រដ្ឋាភិបាល ថា​ចាត់​វិធានការយ៉ាងម៉ឺងម៉ាត់​លើ​ជនបរទេសនៅខេត្តព្រះសីហនុដែលធ្វើខុសច្បាប់​

ជនជាតិចិន៤នាក់ ដែលបានធ្វើសកម្មភាពប្រើដំបងវាយរថយន្ត ០១គ្រឿង ដែលកំពុងបើកបណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

រដ្ឋាភិបាល អះអាងថា បាននិង​កំពុង​ចាត់​វិធាន​ការយ៉ាង​តឹងរ៉ឹងចំពោះ​ជនបរទេស​ទាំងឡាយនៅខេត្តព្រះសីហនុដែល​ប្រព្រឹត្តផ្ទុយនឹង​​ច្បាប់កម្ពុជា ដោយថា​ដើម្បីជា​ការបម្រើ​ផល​ប្រយោជន៍សាធារណៈ​នៅតំបន់នោះ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា​ម្សិល​មិ​ញនេះ​ឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកព័ត៌មាន​មួយចំ​នួនដែលមានភាពមិនប្រក្រតី​នៅក្រុងព្រះសីហនុ ដោយសង្ស័យថាពាក់ព័ន្ធនឹងជនជាតិចិន។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើក​ឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា៖

«រាជរដ្ឋាភិបាល​បាន​នឹងកំពុងចាត់វិិធានការ​យ៉ាងម៉ឺងម៉ាត់ ក្នុងការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ ក៏ដូចជាសណ្នាប់​ធ្នាប់​សង្គម សម្រាប់បម្រើ​ផល​ប្រយោជន៍សាធារណៈ​នៅតំបន់នោះ។»

ប្រភពដដែល​ឲ្យ​ដឹងថា កន្លងទៅរដ្ឋាភិបាលបានឃាត់ខ្លួនអ្នកទេសចរបរទេសជាបន្តបន្ទាប់​ និងបញ្ជូនជនទាំងនោះទៅប្រទេសដើមវិញ ក្រោយពីសមត្ថកិច្ចរកឃើញថា ពួកគេ​មិនគោរពច្បាប់កម្ពុជា​​។

អភិបាល​ក្រុង​ព្រះសីហនុ លោក អុី សុខឡេង មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានសហការជា​មួយ​មន្ត្រីពាក់ព័ន្ធ ដើម្បីរៀប​ចំសណ្តាប់ធ្នាប់នៅតំបន់នោះផងដែរ ដោយថាដើម្បីឲ្យស្របតាមគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។

លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធការរៀបចំសន្តិសុខគឺទីមួយពាក់ព័ន្ធភូមិឃុំមានសុវត្ថិភាព។ យើងធ្វើរដ្ឋបាលចំហរ ដឹកនាំដោយអភិបាល អភិបាលរង ដឹកនាំកំលាំងចុះទៅត្រួតពិនិត្យ ទៅលើទីតាំងដែលយើងសង្ស័យថា វាមិនសុវត្ថិភាព»

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំនៅខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា ដើម្បីទប់ស្កាត់កុំឲ្យមានភាពមិនប្រក្រតីនៅក្រុងព្រះសីហនុបាន លុះត្រាតែរដ្ឋាភិបាលបញ្ជូនសមត្ថកិច្ចឲ្យច្រើនទៅការពារ២៤ម៉ោង នៅតំបន់សំខាន់ៗ និងធ្វើការអប់រំផ្នែកច្បាប់ដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងជនបរទេសទាំងនោះជាដើម។

លោកស្រីមានប្រសាន៍ថា៖ «ស្នងការនគរបាលជាតិគួរតែបន្ថែមកំលាំងសមត្ថកិច្ចឲ្យបានច្រើនសម្រប់ខេត្តនេះ ព្រោះ​​រាល់​​ថ្ងៃ​​សមត្ថកិច្ចមានចំនួនតិច។ ពេលមានរឿងកើតឡើង យើងពិបាករកមនុស្សធ្វើការងារដែរ។ មូយទៀតសុំឲ្យធ្វើការផ្សព្វផ្សាយពីច្បាប់កម្ពុជា ពីច្បាប់ព្រហ្មទណ្ឌ ហើយនិងគោលការក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តនេះ ទៅដល់ខាងក្រុមហ៊ុន ឬទៅតាមទីកន្លែងដែលមានជនជាតិចិដែលគាត់ធ្វើការងារ ឬគាត់រស់នៅ »

យោងតាមរបាយការណ៍ ចុះកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដែលផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត។

អាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ៤កន្លែង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកតាំកក់ និងឃុំតាំងដូង ស្រុកបាទី នៃខេត្តកាកែវ។ ក្រោយប្រតិបត្តិការចុះបង្ក្រាបនេះ អាជ្ញាធរបានឃាត់ខ្លួនជនបរទេស ២៣៥នាក់ ក្នុងនោះ​ជនជាតិចិនមានច្រើនជាងគេរហូតដល់ទៅ ២៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ