មេធាវីថា លោក កឹម សុខា បដិសេធ​សន្និសីទរបស់ក្រុមចលនាសង្គ្រោះជាតិនៅក្រៅប្រទេស

លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា

មេធាវីការពារក្ដីឲ្យប្រធានអតីតគណបក្សប្រឆាំង លោក កឹម សុខា អះអាងថា កូនក្ដីរបស់លោកមិនទទួលស្គាល់ក្រុមចលនាសង្គ្រោះជាតិ ឬគម្រោងធ្វើសន្និសីទនៅសហរដ្ឋអាមេរិកនាដើមខែធ្នូខាងមុខនោះទេ។

មេធាវីម្នាក់ដែលការពារក្ដីឲ្យប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺលោកមេធាវី ចាន់ ចេន ប្រាប់ VOD នៅថ្ងៃនេះថា លោកបានប្រាប់​កូនក្ដីរបស់លោកអំពីគម្រោងធ្វើសន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក នាថ្ងៃទី១ និងទី២ ខែធ្នូខាងមុខនេះ។

លោកមេធាវី ចាន់ ចេន បានអះ​អាង​ថា លោក កឹម ​សុខា មិនបានដឹងលឺ ឬទទួលស្គាល់ចំពោះចលនានេះនោះឡើយ។

លោកមេធាវី ចាន់ ចេន បន្ដថា៖ «អំពីបញ្ហានៃការធ្វើសន្និសីទនៅសហរដ្ឋអាមេរិកថ្ងៃទី២ ទី៣ហ្នឹង [] ខ្ញុំបានក៏បានជំរាបជូនគាត់អំពីដំណឹងថា មានព័ត៌មានបែបហ្នឹង។ កូនក្ដីខ្ញុំបាទ ឯកឧត្តម កឹម សុខា គាត់ថា គាត់អត់បានដឹងលឺ ហើយក៏មិនគាំទ្រអ្វីដែលមានបង្កើតថ្មី ពីព្រោះគណបក្សសង្គ្រោះជាតិ មានអ្វីសព្វបែបយ៉ាងហើយ ទាំងរចនាសម្ព័ន្ធហ្នឹងដូច្នេះ គាត់មិនគាំទ្រនូវអ្វីដែលជាការបង្កើតទេ»។

ប្រធានក្រុមអ្នកគាំទ្រសាខាគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក លោក ម៉ារ៉ា ជិន ប្រាប់ VOD ថា លោកមិនគាំទ្រចំពោះគម្រោងធ្វើសន្និសីទដែលរៀបចំដោយក្រុមចលនា​សង្គ្រោះជាតិដឹកនាំដោយលោក រិទ្ធី អ៊ុង និងលោក ជា គីមលី នោះទេ ដោយថា វាធ្វើឡើងផ្ទុយពីគោលការណ៍គណបក្ស និងគ្មានការទទួលស្គាល់។

លោក ម៉ារ៉ា ជិន អះអាងថា ការបង្កើតចលនាណាមួយក្រៅពីឈ្មោះគណបក្សសង្គ្រោះជាតិ គឺខុសពីគោលការណ៍របស់គណបក្ស ជាពិសេសគឺបន្ទាប់ពី​លោក សម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិ កាលពីខែមករា ឆ្នាំ២០១៨ មកនោះ។

លោកបន្ដថា៖ «យើងបដិសេធនូវការធ្វើសន្និសីទនៅទីក្រុងអាត្លង់តា ថ្ងៃទី១ ទី២ខែធ្នូក្រោយនេះ ដោយសារមិនមានការចង្អុរបង្ហាញពីគណៈកម្មាចំពោះកិច្ចក្នុងនាមគោលការណ៍របស់គណបក្សទេ។ ដូច្នេះ ការរៀបចំហ្នឹង គឺលោក សម រង្ស៊ី ជាប្រធានចលនាអ្នករៀបចំទេ»។ ​

VOD មិនអាចទាក់ទងលោក រិទ្ធី អ៊ុង ដែលថា ជាអ្នកតំណាងសាខាគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកបានទេ បើគិតមកទល់ម៉ោងចេញផ្សាយនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមដែលហៅខ្លួនឯងថា​ជាក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បាន​ប្រកាស​ថា ពួកគេនឹងរៀបចំសន្និសីទធំមួយ នាថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក។ សន្និសីទនេះ នឹងពិភាក្សាអំពីយុទ្ធសាស្ដ្ររបស់គណបក្សសង្គ្រោះជាតិក្នុងការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

ក្រៅពីនេះ បើតាមសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត សាខាគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសបារាំងអះអាងថា ពួកគេក៏នឹងរៀបចំវេទិកាសាធារណៈមួយទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ