លោក កែវ រ៉េមី ថាអាមេរិកធ្លាប់ផ្តល់សញ្ជាតិ​ឲ្យ តែលោកមិនទទួល

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក​ កែវ រ៉េមី និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា​ដែលទើបជិតចប់អាណត្តិ លោក William Heidt ក្នុងថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក​ កែវ រ៉េមី បានរំឭកថា សហរដ្ឋអាមេរិកធ្លាប់​ផ្ត​ល់​ស​​ញ្ជាតិអាមេរិកឲ្យ ​​តែ​​​លោកមិនទទួល។

លោក កែវ រ៉េមី បាន​សរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកពី​ម្សិលមិញ​ថា កាលពីឆ្នាំ១៩៩៨ ពោល​គឺ​២០​ឆ្នាំកន្លងទៅ អាមេរិ​ក​​បាន​ផ្តល់​សញ្ជាតិអាមេរិកកាំងឲ្យតែលោកមិនទៅទទួលនោះទេ​ រហូតដល់ធ្វើ​ឲ្យ​អ្នករស់​នៅ​ទីនោះមួយ​ចំនួន​ហួសចិត្តនឹង​ការសម្រេច​ចិត្តរបស់​លោក​ទៀតផង។

ប្រធា​នគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលរូបនេះ បាន​សរសេរយ៉ាងដូច្នេះថា៖

« នៅឆ្នាំ ១៩៩៨ អាមេរិក​បានផ្តល់​​​​សញ្ជាតិ​​អាមេរិកាំងអោយខ្ញុំ តែខ្ញុំមិនទៅទទួលនោះទេ។ នេះជាការពិត មានសាក្សីនៅរស់មួយចំនួន​ដែល​គេតែង​តែ​​ហួសចិត្តជាមួយខ្ញុំ៕»

សាររបស់លោក កែវ រ៉េមី បានធ្វើឡើងក្រោយពីមានការរិះគន់តាមបណ្តាញសង្គម ទាក់ទងនឹងការ ត្អូញត្អែរ របស់លោក ពីការ​ពិបាកសុំទិដ្ឋាការ (VISA) ទៅលេងកូននៅសហរដ្ឋអាមេរិក។ ការលំបាកនេះ លោក កែវ រ៉េមី បាន​ចោ​ទជាសំ​នួរថា​ «តើសិទ្ធិមនុស្សនៅឯណា​» ?

មន្រ្តី​អង្គការសង្គម​ស៊ីវិលមួយចំនួន​ បាន​ផ្តល់យោបល់ទៅលោក កែវ រ៉េមី បើអាមេរិក​មិនគោរព​សិ​​ទ្ធិ​មនុស្ស គួរយកកូនមករស់នៅ​ស្រុកខ្មែរ​វិញ ឬបញ្ជូន​ឲ្យទៅ​រៀននៅប្រទេសចិនក៏បាន។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរនៅលើទំព័រហ្វេសរបស់លោកថា៖

«ខ្ញុំគ្រាន់តែជាសាមញជនម្នាក់ គ្មានមុខងារ​ជាឧត្ត​មម​ន្ត្រីអី្វទេ ហើយកា​ន់លិខិតឆ្លងដែនរាស្ត្រដែលរលុប​អក្សរនៅក្របខាងលើទៀត។ ប៉ុន្តែពេលខ្ញុំសុំទិដ្ឋាកា (VISA) ទៅអា​មេរិក​​ចំនួ​ន​ត្រឹ​មតែ 3 ថ្ងៃ អាមេរិកយល់ព្រម​ឱ្យទិដ្ឋាកាខ្ញុំរហូតដល់ទៅ 3 ខែ […] ហេតុអ្វីអាមេរិក ធ្វើបែបហ្នឹងដាក់ឧត្តមមន្ត្រីខ្មែរ ដែលកាន់ប៉ាស្ព័រវ​ការទូត​អញ្ចឹង?មុិចក៏ធ្វើអញ្ចឹងអស់លោកអាគាំង?»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានចោទជាសំនួរដែរថា តើគាត់មិ​នដឹ​ងខ្លួ​ន​ថា គាត់ក៏អាចស្ថិតក្នុងបញ្ជីដែលអាមេរិកហាម​ ឬគាត់ធ្វើជាមិនដឹង​ តែយ៉ាងណារឿងនេះក៏​ជាការផ្ញើរសារ​ដល់ម​ន្ត្រីរដ្ឋមួ​យចំនួ​ន​ទៀ​តដែ​រ។

ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ២០១៧ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជាបាន​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​​ប្រភេទ B1/B2 ឬទិដ្ឋាការប្រភេទអន្តោប្រវសន៍ ប្រភេទទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងប្រភេទទេសចរណ៍ ដល់​មន្ត្រី​នៃ​ក្រសួ​ង​​​ការប​រ​​​​កម្ពុជា​ ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​។ ការ​ផ្អា​ក​​ចេញទិដ្ឋាការនេះ​ក្រោយពេលកម្ពុជា​ស្នើឲ្យ​អាមេរិក​ពិចា​រណា ជុំវិញការបញ្ជូនពល​រដ្ឋខ្មែរដែ​លប្រព្រឹត្តកំហុ​សពី​អាមេ​​រិ​កម​កក​ម្ពុជា​វិញ​។​

រដ្ឋ​សភាអាមេរិកកាលពីចុងខែកក្កដាឆ្នាំ២០១៨កន្លងទៅ បានអនុម័តច្បាប់មួយ​ដោយស្នើដាក់ទណ្ឌកម្ម​ប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន​ និងថ្នាក់ដឹកនាំកំពូល​របស់​បក្សកាន់អំណាចចំនួន ១៦​នាក់​ផ្សេងទៀត ដោយហាមមិនឲ្យជាន់ទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដោយចោទថា អ្នកទាំងនោះ​បាន​​បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ