លោក ហ៊ុន សែន អំពាវនាវទៅពលរដ្ឋចូលរួមថតរូបភាពល្អៗស្អាតៗ​ដើម្បី​ទាក់ទាញទេសចរបរទេស

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ប្រមុខរដ្ឋាភិបាលអំពាវនាវទៅប្រជាពលរដ្ឋឲ្យថតរូបភាពស្អាតៗពីទិដ្ឋភាព និងសកម្មភាពសប្បាយៗ នៃ​ព្រះរាជពិធីបុណ្យអុំទូក មកផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក គឺមានមានប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី រួមទាំងទេសចរជាតិ និងទេសចរបរទេស ជាច្រើនបានមកដល់បរិវេណប្រណាំងទូកនៅមាត់ទន្លេមុខព្រះបរមរាជវាំងប្រកបដោយទឹកមុខញញឹមស្រស់ថ្លា។

លោក ហ៊ុន សែន សរសេរបន្តថា ការដាក់តាំងបង្ហាញស្តង់ពិពណ៌ទំនិញគ្រប់ប្រភេទ និងការប្រគុំតន្ត្រីគឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនាពិធីបុណ្យអុំទូកផ្ទាល់។ លោកបន្តថា តាមរយៈពិធីបុណ្យអុំទូកនេះ វាគឺជាឱកាសល្អមួយសម្រាប់កម្ពុជាផ្សព្វផ្សាយនូវសិល្បៈ វប្បធម៍ ប្រពៃណីជាតិខ្មែរ ឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

លោកបាន​សរសេរបន្តយ៉ាងដូច្នេះថា៖ «សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមថតរូបភាពល្អៗស្អាតៗអំពីពិធីបុណ្យ ក៏ដូចជាសកម្មភាពសប្បាយរីករាយដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរបរទេសអោយបានមកទស្សនាកម្ពុជាផងដែរ។ កម្ពុជាត្រូវការការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមិនអាចខ្វះបានឡើយ។»

ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន ​លោក ហូ វណ្ណី មាន​ប្រសាសន៍​ជាទូទៅថា មានកត្តាចំនួន៥ដែល ជំរុញការទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាគឺ ទំនាក់ទំនងការទូតល្អ សុខសុវត្ថិភាព ការជំរុញលើកទឹកចិត្ត ការវិនិយោគ ការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ

លោកបន្ថែមថា៖ «កត្តាទី១ គឺការទំនាក់ទំនងការទូតល្អដែលវានាំឲ្យមានសុខសន្ថិភាពគ្រប់ទីកន្លែងទាំងភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ កត្តាមួយទៀត គឺការជំរុញលើកទឹកចិត្តក្នុងការវិនិយោគទាំងក្នុងតំបន់ក្តីទាំងក្នុងពិភពលោកក្តី ។ កត្តាច្បាប់ដែលយើងបានក្លាយទៅជាសមាជិក នៃអង្គការអន្តរជាតិផង និងក្នុងសហគមន៍តំបន់ផង ។ ហើយទី៤ ពាក់ព័ន្ធជាមួយនឹង ដោយសារយើងមានច្បាប់ទំលាប់ យើងមានការលើកទឹកចិត្តទៅ លើអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុកហ្នឹង អញ្ចឹងធ្វើឲ្យជនបទេសមានសិទ្ធិមកវិនិយោគទាំងខ្នាតតូច និងមធ្យម ហើយទី៥ ពាក់ព័ន្ធការផ្សព្វផ្សាយទូលំទូលាយហ្នឹងឯង»

តួលេខ​របស់​​ក្រសួងទេសចរណ៍ចេញ​កាល​ពី​ដើម​ខែនេះបាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល ​៩​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​មាន​​ចំនួន​ជាង ៤លាន ៣សែន​នាក់ កើន​ជិត១២​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​ចិន​​មាន​ដល់​ទៅ​ជាង ១​លាន ២១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ ២១.៦​ភាគរយ ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ