួនគាត់ចាប់បានពិរោះណាស់ អ្នកណាក៏សរសើរគាត់ដែរ។ ក្រសួងពាក់ព័ន្ធដូចថាអ្នកដឹកនាំរដ្ឋាភិបាល ប្រាប់ក្រសួងដែលពាក់ព័ន្ធ បើគាត់ជាអ្នកប្រាជ្ញមួយហើយ គួរតែធ្វើរូបសំណាក់មួយហើយ ដើម្បីរំលឹកដល់កូនខ្មែរថាយើងមានអ្នកប្រាជ្ញមួយដែរ ឲ្យកូនដឹងពីរូបចម្លាក់គាត់ ហើយការច្រៀងចាប៉ីដងវែងគាត់ថាមានភាពម៉េចខ្លះ ហើយចាស់ប្រាប់តៗគ្នាទៅ»។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា មានប្រសាសន៍ថា  ការសាងរូបសំណាកអ្នកប្រាជ្ញណាម្នាក់បាន លុះត្រាតែមានការស្នើសុំពីក្រសួងផ្សេងៗទៀត។

លោកថា៖ «វាជារឿងថ្មីពេក ! មិនទាន់ទទួលបានព័ត៌មានអីផង  អាហ្នឹងទាល់តែធ្វើការសម្រេចរបស់រដ្ឋាភិបាល។អាហ្នឹង ទាល់តែយើងទទួលព័ត៌មាន វាមានការប្រជុំអន្តរក្រសួង ឬក៏មានការប្រជុំពីក្រសួងណាមួយស្នើឡើងទៅ បានហៅថាជាគោលការណ៍អនុញ្ញាត ឬ មានលទ្ធផលអីក្រៅពីប្រជុំហ្នឹង ឥឡូវហ្នឹងវាអត់មានទើបបូជាសពគាត់ពីថ្ងៃចន្ទ។ ថ្ងៃអង្គារសួរពីរឿងសំណាក់ហ្នឹង វាដូចជារឿងថ្មីពេក វាមិនអាចឆ្លើយបាន»។

ស្ថាបនិកអង្គការសកម្មភាពសិល្បខ្មែរ លោក សួង សុភ័ក្រ មើលឃើញថា កន្លងមក រដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ក្នុងសាងសង់រូបសំណាកចំពោះអ្នកដែលមានស្នាដៃផ្នែកសិល្បៈនិងផ្នែកផ្សេងៗនោះទេ  ទាល់តែមានការស្នើសុំនិងការតវ៉ាពីប្រជាពលរដ្ឋទើបមានការសាងសង់។

 លោកថា៖ «​បើមានការសាងសង់ជាសាធារណៈល្អព្រោះខ្ញុំមើលឃើញថា ជាទូទៅអត់សូវមានរូបជាសាធារណៈទេ។  អញ្ចឹងទាល់តែមានការខំប្រឹងតវ៉ាខ្លាំងមែនទែន បានមានរូបនៅតាមសាធារណៈអញ្ចឹង។ យើងចង់ឲ្យមាននៅសាធារណៈវិញ មិនចង់ឲ្យមាននៅក្នុងវត្ត ឬសាលា គឺមានន័យថាគេអត់ដឹងគឺអត់ដឹងអញ្ចឹង»។

ភិរម្យវោហារ  ប្រាជ្ញ ឈួន ​កើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​បងប្អូន៦​នាក់​ នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោកបានចាប់​ផ្តើម​រៀន​ចាប៉ី​តាំងពី​អាយុ​ ៩​ឆ្នាំ​ បន្តពី​ឪពុកមារ​ម្នាក់​ឈ្មោះ ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។

​ភិរម្យវោហារ  ​ ប្រាជ្ញ ​ឈួន ​បាន​ពិការ​ភ្នែក​ទាំង​សង​ខាង​តាំងពីលោក​អាយុ​៥​ឆ្នាំ​ ដោយ​សារ​ រោគ​កញ្ជ្រិលតែ​លោក​អាច​មើល​ឃើញ​ព្រាលៗ​។ ភិរម្យវោហារ  ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន ខាង​សាភា​បាលី ​ចម្រៀង ​កំណាព្យ​និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ពីព្រះ​សង្ឃពេល​ដែល​លោក​ស្នាក់​នៅវត្ត​។​

នៅ​ឆ្នាំ​១៩៦២ ភិរម្យវោហារ  ​ ប្រាជ្ញ ​ឈួន ​បាន​ចូល​រួម​ ​ប្រឡង​ប្រជែង​ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ​ ហើយលោកក៏ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ចំណោម​អ្នក​ចូលរួមប្រឡង២០​ នាក់។ ភិរម្យវោហារ  ក៏​ធ្លាប់​ទៅច្រៀងចាប៉ី​នៅ​សហ​រដ្ឋ​អាមេរិក  ​ប្រទេស​បារាំង​ និង​ប្រទេស​សឹង្ហ​បុរី។

ព្រឹទ្ធាចារ្យសិល្បៈភិរម្យវោហារ  ប្រាជ្ញ ឈួន  បានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយក្នុងជន្មាយុ៨២ឆ្នាំ។ លោកត្រូវបានក្រុមគ្រួសារយកទៅបូជានៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃចន្ទ ទី ១៩ ខែ​ វិច្ឆិកា ឆ្នាំ២០១៨៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ