សហជីព​ស្នើឲ្យមានការិយាល័យក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

រូបភាព តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ សូត សុខប្រាថ្នា)

សហជីពមួយស្នើឲ្យមានការិយាល័យសហជីពនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ខណៈតំបន់នោះកំពុងរងការរិះគន់ថា រំលោភសិទ្ធិកម្មករ ដោយ​ពុំមានសហជីពឯករាជ្យ​។

ក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតនៅថ្ងៃនេះ ក្រោយពីមា​នការលើកឡើង​អំពីបញ្ហាការងារនានាដែលកើតឡើងលើកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ សហភាពការងារកម្ពុជាបានស្នើទៅមន្រ្តីក្រសួងការងារសុំឲ្យមានការិយាល័យសហជីពនៅក្នុងតំបន់នោះ។

អ្នកសម្របសម្រួលសហព័ន្ធកាត់ដេរកម្ពុជា នៃសហភាពការងារកម្ពុជាលោក អាន រ៉ាម៉ា មានប្រសាសន៍ថា កម្មករដែលបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺតែងតែងរងការរើសអើង និងបញ្ឈប់ពីការងារពេលដឹងថាពួកចងក្រងបង្កើតសហជីព។

លោកបន្ថែមថា៖ «ក្រៅពីការទាញឲ្យមានកំហុស បញ្ឈប់ដោយគ្មានកំហុស ហើយមិនបានជូនដំណឹង មិនបានទូទាត់សំណងតាមផ្លូវច្បាប់ត្រឹមត្រូវ កិច្ចសន្យាមួយចំនួនហ្នឹងគឺគេអត់ ជាទូទៅ៣ខែ៦ខែ១ឆ្នាំ។ ពេលខ្លះគេមិនដឹង ធ្វើបាបកម្មករដោយរបៀបណាគេរង់ចាំតែឲ្យដល់កុងត្រា គឺបញ្ចប់កុងត្រាដោយអត់មានហេតុផលតែម្តង។ សួរថា គាត់ធ្វើការកើតអត់? គាត់ធ្លាប់កំហុសទេ?អត់! អញ្ចឹងកន្លែងហ្នឹងរកឃើញរើសអើងពិតប្រាកដហើយ»

របាយការណ៍ស៊ើបអង្កតរបស់ វី.អូ.ឌី ដែលទើបចេញផ្សាយនៅខែវិច្ឆិកានេះ បានរកឃើញថារោងចក្រមួយចំនួន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានបង្ខិតបង្ខំ​ឲ្យកម្មករធ្វើការខុសជំនាញ កាត់ប្រាក់ឈ្នួលពី២០ ទៅ៣០ដុល្លារពេលកម្មករឈប់សម្រាក់អត់ច្បាប់១ថ្ងៃ រឹតត្បិតសិទ្ធិសេរីភាព និងរំលោភសិទ្ធិការងារកម្មករជាដើម។ របាយការណ៍នេះរកឃើញថា នៅតំបន់សេដ្ឋកិច្ចនោះពុំសហជីពឯករាជ្យ​នោះទេ។

អគ្គនាយករងការងារ នៃក្រសួងការងារ លោក ប៉ុល ចាន់ដារ៉ា មានប្រសាសន៍ថា របាយការណ៍ស៊ើបអង្កេតរបស់ វី.អូ.ឌី រកឃើញនោះ មិនឆ្លុះបញ្ចាំងការពិតទាំងស្រុងនៅឆ្នាំ២០១៨ឡើយ គឺវាបានបង្ហាញចំណុចអវិជ្ជមានតិចតួចប៉ុណ្ណោះ ដែលក្រសួងនឹងយកបញ្ហានោះទៅពិចារណាដោះស្រាយ។

លោក ប៉ុល ចាន់ដារ៉ា និយាយថា គ្មានការរើសអើង ឬហាមឃាត់មិនឲ្យបង្កើតសហជីពក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះឡើយ ប៉ុន្តែមិនអនុអញ្ញាតឲ្យមានការិយាល័យនៅក្នុងតំបន់នោះដែរ។

លោកបន្ថែមថា៖ «តាមពិតខាងតំបន់ឬក៏ខាងក្រសួងអត់មានបិទសិទ្ធិទេ គឺសិទ្ធិសេរីភាពក្នុងការបង្កើតគឺតាមចិត្តចង់ព្រោះមានច្បាប់មានរដ្ឋធម្មនុញ្ញហើយតើ! ប៉ុន្តែទាក់ទិននឹងការ​ចង់ឲ្យមានការិយាល័យនៅក្នុងហ្នឹងមិនអាចទេព្រោះ សហជីពគាត់មានសកម្មភាពនៅខាងក្រៅរោងចក្រ ព្រោះតំបន់សេដ្ឋកិច្ចពិសេសហ្នឹងជារបស់ឯកជន»

យោងតាម​អត្ថបទស្រាវជ្រាវរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ឆ្នាំ២០១៧ ឲ្យដឹងថា នៅខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន០៧កន្លែង​ ដែល​ទទួលបាន​អាជ្ញាប័ណ្ណវិនិយោគពីរដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់តំណាង​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្ញើទៅក្រសួងពាណិជ្ជកម្ម​កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឱ្យដឹងថា​ តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ​មានក្រុមហ៊ុន​វិនិយោគ​សរុប​ចំនួន១២៥ ហើយ​បានស្រូបទាញ​​កម្លាំងពលកម្ម​សរុប​ជិត២ម៉ឺននាក់ ក្នុងនោះស្រីមានចំនួនជាង១ម៉ឺននាក់ ហើយប្រាក់បៀវត្សរ៍​សម្រាប់ចំណាយ​ទៅលើកម្មករក្នុងមួយខែៗ មាន​ចំនួន​ជិត៤លានដុល្លារសហអាមេរិក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ