អ្នកដើរកំសាន្តថ្ងៃបុណ្យអុំទូក ត្អូញត្អែរពីការឡើងថ្លៃសេវាផ្ញើយានជំនិះ

តំបន់ភាស៊ីផ្ញើយានជំនិះមួយកន្លែងនៅអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨។ រូបភាព៖ ណាត សុភាព

អ្នក​ដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមួយចំនួន ត្អូញត្អែរថា ម្ចាស់​ភាស៊ី​ផ្ញើយាន​ជំនិះបានយកថ្លៃសេវាខ្ពស់ ចន្លោះ​ពី៣០០០រៀល ទៅ១០០០០រៀល ក្នុងមួយលើក   ខណៈដែលតម្លៃផ្ញើថ្ងៃធម្មតា ពី ៥០០ ទៅ ១០០០រៀល តែប៉ុណ្ណោះ។

អ្នកដើរកំសាន្ត ក្នុងថ្ងៃបុណ្យអុំទូកម្នាក់​គឺលោក លោក រិន មករា​ បានរៀប​រាប់ថា នៅអំឡុងពេលបុណ្យអុំទូកនេះ ម្ចាស់​ភាស៊ីយកថ្លៃផ្ញើម៉ូតូ១គ្រឿងតម្លៃ៣ពាន់រៀល ទៅ៥០០០រៀល។ ករណីនេះ លោករិះគន់ថា អ្នកផ្ញើឈ្លៀតឱកាស យកថ្លៃផ្ញើច្រើនហួសហេតុ ធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកផ្ញើ​។

លោកនិយាយថា៖ «មានអារម្មណ៍ថា ថ្លៃខុសពីថ្ងៃធម្មតា ហើយបើថា ទូទៅសមរម្យ តម្លៃទូទៅសមរម្យ ៥០០រៀល ឬ១០០០រៀល សម្រាប់ម៉ូតូ បើលើសប៉ុណ្នឹង វាដូចចង់បានពេកហើយ ពេលដែលបុណ្យទាន គេយកឱកាសដើម្បីរកលុយ ដូចគៀបសង្កត់»

អ្នកផ្ញើម៉ូតូ អះអាង ប្រហាក់ប្រហែល​គ្នាថា ពួកគាត់ផ្ញើម៉ូតូនៅកន្លែងទូទៅ ជាពិសេស​ថ្ងៃធម្មតា ចន្លោះពី ៥០០រៀល ទៅ ១០០០រៀល តែប៉ុណ្ណោះ។

លោក ឱន ដារ៉ា ដែលបានផ្ញើម៉ូតូគាត់​​​នៅម្តុំវិទ្យាល័យចតុមុខ លើដងផ្លូវនរោត្តម និយាយថា ការផ្ញើយានជំនិះនៅឆ្នាំនេះ ថ្លៃ៥០០០​រៀលក្នុងមួយគ្រឿង​។ លោកថា មិនហ៊ានតថ្លៃនោះទេ ដោយសារគ្មានជម្រើស​ត្រូវ​ផ្ញើ ដើម្បី​នាំគ្រួសារ និងបង​ប្អូនដើរកំសាន្តនៅតាមមាត់ទន្លេ ជាពិសេសនៅមុខព្រះបរមរាជវាំង។

លោកមានប្រសាសន៍ថា៖ «ប៉ះដែរ ប៉ុន្តែយើងមិនដឹងធ្វើម៉េច យើងអត់មានកន្លែងដាក់[…] យើងត្រូវតែផ្ញើ []ដើរដល់យប់»

ម្ចាស់ភាស៊ីផ្ញើម៉ូតូ​មួយកន្លែង​នៅ​ម្តុំចតុមុខ លោក ថៃ ហ៊ាង​ បានរៀប​រាប់ថា ដើមចមដែលនាំឲ្យលោក​ កំណត់យកថ្លៃខ្ពស់បែបនេះ ដោយសារលោក​ត្រូវ​ការចំណាយកម្លាំងពលកម្មច្រើននាក់ និងត្រូវ​ការពេលវេលាច្រើន ដើម្បីថែរក្សាយានជំនិះដោយមានទំនួលខុសត្រូវ​ខ្ពស់។

លោកមានប្រសាសន៍ថា៖ «សំខាន់សុវត្ថិភាពគាត់ ហើយប្រាក់ចំនេញដែលយើងចែកទៅពួកគាត់[កម្មករយាមយាន្តជំនិះ] ខ្ញុំជឿថា យើងហត់ ក្នុងមួយថ្ងៃឲ្យគាត់២០ដុល្លារ គាត់អត់សប្បាយចិត្តទេ ដោយសារកម្លាំងគាត់បញ្ចេញខ្លាំង ហើយគាត់អត់ងងុយទៀត។ យើងផ្ញើមិនមែនផ្ញើត្រឹមម៉ោង៥យើងឈប់ទេ យើងនៅដល់ម៉ោង១-២យប់ចាំគាត់។ យើងខាតពេលធ្វើអ្វីទេ ចឹងជំរុញឲ្យយើងយកតម្លៃខ្ពស់»

ចំណែក​ម្ចាស់ភាស៊ីផ្ញើយានជំនិះមួយទៀតនៅម្តុំបូឌីញ លោក សំរិត វី អះអាងថា លោក​ បាន​ជួល​ចំនីផ្លូវពីម្ចាស់ផ្ទះ ចំនួន៣យប់៣ថ្ងៃតម្លៃ២៥០ដុល្លារ ករណីនេះលោកថា ត្រូវ​តែយកថ្លៃផ្ញើម៉ូតូ១គ្រឿង តម្លៃ៥ពាន់រៀល ទើបធ្វើឲ្យចំនេញ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើចិត្តខ្ញុំវាថ្លៃដែរ ប៉ុន្តែធ្វើម៉េច បើយើងមិនយកចឹង វាមិនកើត យើងជួលគេដែរ [] ចប់អុំទូក២៥០ដុល្លារ អ្នកដើរលេងគេអត់ខ្វល់ពីរឿងលុយទេ  សំខាន់ធានារបស់គេ។​ បើយើងមិនយកចឹងវាមិនកើត យើងជួលគេដែរ»

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ​ដើរកំសាន្តនៅថ្ងៃបុណ្យអុំទូកសាលារាជធានីភ្នំពេញគួរតែដាក់ដេញថ្លៃឲ្យក្រុមហ៊ុនឯក​​ជន ទើបទប់ស្កាត់បញ្ហានោះមានប្រសិទ្ធិភាព។

លោកមានប្រសាសន៍ថា៖ «សាលារាជធានីគួរតែដាក់ដេញថ្លៃទៅ ម៉ូតូកន្លែងណា ដាក់កន្លែងណា កំណត់តម្លៃទៅ ប្រហែលជាប្រសើរជាង បានអាចគ្រប់គ្រងបាន។ បើសិនមិនចឹងទេ គឺមករៀបចំផ្ញើខ្លួនឯង ធ្វើតាមអំពើចិត្ត ហើយធ្វើឲ្យប៉ះពាល់ដល់អ្នកដែលទៅទស្សនាបុណ្យអុំទូក»

វី.អូ.ឌី មិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេនៅរសៀលថ្ងៃនេះ។

ក្រសួងសេដ្ឋកិច្ចបានកំណត់នៅក្នុងសៀវភៅបន្ទុករបស់រដ្ឋថា តម្លៃផ្ញើម៉ូតូ១គ្រឿង តម្លៃ៥០០រៀល និងរថយន្ត១​គ្រឿង តម្លៃ១០០០រៀលប៉ុណ្ណោះ​ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ