អាជ្ញា​ធរក្រុងព្រះសីហនុ​ព្រមានបិទអាជីវកម្មណា​ដែល​សរសេរ​ភាសា​ខ្មែរខុស

ហាងលក់អាហារមួយកន្លែង នៅខេត្តព្រះសីហនុ ដែលសរសេរស្លាកយីហោខុសអក្ខរាវិរុទ្ធខ្មែរ។ រូបភាព៖ បណ្ដាញសង្គម

អាជ្ញា​ធរ​ក្រុងព្រះសីហនុ ព្រមានថា​ នឹង​បិទអាជីវកម្មណាដែល​សរសេរ​​និងប្រើប្រាស់ភាសាខ្មែរ​មិនបាន​ត្រឹម​ត្រូវ​លើស្លាក​យីហោ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអ្នក​ប្រើប្រាស់​បណ្តាញសង្គម បាន​ចែករំលែក​គ្នា​ជាបន្តបន្ទាប់នូវស្លាកយីហោ​​នៅតាមភោជនីយដ្ឋាន និង​កន្លែងលក់ដូរមួយចំនួន​នៅក្រុងព្រះសីហនុ ដែល​​សសេរភាសាខ្មែរខុសអក្ខរាវិរុទ្ធ និង​ប្រើប្រាស់​ខុសក្បួន​វេយ្យាករណ៍ជាដើម។

អភិបាល​ក្រុង​ព្រះសីហនុ លោក អុី សុខឡេង មានប្រសាសន៍ថា កន្លងទៅថ្មីៗនេះ ក្រុមការងាររបស់លោកបានសហការជាមួយអាជ្ញាធរ​ខេត្តចុះរុះរើស្លាកយីហោប្រហែល១០ស្លាក របស់ជនជាតិចិនដែលសរសេរខុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ខ្មែរជាដើម។ លោកថា ក្រោយពីរុះរើ អាជ្ញាធរបានហៅម្ចាស់ហាងមកអបរំនិង​ណែនាំឲ្យធ្វើត្រឹមត្រូវ​តាមច្បាប់កម្ពុជា ដោយថា បើមិនគោរពតាមនឹងបិទហាងមិនឲ្យធ្វើអាជីវកម្មជា​ដើម។

លោកមានប្រសាសន៍ថា៖ «មុនលើកស្លាក គាត់ត្រូវសុំច្បាប់ ហើយត្រូវសរសេរអក្សរខ្មែរនៅពីលើអក្សរចិន។ បើសរសេរអក្សរខ្មែរខុស លើកទីមួយយើងហើយគាត់មកអប់រំ ណែនាំ តែម្តងទេ បើលើកទីមួយគាត់មិនកែតម្រូវ លើកទីពីរ យើងមានវិធានការបិទ»។

បើតាមកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយកាលពីទី២៧​ ខែវិច្ឆិកាម្សិលមិញ បានឲ្យដឹងថា ក្នុង​រយៈពេល ៥ ថ្ងៃ​ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​អាជ្ញាធរ​ខេត្ត​​ព្រះសីហនុ​បាន​ចុះ​ទៅ​រុះរើ​ដក​ស្លាក​យីហោ​របស់​ជនជាតិ​ចិន ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស ឬ​ដាក់​ឈ្មោះ​យីហោ​មិន​ត្រឹមត្រូវ​បាន​ជាង ២០០។  ប្រភពដដែល​ឲ្យដឹងថា​​ការសរសេរ​អក្សរ​ខុស​នេះ​គឺ​ដោយសារ​តែ​ពួកគេ​មិន​ចេះ​អក្សរ​ខ្មែរ ហើយ​ប្រើ​កម្មវិធី​បកប្រែ Google Translate​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ