លោក កែវ រ៉េមី ត្អូញត្អែរថាពិបាកសុំទិដ្ឋាការទៅលេងកូននៅអាមេរិក

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ វ៉េមី។ រូបភាព៖ ហ្វេសប៊ុក Keo Remy

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានត្អូញត្អែរថា ពេលនេះពិបាកជាងមុនក្នុងការសុំទិដ្ឋាការ (VISA) ទៅលេងកូនរបស់លោកនៅសហរដ្ឋអាមេរិក។​

លោក កែវ រ៉េមី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ពីមុនរាល់ការ សុំទិដ្ឋាការទៅអាមេរិក​មិនពិបាកទេ តែថាពេលនេះប្លែកគឺពន្យារពេលពិនិត្យរហូតដល់៣សប្តាហ៍។​

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ វ៉េមី។ រូបភាព៖ ហ្វេសប៊ុក Keo Remy

លោក កែវ រ៉េមី៖ «នឹកកូនពេក រត់ទៅសុំ VISA អាមេរិក។ ពីមុនសុំបានៗ តែពេលនេះប្លែក គេពន្យាពេល3សប្តាហ៍ ថាអោយឬមិនអោយ។ ចូលជិត10ថ្ងៃហើយៗនៅមិនទាន់ទទួលដំណឹង។ នៅសល់តែ 2ថ្ងៃទៀតទោះជាអោយក៏ទៅមិនបានដែរពីព្រោះរវល់ខ្លាំង។ សិទ្ធិមនុស្សនៅឯណា?។»

ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជាបាន​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិច​តួច​ប៉ុណ្ណោះ​។

ការផ្អាកចេញទិដ្ឋាការនេះក្រោយពេលកម្ពុជាស្នើឲ្យអាមេរិពិចារណា ជុំវិញការបញ្ជូនពលរដ្ឋខ្មែរដែលប្រព្រឹត្តកំហុសពីអាមេរិកមកកម្ពុជាវិញ។​

ចំណែកមន្ត្រីជាន់ខ្ពស់កម្ពុជា១៧រូបផ្សេងទៀត ក៏ត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅរឹតត្បិត ទិដ្ឋាការដែរដោយចោទថា ជាអ្នករំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។​ ប៉ុន្តែក្នុង ចំណោម១៧រូបនោះ មិនមានឈ្មោះលោក កែវ រ៉េមី ទេ។​

លោក កែវ រ៉េមី ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី ហើយបានចេញពីគណបក្ស សម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅឆ្នាំ២០០៧ ហើយបាន ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ២០១៦ លោកទទួលបានការតែងតាំងជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ