អាជ្ញាធរ រៀបចំ​​បញ្ជូន​ជនជាតិចិន​ប្រព្រឹត្តបទល្មើសចាប់​​ជំរិត​តាម​​អ៊ីនធឺណិត​ជាង២០០នាក់ចេញពី​កម្ពុជា

ជនជាតិចិនជាង ២០០នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរកម្ពុជាសង្ស័យថា បានប្រព្រឹត្តបទល្មើសចាប់ជំរិតតាម​ប្រព័ន្ធអ៊ីនធឺណិត។ រូបភាព៖ នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនជាតិចិនជាង ២០០នាក់ និងកំពុងរៀបចំឯកសារបញ្ជូន​ជនជាតិចិនទាំងនោះត្រលប់​ទៅប្រទេសកំណើតវិញ​ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរកម្ពុជាសង្ស័យថា បានប្រព្រឹត្តបទល្មើសចាប់ជំរិតតាម​ប្រព័ន្ធអ៊ីនធឺណិត។

ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក អ៊ុក  ហៃសីឡា ឲ្យ VOD ដឹងថា កាលពីម្សិលមិញនេះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ៤កន្លែង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកតាំកក់ និងឃុំតាំងដូង ស្រុកបាទី នៃខេត្តកាកែវ។ ក្រោយប្រតិបត្តិការចុះបង្ក្រាបនេះ លោកថា អាជ្ញាធរបានឃាត់ខ្លួនជនបរទេស ២៣៥នាក់ ក្នុងនោះ​ជនជាតិចិនមានច្រើនជាងគេរហូតដល់ទៅ ២៣៣នាក់ (ស្រី ៣៨នាក់) ព្រមទាំងជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិថៃម្នាក់ទៀត។

លោក អ៊ុក  ហៃសីឡា ឲ្យដឹងទៀតថា បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនជនបរទេសទាំងនេះត្រឡប់ទៅប្រទេសពួកគេវិញ ក្នុងរយៈពេល ២សប្ដាហ៍ទៀត។

ប៉ុន្ដែ នៅពេលសួរថា តើអាជ្ញាធរកម្ពុជាមានចំណាត់ការបែបណា ដើម្បីទប់ស្កាត់បទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតដែលប្រព្រឹត្តដោយជនបរទេសកុំឲ្យកើតមានបន្ដទៀតនោះ លោកបានបង្វែរសំណួរ​ទៅថ្នាក់លើរបស់លោក។

វី.អូ.ឌី បានព្យាយាមទាក់ទងអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក កែវ វណ្ណថន ប៉ុន្ដែ លោកថា កំពុងជាប់ប្រជុំ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានរំលឹកឲ្យរដ្ឋាភិបាលពិនិត្យមើលវិធានការរបស់ខ្លួនឡើងវិញ ដើម្បីកុំឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលកំពុងបណ្ដែតបណ្ដោយឲ្យឧក្រិដ្ឋជនចិន យកទឹកដីកម្ពុជា ធ្វើជាទីតាំងនៃការប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែតនិងបទល្មើសផ្សេងទៀត។

លោកបន្ដថា៖ «រដ្ឋាភិបាលមិនទាន់បានប្រើប្រាស់យន្ដការពិនិត្យមើលទៅលើក្រុមមនុស្សដែលមកស្នាក់ក្នុងប្រទេសកម្ពុជាទេ។ នេះជាមេរៀនមួយហើយរឿងចាប់ជំរិតតាមអ៊ីនធឺណែតនេះ វាកើតឡើងម្ដងហើយម្ដងទៀត ក្រុមជនជាតិចិនហ្នឹងប្រព្រឹត្តជាក្រុមរាប់រយនាក់ [] រដ្ឋាភិបាលគួរតែយកវាជាមេរៀន ហើយរៀបចំវិធានការដើម្បីគ្រប់គ្រងរដ្ឋាភិបាលទៅលើជនជាតិចិនហ្នឹង»។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាកន្លងទៅបានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុ មានចំនួន​ ៧៨ ០០០នាក់។

យោងតាម​របាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូន​ទៅប្រទេសចិនវិញ ភាគច្រើនបានប្រព្រឹត្តបទល្មើសចំនួន ២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ហើយជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសទាំងពីប្រភេទនេះ មានចំនួន ៣៧៣នាក់ ក្នុងនោះស្រី ៦៦​នាក់។​

ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ខែតុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ