អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសចាត់វិធានការលើសំណង់មិនរៀបរយនៅចន្លោះតំបន់​ក្បាលឆាយនិងបិតត្រាំង

មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

អាជ្ញាធរខេត្តព្រះសីហនុ  ប្រកាសចាត់វិធានការរុះរើសំណង់មិនរៀបរយនៅចំណុចចន្លោះក្បាលឆាយ និងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ព្រោះតំបន់នោះថា ជាទីតាំង​ដែលរដ្ឋត្រូវដាំដើមឈើឡើងវិញ ហើយក៏ជាតំបន់​ការពារ​ទីជម្រាលក្នុងការទាក់ទាញប្រភពទឹកសាបសម្រាប់ផ្គត់ផ្គង់។

សេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការសាងសង់ និងរុះរើសំណង់ដែលបានសង់រួច ហើយចាកចេញពីចំណុចចន្លោះតំបន់​ក្បាលឆាយ និងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឲ្យបានមុនថ្ងៃទី២៤ ខែវិច្ឆិកាស្អែក​នេះ។ ប្រភពដដែល​ឲ្យដឹងថា ប្រសិនបើពលរដ្ឋ​មិនរុះរើនិងចាកចេញទេ អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ដោយមិនទទួលខុសត្រូវក្នុងការខាតបង់ផលប្រយោជន៍ឡើយ។

សេចក្ដីជូនដំណឹងដដែលបន្តថា  មូលហេតុដែលអាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋសា្នក់នៅនិងសង់សំណង់ចន្លោះចំណុចក្បាលឆាយនិងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដោយថា តំបន់នោះជាទីតាំងស្ថានីយ៍​ផ្សព្វផ្សាយ ជាកន្លែងដែលរដ្ឋត្រូវដាំដើមឈើឡើងវិញ និង​ជាតំបន់​ការពារ​ទីជម្រាលក្នុងការទាក់ទាញប្រភពទឹកសាប សម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុងព្រះសីហនុ រួមទាំងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ផងដែរ។

ប្រជាពលរដ្ឋម្នាក់លោក សឿង ចាន់គិរី ដែលអះអាងរស់នៅតំបន់ក្បាលឆាយ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ពួកគាត់បានទទួលសេចក្ដីជូនដំណឹងរបស់អាជ្ញាធរខេត្តរួមហើយ ប៉ុន្តែថា ពួកគាត់ទាំងអស់គ្នាមិនព្រមរុះរើនិងចាកចេញពីទីតាំងនោះឡើយ។

លោកថា៖ «អត់បានរុះរើតាមហ្នឹងទេ ព្រោះអីប្រជាពលរដ្ឋមិនសុខចិត្តទាំងអស់គ្នា ព្រោះគាត់មិនមានលំនៅស្ថាន ហើយរុះរើអស់ គាត់ទៅនៅឯណា? ជាប្រជាពលរដ្ឋរបស់រដ្ឋ ហើយរដ្ឋមកវាយប្រជាពលរដ្ឋខ្លួនឯង វាយដើម្បីអី។ រដ្ឋរស់ដើម្បីប្រជាជន ប្រជាជនរស់ដើម្បីរដ្ឋ ហើយបើវាយប្រជាជនរស់ធ្វើម៉េចទៀត»។

វី.អូ.ឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក នេន ចំរើន បានទេ​ ជុំ​វិញ​បញ្ហានេះ ដោយទូរសព្ទចូលគ្មានអ្នក​ទទួល។

អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន សុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតចំពោះរឿងនេះ។

លោកថា៖ «អូ! ខ្ញុំក្តាប់អត់បានទេរឿងនេះ ខ្ញុំមកទេសចរណ៍។ អញ្ចឹងពេលខ្ញុំត្រឡប់ទៅវិញចូលធ្វើការបានជម្រាបជូនបាន»។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​លោកស្រី ជៀប សុធារី យល់ថាសេចក្ដីជូនដំណឹងរបស់មន្ទីរខេត្តព្រះសីហនុ ដែលឲ្យប្រជាពលរដ្ឋធ្វើការរុះរើសំណង់នោះមិនមានការកំណត់ពីទីតាំងច្បាស់លាស់ឡើយ ដោយថា​ចំណុចចន្លោះតំបន់ទាំងពីរខាងលើនោះមានផ្ទៃដីធំ។

លោកស្រី៖ «ក្នុងប្លុកហ្នឹងអ្នកខ្លះគេ មានប្លង់ហើយគេកំពុងឈូសឆាយបាន។ ហើយកន្លែងហ្នឹងដែរ ប្លុកខ្លះមន្ទីរកសិកម្មជូនដំណឹងចំណុចកន្លែងណាខ្ញុំអត់ដឹង ប៉ុន្តែនៅចំណុច កន្លែងហ្នឹងដែរ ប៉ុន្តែគេឈូសឆាយគេធ្វើបាន។ អញ្ចឹងខ្ញុំចង់ជម្រាបជូនថា នៅពេលដែលការអនុវត្ត អាជ្ញាធរភូមិឬឃុំហ្នឹងគាត់ដឹងចំណុចទីតាំងដែលគេជូនដំណឹងឲ្យរុះរើ ។ អញ្ចឹងសូមឲ្យគាត់ទៅជម្រាបជូនប្រជាពលរដ្ឋដែលមានទីលំនៅកន្លែងនោះឲ្យគាត់ដឹងផង មុនហ្នឹងការដែលយើងដឹងនាំកម្លាំងទៅរុះរើ ហើយគួរតែធ្វើប្លង់ ធ្វើផ្លាកដាក់កន្លែងដែលដាក់កន្លែងដែលគេហាមឃាត់នឹងទៅ ដាក់ប៉ាណូឲ្យធំៗទៅកុំឲ្យអ្នកពីចម្ងាយគេចូលទៅទិញនៅកន្លែងហ្នឹងទៀត»។

លោកស្រី ជៀប សុធារី បន្តថា  ប្រសិនបើអាជ្ញាធរនៅមូលដ្ឋានមិនធ្វើការដោះស្រាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋបានច្បាស់លាស់ទេ  នឹងធ្វើឲ្យមានការតវ៉ាកើតឡើង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ