ស៊ើបអង្កេត៖ ករណីរំលោភសម្លាប់ក្លាយជាឧបសគ្គដល់ក្មេងស្រីជនជាតិដើមភាគតិច ទៅសាលារៀននៅរតនគិរី

ម្ដាយជនរងគ្រោះ កេល ស្រីលាភ ដែលត្រូវគេរំលោភសម្លាប់ ផ្ដល់បទសម្ភាសន៍រៀបរាប់ហេតុការណ៍ដែលកូនគាត់ជួបប្រទះ។ រូបភាព៖ ហេង វិចិត្រ

រតនគិរីគឺជាខេត្តមួយរបស់កម្ពុជាស្ថិតនៅភាគភាគ​ឦសាន​នៃ​ប្រទេស ជាតំបន់ខ្ពង់រាបសំបូរទៅដោយភ្នំ សត្វ និងព្រៃឈើសំបូរបែប។ ខេត្តនេះក៏ជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលមានជនជាតិដើមភាគតិច​រស់នៅតំបន់នោះ​ច្រើនជាងគេ។

នៅរតនគិរីមាន៨ជនជាតិដើមភាគតិច រួមមាន ជនជាតិពូនង(ព្នង) ទំពួន ចារ៉ាយ​ គ្រឹង កាវ៉ែត លន់ កាចក់ និង​ជនជាតិព្រៅ ​សរុបមានជាង១៣០​ ០០០នាក់។ ក្នុងចំណោមជនជាតិទាំងនោះ គឺជនជាតិទំពួន មានច្រើនជាងគេ។ នេះបើតាមរបាយការណ៍អង្គការខ្មែរលើ។

តាមរបាយការណ៍នានារួមទាំងអង្គការខ្មែរលើ មន្ត្រីអង្គការអាដហុកប្រចាំខេត្តនេះ និងការអះអាងរបស់ជនជាតិដើមភាគតិចផ្ទាល់ឲ្យដឹងថា នៅប្រមាណ១០ឆ្នាំចុងក្រោយនេះ ជនជាតិដើមភាគតិចទាំងនោះ បានបោះបង់មុខរបរបែបប្រពៃណីដែលពឹងផ្អែកអនុផលព្រៃឈើ និងធនធានធម្មជាតិផ្សេងៗ មកធ្វើកសិកម្មតាមបច្ចេកទេស ស្វែងរកការងារធ្វើតាមវិស័យឯកជន និងការងាររដ្ឋវិញ​។​

កត្តាប្រែប្រួលស្ថានភាពរស់នៅដោយសារអនុផលព្រៃឈើ និងធនធានធម្មជាតិថយចុះនេះ បានធ្វើឲ្យប្រែប្រួលផ្នត់គំនិតដែរ គឺជនជាតិដើមទាំងនោះ បាន​ខិត​ខំបញ្ជូនកូន របស់ពួកគាត់ទៅសាលារៀន បើទោះជាឪពុកម្តាយខ្លះមិនចេះអក្សរ មិន​ចេះ​​និយាយភាសាខ្មែរ ក៏ពួកគាត់ ជំរុញឲ្យកូនរៀនសូត្រនិងរៀបចំខ្លួនរស់នៅតាមបែបសម័យ​ថ្មី។​

​បើទោះជាពួកគាត់នៅតែស្រលាញ់ប្រពៃណីដូនតា ប៉ុន្តែការរស់នៅបែបថ្មី បានចូលទៅដល់ស្រុកភូមិរបស់ពួកគាត់ហើយ។ នៅក្នុងភូមិមិនមានម៉ូតផ្ទះ ឬ ការស្លៀកពាក់បែបប្រពៃណីទៀតទេ ហើយ​ថែមទាំងមានទូរសព្ទដៃទំនើប មានម៉ូតូ ទូរទស្សន៍ ហើយតំបន់ខ្លះមានទាំងផ្ទះថ្ម និង​រថ​យន្ត​ទៀត​ផង។​

ប៉ុន្តែ បំណងប្រាថ្នាក្នុងការបញ្ជូនកូនទៅសាលារៀន ដើម្បីរៀបចំជីវិតរស់នៅតាមបែបសម័យថ្មីនេះ កំពុងតែជួបការភ័យខ្លាច​ដល់​សិស្សស្រី ដោយសារ មានការរំលោភសម្លាប់។​

ករណីរំលោភសម្លាប់នៅក្នុងស្រុកលំផាត់

ពីទីរួមខេត្តរតនគិរីទៅដល់ភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ មានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រ ហើយ​ផ្លូវ​ឡើងភ្នំចុះភ្នំ​ កាត់ដងអូរ មានភាពស្ងាត់ជ្រងំ មានសុទ្ធតែចំការកៅស៊ូ និងចំការដំណាំផ្សេងៗអមតាមផ្លូវ​។

បើធ្វើដំណើរតាមរថយន្តជិត២ម៉ោងទើបឆ្លងផុតផ្លូវចម្ងាយ៣០គីឡូម៉ែត្រដល់ភូមិចាងរ៉ា។ ភូមិនេះ មានផ្ទះមួយៗ ដាច់ពីគ្នានៅក្បែរជើងភ្នំ​ ទីនេះជាភូមិរបស់ជនជាតិទំពូន។ ក្នុងភូមិនេះ មានសាលាបឋមសិក្សា ចំណែកសិស្សដែលរៀនដល់អនុវិទ្យាល័យ និងវិទ្យាល័យត្រូវបញ្ជូនឲ្យទៅរៀននៅទីរួមខេត្ត។​

ពេលរំឭកដល់ការបញ្ជូនកូនទៅសាលារៀន លោក ឃឹម ឡាកេល វ័យ៥២ឆ្នាំ នឹកដល់កូនស្រីរបស់លោកឈ្មោះ កេល ស្រីលាភ រៀនថ្នាក់ទី១១ នៅវិទ្យាល័យសម្តេចឪសម្តេច​ម៉ែ ស្ថិតនៅទីរួមខេត្តរតនគិរី។

រឿងរ៉ាវដែលធ្វើឲ្យលោកចងចាំទាំងថ្ងៃទាំងយប់ ធ្វើឲ្យលោកពិបាកចិត្តដល់សព្វថ្ងៃនេះគឺ កូនស្រីជាក្តីរំពឹងរបស់លោកត្រូវបុរសមួយក្រុមរំលោភនិងសម្លាប់ កាលពីរសៀលថ្ងៃទី​១៨ ខែតុលា ​ឆ្នាំ២០១៧។​ ហេតុការណ៍នេះកើតឡើងនៅពេលដែលកូនរបស់លោកត្រឡប់ពីទីរួមខេត្ត ជាកន្លែងស្នាក់នៅនិងរៀនសូត្រ មកលេងផ្ទះ។​

បុរសវ័យ៥២ឆ្នាំរូបនេះ នៅតែមានភាពសោកសៅនឹកដល់កូនស្រី ដែលស្លាប់ទៅកាលពីចុងឆ្នាំមុន ហើយក៏កំពុងតែព្រួយបារម្ភពីសុវត្ថិភាពកូនស្រីម្នាក់ទៀតរៀនថ្នាក់ទី១១ នៅទីរួមខេត្ត ខ្លាចជួបរឿងអាក្រក់ដូចបងស្រីនាងទៀត។

លោក ឃឹម ឡាកេល៖ «ទៅមកទៅមក ឲ្យតែថ្ងៃសុក្រមក ថ្ងៃសៅរិ៍នៅផ្ទះ ថ្ងៃអាទិត្យថ្ងៃរសៀលទៅទៀតហើយ ថ្ងៃចន្ទរៀន សព្វថ្ងៃនេះ ខ្ញុំភ័យព្រួយ ឲ្យជំរុញសមត្ថកិច្ច ថាខ្ញុំភ័យព្រួយ…ចង់ឲ្យសមត្ថកិច្ចបោសសំអាត»

ចំណែក ម្តាយជនរងគ្រោះ​ អ្នកស្រី តត ដូច ឯណោះវិញ​ថ្លែងថា​ ពេលខ្លះគាត់ចង់ស្លាប់ ដោយសារតែនឹករលឹកនិងអាណិតកូនស្រីដែលគេធ្វើបាប។​

​ អ្នកស្រី តត ដូច៖ «អត់ចង់ទៅចំការទេ នៅចំការឃើញស្រូវ ឃើញដំឡូង កូនខ្ញុំធ្លាប់ជួយ ធ្លាប់ធ្វើ ខ្ញុំនឹកតែឃើញ ខ្ញុំចង់ស្លាប់ មិនចង់រស់នៅទេ នឹកតែកូន​​»

ប្តីប្រពន្ធវ័យជាង៥០ឆ្នាំនេះ បានសម្រេចចិត្តរុះរើផ្ទះពួកគាត់ចោលព្រោះថា ឃើញផ្ទះនេះ ពួកគាត់នឹកឃើញគ្រប់សកម្មភាពរបស់កូន ហើយកាន់តែឈឺចាប់។​

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំរុះចោល ខ្ញុំឃើញបន្ទប់ ធ្លាប់ឲ្យវាមក ឲ្យវាជូតផ្ទះ…ឃើញបន្ទប់ខ្ញុំនឹក ក្នុងមួយខែ ខ្ញុំអត់បានដេក អត់បានហូបបាយទេ នៅផ្ទះនេះ​ [ផ្ទះពេលមិនទាន់រុះ]»

បច្ចុប្បន្នទាំងប្តីទាំងប្រពន្ធពួកគាត់រស់នៅផ្ទះជាមួយកូនទី១នៅក្បែរនោះ ហើយមិនអាច ធ្វើស្រែចំការកើតទេ គឺរស់នៅដោយភាពអស់សង្ឃឹមនិងសោកសៅ។​

លោក លាវ ខាំ ជាអ្នកភូមិដែលបានដឹងរឿងនេះថ្លែងថា ជនសង្ស័យ៤ទៅ៥នាក់ ពាក់ព័ន្ធករណីនេះ។ លោកថា រូបលោក និងអ្នកភូមិផ្សេងទៀតកាន់តែព្រួយបារម្ភខ្លាំង ពីសុវត្ថិភាព កូនស្រីគ្រប់ពេល ពិសេសពេលទៅសាលារៀន។​

លោកបារម្ភថា៖ «ក្រោយពីកើតហេតុ…កូនៗយើងក្មេងៗ ពូមីងនៅក្នុងស្រុកភូមិ អ្នកខ្លះគេឈប់រៀន លែងចង់រៀន ខ្លាចក្មេងអាយុ១២ ទៅ១៣ឆ្នាំ»

អ្នកស្រី កេល វណ្ណា បងស្រីជនរងគ្រោះក៏បានសម្តែងការព្រួយបារម្ភដូចអ្នកភូមិផ្សេងៗទៀតដែរ។ អ្នកស្រីចង់ ឲ្យមានសាលារៀននៅជិតផ្ទះ និងស្នើឲ្យមានការពង្រឹងសន្តិ សុខ ទើបគាត់មិនបារម្ភ ក្នុងការ បញ្ជូនកូនស្រីទៅសាលារៀន។​

លោកបារម្ភថា៖ «ធ្លាប់ជួបករណីប្អូនខ្ញុំ ខ្ញុំភ័យខ្លាចមែនទែន បារម្ភខ្លាំងមែនទែន បារម្ភខ្លាចប្អូនអនាគតប្អូនខ្ញុំទៅមុខ កូនខ្ញុំទៅមុខ ខ្លាចដូចករណី…ខ្ញុំចង់ឲ្យមានសាលាជិត ឬក៏អ្នកណាក៏បានដែរជួយពួកខ្ញុំ ដូច​ជា តំបន់ដាច់ស្រយាលជួយដោះស្រាយ ជួយការពារផង ព្រោះខ្ញុំធ្លាប់ជួបប្រទះច្រើនហើយ»

ករណីសិក្សានៅក្រុងបានលុង​ ខេត្តរតនគិរី

បើយើងក្រឡេកទៅមើលករណីសិក្សាមួយទៀតនៅក្រុងបានលុងឯណោះវិញ ជនជាតិដើមភាគ​តិចរៀន​ថ្នាក់ទី១២ ​​បានស្លាប់បាត់បង់ជីវិត ដោយសារ​ការរំលោភ​​និងសម្លាប់​ផងដែរ។

លោក ស៊ុត អាក់ ដែលជាជនជាតិគ្រឹង រស់នៅភូមិ៤ សង្កាត់តាចាញ ក្រុងបានលុង បានរៀប​រាប់ថា កូនស្រីគាត់ឈ្មោះ អាក់ ស៊ីង អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យភូមិថ្មី ខេត្តរតនគិរី។ ជារៀង​រាល់ថ្ងៃ កូនស្រីគាត់តែងតែជិះម៉ូតូម្នាក់ឯងទៅរៀនគួរនៅពេលយប់ ទើបត្រឡប់មកផ្ទះ​វិញ ញាំបាយនិងងូតទឹករួច ចុះទៅគេងនៅតូបលក់គ្រឿងទេសម្នាក់ឯងក្បែរផ្លូវ​ជាតិជារៀង​រាល់យប់​ ខណៈឪពុកម្តាយនិងប្អូនៗ ស្នាក់​នៅផ្ទះក្រោយតូប​លក់នោះប្រហែលជា៣០ម៉ែត្រ​។

លោក អាក់ បញ្ជាក់ថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កូនស្រីរបស់គាត់ត្រឡប់មក​ពីរៀនគួរនៅម៉ោង​ប្រហែលជា៧និង៣០នាទីយប់ រួច​ឈប់ម៉ូតូនៅក្បែរតូបលក់គ្រឿងទេស។ ​លោក​​​ថា ក្រោយមកនៅម៉ោង​ប្រហែលជា៩យប់ ឃាតករបានចាប់កូនស្រីគាត់រំលោភនិងសម្លាប់​ក្បែរតូបនោះ។

ឪពុកជនរងគ្រោះរូបនោះបន្តថា ក្រោយពីឃាតកម្មសម្លាប់កូនស្រី សមត្ថកិច្ចបានឃាត់ខ្លួនបុរស​ពោះមាយម្នាក់វ័យប្រហែល៤០ឆ្នាំរស់នៅភូមិជាមួយគ្នា ដើម្បីសួរនាំ។ ករណីនេះ លោក​អំពាវ​​នាវ​ទៅតុលាការ និងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យផង​។

លោកអំពាវនាវថា៖ «ខ្ញុំគ្រាន់តែសង្ឃឹមថាឲ្យតុលាការ ស្រាវជ្រាវរកឃាតករដែលស្លាប់កូនខ្ញុំ ហើយចង់ឲ្យគេរកឃាតករឃើញ ហើយចាប់ឃាតករបានដាក់គុកតាមច្បាប់​​​​»

ម្តាយជនរងគ្រោះ អ្នកស្រី ប្រាំង សល់ ថា គាត់នៅតែអាឡោះអាឡៃកូនស្រីរបស់គាត់ ដោយសារគាត់ជាមនុស្សស្លូតបូតល្អ ។

អ្នកស្រីនិយាយថា៖ «កូនខ្ញុំ វាធំហើយ មួយទៀតវាស្លូតមិនដែលដើរទៅណាទេ មកពីរៀនវិញនៅតែផ្ទះ»

លោក ចិន ខ្មៅ រស់នៅជាប់ផ្ទះជនរងគ្រោះ ដែល​អះអាងថា ជាសាក្សីដឹងរឿងនេះ និយាយថា កញ្ញា ស៊ីង តែងតែជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅរៀនគួរនៅវិទ្យាល័យសម្តេចម៉ែនិងសម្តេចឪ ដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រពីផ្ទះ។

លោកបង្ហាញក្តីបារម្ភថា កូនចៅអ្នកភូមិនិងកូនចៅរបស់លោកអាច​នឹង​ជួបបញ្ហាប្រឈមដូច​កញ្ញា ស៊ីង ដែរ ដោយថា បើអាជ្ញាធរមិនទប់ស្កាត់ឲ្យបានទាន់ពេល។

លោក​បារម្ភថា៖ «ខ្ញុំសូមសំណូមពរដល់អស់លោកទាំងអស់ [អាជ្ញាធរពាក់ព័ន្ធ]ធ្វើម៉េចទប់ស្កាត់កុំឲ្យមានសកម្មភាពដូចហ្នឹងទៀត ដើម្បីឲ្យកូនចៅក្រោយៗទៅរៀនបានសុខសប្បាយទាំងអស់គ្នា»

ក្តីកង្វល់របស់យុវតីកំពុងសិក្សានៅក្រុងបានលុង

កេល ស្រីតូច ដែលអះអាងថា ជាប្អូនស្រីបង្កើតជនរងគ្រោះ កេល ស្រីលាភ បានរៀប​រាប់ថា បច្ចុប្បន្ននេះកញ្ញារៀនថ្នាក់ទី១១ នៅវិទ្យាល័យអន្ទេរវិសឹកដ្ឋានក្រុងបានលុង។ កញ្ញាស្នាក់នៅសាលារៀន ប៉ុន្តែថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែងតែធ្វើដំណើរទៅស្រុកកំណើតជួយការងារឪពុកម្តាយ។

អ្វីដែលគួរឲ្យកត់សំគាល់ កញ្ញាអះអាងថា នៅពេលធ្វើដំណើរទៅស្រុកកំណើតម្តងៗនៅតែព្រួយបារម្ភពីសុវត្ថិភាព ដោយសារផ្លូវ​ធ្វើដំណើរពីសាលារៀនទៅផ្ទះឆ្ងាយ ស្ងាត់ និងពិបាកធ្វើដំណើរ។

កញ្ញាបារម្ភដូចនេះថា៖ «សាលារៀនឆ្ងាយពីភូមិ យើងធ្វើដំណើរគ្នាតិច ​ហើយតាមផ្លូវ ក៏កម្មករច្រើនជក់គ្រឿងញៀន ខ្លាច​គេប្លន់តាមផ្លូវ ខ្លាចគេធ្វើបាបរាងកាយ​យើង​ ហើយខ្លាច​ម៉ូតូគេជិះតាមផ្លូវមានស្ទាវច្រើន ក៏គេអាច​ធ្វើបាបយើង ខ្ញុំខ្លាច​​»

ជនជតិដើមភាគតិចនៅភូមិចាងរ៉ា ស្រុកលំផាត់ កញ្ញា ថាំ សាំផាន់ណា អះអាងថា រៀនថ្នាក់ទី១០ នៅវិទ្យាល័យអន្ទេរវិសឹកដ្ឋានក្រុងបានលុង បានស្នើទៅរដ្ឋាភិបាលបង្កើតសាលារៀននៅក្នុងភូមិ ឃុំរបស់គាត់​ ដោយថា ដើម្បីកុំឲ្យជនជាតិដើមជួបបញ្ហាគ្រោះថ្នាក់នានា ចំណេញពេលវេលា និងថវិកាជាដើម។

កញ្ញានិយាយថា៖ «ចង់ឲ្យមានសាលារៀននៅក្នុងភូមិខ្លួនឯង ងាយស្រួលកុំឲ្យអស់លុយ​ កុំឲ្យមានគ្រោះថ្នាក់នៅតាមផ្លូវ​»

ជនជាតិដើមភាគតិចនៅ ភូមិលុងឃុង ស្រុកបរកែវ កញ្ញា ភួ​ន ចែ រៀនថ្នាក់ទី១១ នៅវិទ្យាល័យ អន្ទេរវិសឹកដ្ឋានក្រុងបានលុង ថា គាត់នៅតែបារម្ភពីសុវត្ថិភាព នៅពេលធ្វើដំណើរទៅស្រុកកំណើតម្តងៗ ដោយសារផ្លូវធ្វើដំណើរទៅផ្ទះគាត់ មានសភាពស្ងាត់។

កញ្ញារៀប​រាប់ថា៖ «ពេលទៅស្រុកកំណើតគឺមានមិត្តភក្តិ ម្នាក់ឯងឪពុកម្តាយ​អត់ឲ្យទៅម្នាក់ទេ ម៉ោងរៀនមានមិត្តភក្តិពីរនាក់ ព្រោះអីផ្លូវហ្នឹង​ ស្ងាត់មនុស្ស អត់សូវមានមនុស្សនៅ…ដើរផ្លូវ​ស្ងាត់ចឹងពិបាកដែរ ខ្លាច​ »

ស្ថាប័នពាក់ព័ន្ធ

ស្នងការនគរបាល​ខេត្តរតនគិរី លោក ងួន គឿន មានប្រសាសន៍ថា បទល្មើសរំលោភសម្លាប់នៅខេត្តរតនគិរី មិនមានច្រើនករណីទេ។ នៅពេលសួរថា ករណីរំលោភសម្លាប់នេះមានប៉ុន្មានករណីនៅឆ្នាំនេះ ហើយកើនឡើងឬថយចុះ? លោកសុំមិនធ្វើការបកស្រាយ​ជុំវិញ​បញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «វាមិនសូវមានច្រើនករណីនេះទេ ខ្ញុំមិនផ្តល់តួលេខហ្នឹងឲ្យទេ ឥឡូវ​ឆែករកលេខខ្លួនឯង»

ពេលដែលក្រុមការងារយើងខ្ញុំព្យាយាមសាកសួរពីវិធានការផ្សេងៗដើម្បីទប់ស្កាត់ករណី រំលោភនេះ ក៏ដោយលោកមិនបកស្រាយដែរដោយថា មិនមានពេលទេ។​

អនុប្រធានការិយាល័យមធ្យមសិក្សា និងប្រឡងនៃមន្ទីរអប់រំខេត្តរតនគិរី លោក អ៊ិន ណែមណូរិន្ទ ទទួលស្គាល់ថា ពិតជាមានការលំបាកច្រើនសម្រាប់ជនជាតិដើមភាគតិច ដែលធ្វើដំណើរទៅរៀនផ្លូវស្ងាត់ ឆ្ងាយពីផ្ទះ ប្រឈមការចាប់រំលោភនិងសម្លាប់។ លោកថា ករណីនេះ ជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត ធ្វើឲ្យសិស្សជនជាតិដើមភាគតិច បោះបង់ការសិក្សាពី៨ទៅ៩%ក្នុងមួយឆ្នាំ។

ទោះជាបែបនេះក្តី លោក អ៊ឹម ណែមណូរិន្ទ ប្រាប់ទៅអាណាព្យាបាលសិស្ស​ អប់រំកូនចៅឲ្យ​​ប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅរៀន​ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ខ្លួន។

លោក​អំពាវនាវថា៖ «សុំឲ្យធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្ន សម្រាប់ខ្លួនឯង ជាពិសេសសំរាប់ការដើរហើរតែម្នាក់ឯង ហើយយើងជាស្ត្រី»

មន្ត្រីរូបនោះបញ្ជាក់ថា បច្ចុប្បន្ននេះ​ មន្ទីរអប់រំកំពុង​យកចិត្តទុកដាក់បង្កើតសាលាអនុនិង​វិទ្យាល័យ នៅតាមតំបន់ដាច់ស្រយាល ដើម្បីជួយកាត់បន្ថយកុំឲ្យជនជាតិដើមភាគតិចធ្វើដំណើរទៅ​សាលាឆ្ងាយ ដែលអាច​នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងហានិភ័យផ្សេងៗជាដើម។

របាយការណ៍របស់មន្ទីរអប់រំខេត្តរតនគិរីបានឲ្យដឹងថា ក្នុងខេត្តនេះមាន៨ស្រុក ក្រុងមួយ និងមានឃុំចំនួន៥០ ហើយមានវិទ្យាល័យ អនុវិទ្យាល័យសរុប​២១ និងមានសិស្សសិក្សាជាង៧០០០នាក់ ក្នុងនោះមានសិស្សជនជាតិដើមភាគតិចប្រហែល៥០% ពោល​ជិតពាក់កណ្តាល ខណៈសាលាបឋមសិក្សានៅទូទាំងខេត្តមានជាង២០០។

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អាដហុក កាលពីឆ្នាំ២០១៧​ បានឲ្យដឹងថា ករណី​រំលោភ​សេពសន្ថវៈទូទាំងប្រទេស​ ​នៅ​ឆ្នាំ​២០១៧ ​មាន​១៣១ករណី បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​២០១៦ ​មានការកើនឡើងលើសចំនួនពីរករណី ។

ដោយឡែកនៅខេត្តរតនគិរី មន្ត្រី​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​នៃ​សមាគម ក្នុងខេត្តនេះ ​លោក​ ឌិន ​ខន្នី មានប្រសាសន៍​​ថា នៅក្នុងឆ្នាំ២០១៧ អាដហុកទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លើសំណុំរឿង​​រំលោភ១១ករណី ក្នុងនោះមាន១ករណីឈានដល់ការសម្លាប់សិស្សស្រី។

នៅឆ្នាំ២០១៨នេះ លោក ខន្នី ថា សមាគមអាដហុកទទួលបានបណ្តឹងរំលោភសម្លាប់​សិស្សចំនួន៣ករណី។ លោកអះអាងថា ករណីរំលោភផ្លូវភេទលើស្ត្រី និងក្មេង​ស្រីជា​សិស្សសាលាអាចមានច្រើនជាងនេះ ព្រោះករណីខ្លះជនរងគ្រោះមិនហ៊ានប្តឹង និងមិនដឹងប្តឹងនៅទីណា។​

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី

លោក​អំពាវនាវថា៖ «ការសម្រួលក្រៅច្បាប់ នៅខេត្តរតនគិរីនេះមានច្រើន ទីមួយ ដោយសារតែមានការគៀបសង្កត់ពីអ្នកអនុវត្តច្បាប់កន្លងទៅ ខ្ញុំមើលឃើញថា ពេលខ្លះជនរងគ្រោះគាត់ទៅរកកន្លែងច្បាប់ ទៅរកកន្លែងអនុវត្តច្បាប់ វាត្រូវទៅជាការគំរាមកំហែង! ទៅជាមានការគៀបសង្កត់គាត់! ដែលទាញគាត់ទៅរកការសម្របសម្រួល​​»

មន្ត្រីសិទ្ធិមនុស្សរូបនោះ​ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហារំលោភសម្លាប់លើជនជាតិដើមភាគតិចឲ្យថយចុះបាន លុះត្រាតែរដ្ឋាភិបាល បង្កើតសាលារៀនបឋម អនុ និងវិទ្យាល័យនៅតាមតំបន់ដាច់ស្រយាល ជាពិសេសនៅភាគឦសាន ឲ្យបានច្រើន ទើប​ទទួលបានផលវិជ្ជមាន។

លោក​អំពាវនាវថា៖ «ចំណែករដ្ឋាភិបាលគួរតែមានទីកន្លែងសម្រាប់ឲ្យសិស្សស្នាក់នៅរៀនសូត្រ សាងសង់កន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅរៀនសូត្រនៅនឹងកន្លែង បើសិនជាយើងអត់អាចសាងសង់សាលាដល់ថ្នាក់មូលដ្ឋាន​​ ទីពីរ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់នៅភូមិភាគឦសាន មិនសម្រាប់តែខេត្តរតនគិរីទេ នៅក្នុងភូមិភាគឦសាន គួរតែសាងសង់សាលាឲ្យបានច្រើន ដើម្បីផ្តល់ឱកាសឲ្យគាត់រៀនសូត្រ»

មាត្រា១៤នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ចុះថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០០៧ ក្នុង​វាក្យខ័ណ្ឌ​ទី​​២ ចែងថា បុគ្គលជនជាតិដើមភាគតិចគ្រប់រូប ជាពិសេស​​​​កុមារមានសិទ្ធិទទួលបានការអប់រំនៅគ្រប់កំរិត និងគ្រប់រូបភាពនៃការអប់រំរបស់រដ្ឋដោយ​គ្មា​នការរើសអើង។

សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិចនេះ ឲ្យដឹងទៀតថា មានជនជាតិដើមភាគតិចប្រមាណ៣៧០លាននាក់ រស់នៅក្នុង​រដ្ឋសមាជិកនានារបស់អង្គការសហប្រជាជាតិ រួមទាំងកម្ពុជា​ផង​ដែរ​។

​ចំណែកក្នុងរបាយការណ៍របស់អង្គការសមាគមខ្មែរលើ-រតនគិរី ឲ្យដឹងថា ជនជាតិដើមភាគតិចមានចំនួន២សែននាក់ និងមាន២៤ក្រុម​ កំពុង​រស់នៅក្នុង​១៥ខេត្ត ក្រុង និង៣៦ស្រុក រួមទាំង១៣១ឃុំ-សង្កាត់​ នៃ​ប្រទេសកម្ពុជា។​

របាយការណ៍ដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ជនជាតិដើមភាគតិចទាំងនោះបានបង្កើតជាសហគមន៍ចំនួន៥០៣ និងមានអ្នកចូលរួម​៤៥០០០គ្រួសារ​ ក្នុងនោះមានជនជាតិ ទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវ៉ែត លុន កាចក់ និងជនជាតិពូនង(ព្នង)ជាដើម។

នាយិការអង្គការខ្មែរលើអ្នកស្រី ដាំ គន្ធី មានប្រសាសន៍ថា ករណីរំលោភសម្លាប់កំពុង តែប៉ះពាល់ខ្លាំងដល់អារម្មណ៍ឪពុកម្តាយ និងសិស្សស្រី នៅក្នុងខេត្តរតនគិរី។​ នាយិការអង្គការខ្មែរលើជនដើមភាគតិចរូបនេះ បន្តថាលោកស្រីបារម្ភពីវាសនាអនាគតកូនចៅជំនាន់ក្រោយ ដោយថា ស្របពេលដែលព្រៃឈើបាត់បង់រាល់ថ្ងៃ គ្រឿងញៀន គ្រឿងស្រវឹង កំពុងតែរាលដាលក្នុងភូមិ ហើយកូនចៅក៏ពិបាកក្នុងទទួលបានការអប់រំឲ្យបានល្អ។​

​លោក​ ឌិន ​ខន្នី មានប្រសាសន៍ថា ជនជាតិដើមភាគតិចទាំងនោះពឹងផ្អែកលើធនធានធម្មជាតិ ធ្វើចំការវិលជុំ​។ ប៉ុន្តែលោកថា នៅពេល​ខាងមុខបើ​​ព្រៃឈើបាត់បង់អស់ កូនចៅជំនាន់ក្រោយកាន់តែច្រើន ហើយគាត់​មិនបញ្ជូនកូនៗឲ្យទៅរៀនដល់ថ្នាក់ទី១២ទេ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពកាន់តែខ្លាំង។

លោកមាន​ប្រសាសន៍ថា៖ «គាត់នឹងមានផលប៉ះពាល់ខ្លាំង បើសិនទីមួយ គាត់អត់បានបញ្ជូនកូនមករៀនឲ្យបាន​​យ៉ាងតិច​បំផុតត្រឹមថ្នាក់ទី១២ទេ គាត់នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គាត់ខ្លាំងបំផុត នៅក្នុងរយៈពេល១០ឆ្នាំទៅមុខ​ទៀត »

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ