លោក​ ហ៊ុន​ សែន​ ទម្លាយ​ពីគ​ម្រោង​វាយ​បក​សម្លាប់​មេ​ដឹក​នាំ​ប​ក្ស​ប្រ​​ឆាំង​​អំ​ឡុងជ​ម្លោះន​យោបា​យ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានទម្លាយពីគម្រោងវាយបកអតីតមេដឹក​នាំបក្សប្រ​ឆាំងអំឡុង​ជម្លោះ​​ន​​យោបាយ​ កាលពី៦ឆ្នាំមុន ដោយថា ​​កុំតែគេចខ្លួន​បាន​មុន​ កុំអីត្រូវស្លាប់​ហើយ​។

ការអះអាងរបស់លោក ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាថ្ងៃពុធនេះ។

លោក ហ៊ុន​ សែន ថ្លែងថា ស្ថិរភាពនយោ​បាយ​នៅ​ពេ​​ល​នេះ អំណោយផលល្អដល់ការអភិវឌ្ឍប្រទេសជាង​ឆ្នាំ២០១៣។ លោកថា ពេលនោះ  មេដឹក​នាំបាតុកម្ម​បាន​ស្រែ​ក​ទាមទារ​ឲ្យលោក​ចុះចេញ​ពី​តំណែង ដោយ​ប្រើពា​ក្យថា ​ហ៊ុន សែន ​អើយចុះចេញទៅៗ ខណៈគណបក្សលោ​ក​បានឈ្នះឆ្នោតដឹក​នាំរដ្ឋា​ភិ​បាល​។

លោកថា៖ «ពេលហ្នុងអ្ហា! បើអ្ហែងគិតមិនរហ័សទេ អ្ហែងងាប់បាត់ហើយ។ អញប្រាប់អ្ហែងទៅ តែឯងពូកែរត់ ស្រែកក៏ពូកែ ដល់​​រត់ក៏លឿន។ តែ​​គ្រាន់តែគេមិនដេញតាមតែប៉ុណ្ណឹងទេ ឲ្យអ្ហែងរត់សិន។ អញ​ក៏មិនចង់សម្លាប់ឯងដែរ ប៉ុន្តែឯងឈាន១ជំហាទៀ​​​​តហួសន្ទា​​​ត់ក្រហម ពួកឯងក៏នឹងរងការវាយប្រហារឆ្លើយតបដែរ»

បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោត នឹងមិនបណ្តោយឲ្យគ​ណបក្សចាញ់​ឆ្នោតប្រមូលកម្លាំ​ង​មក​ធ្វើ​បាតុ​​ក​ម្មផ្តួលរំលំនោះទេ។

អតីតតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ​មិ​ន​​​​​គាំ​​​ទ្រ​ការដែលមេដឹកនាំ​នៅចឹញ្ចឹម​ចិត្តចង់សម្លាប់​គ្នា ​ព្រោះ​តែការប្រជែងអំណាចនោះទេ​ ខណៈច្បាប់តម្រូ​វឲ្យអ្នកនយោ​បាយ​ប្រ​​កួ​​តអំណា​ច ​តាមរយៈ​​បោះ​​​ឆ្នោ​ត តាម​​​យន្តការប្រជាធិបតេយ្យនោះ។

លោកថា៖ «បើយើងនៅតែមានការកាប់សម្លាប់គ្នាទៅវិញទៅមក បំផ្លាញគ្នាទៅវិញទៅមក អ្នកដែលចំណេញគឺបរទេសទេ។ អ្នកដែលនៅជិតខាងយើង គេចាំតែមើលឃើងថាយើងបែកបាក់គ្នារបៀបម៉េច ?យើងកាប់សម្លាប់គ្នារបៀបម៉េច? ហើយគេនឹងលូកដៃទាញ​​ផលចំណេញ។ អាហ្នឹងយើងរៀនក្នុងប្រវត្តិសាស្ត្រឃើញហើយ ។ យើងសម្លាប់គ្នាហ្នឹង យើងគ្មានបានផលអីពីការសម្លាប់គ្នាហ្នឹង​​ទេ?ក្រៅពីផលវិនាសនៃប្រទេសជាតិ»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា ជាធម្មតាបើមេដឹកនាំមា​នអំណាចត្រួត​ត្រាស្ថាប័​នទាំ​ង​អ​ស់រ​ប​​​ស់​​​​រដ្ឋ លោកថា សារនយោបាយ តែងតែបង្កប់នូវភាពគ្រោតគ្រាតបែបនេះ។ ប៉ុន្តែលោកថា សារនេះ​ក៏បង្ហាញ​ថា មេដឹកនាំ កំពុងព្រួយ​បា​រ​ម្ភ ពី​ឥ​ទ្ធិ​ព​លដៃគូប្រកួតរបស់ខ្លួនដែរ ។

លោកថា៖ «ខ្ញុំហ៊ានថា សម រង្ស៊ី ហ្នឹងនៅមានការគាំទ្រច្រើន ហើយគាត់ក៏ជាកម្លាំងនយោបាយមួយនៅក្នុងស្រុក។ ថ្វី​ត្បិតតែគាត់នៅ​​ក្រៅស្រុកមែន ហើយសម្រាប់អ្នកនយោបាយយើងហ្នឹង ក៏ជាខ្មាំងសត្រូវសំខាន់មួយនៅក្នុងប្រទេស»

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក្នុងពិធី​ជួបសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​​ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ បា​ន​​ផ្ញើ​​​សារនយោបាយទៅដៃគូប្រកួតរបស់ខ្លួនថា បើចង់​បង្កើត​វប្បធម៌​បង្រួប​បង្រួម​ជាតិ ​ត្រូវបង្កើតវប្ប​ធម៌​ទុ​កចិ​ត្ត​​គ្នាជាមុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ