លោក ហ៊ុន សែន ជំរុញជាថ្មីឲ្យមន្រ្តីក្រោមបង្គាប់​​ពន្លឿនបញ្ចប់បណ្ដឹងប្រឆាំងមេដឹកនាំ​សហជីព

សហជីពនិងកម្មករជិត ២ ពាន់នាក់ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣២ ឆ្នាំ២០១៨។ (រូបថត៖ ហេង វិចិត្រ)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានជំរុញជាថ្មីទៀតទៅរដ្ឋមន្ត្រីក្រសួងការងារ និងក្រសួងយុត្តិធម៌ឲ្យពន្លឿនការបញ្ចប់បណ្ដឹងប្រឆាំងនឹងមេដឹកនាំសហជីព ដោយថាដើម្បីជំរុញដល់ការបើកទូលាយសេរីភាពក្នុងវិស័យការងារ។

ក្នុងពិធី​សំណេះសំ​ណាលជាមួ​យកម្ម​ករនៅខេត្តកណ្តាលនាថ្ងៃនេះ លោក ហ៊ុន សែន បានអំពាវនាវទៅគ្រប់សហជីពទាំងអស់ដែលជាប់ពាក្យបណ្តឹងត្រូវបញ្ជូនសុំណុំឯកសារពាក់ព័ន្ធនោះទៅក្រសួងការងារ និងក្រសួងយុត្តិធម៌ ដើម្បីឲ្យក្រសួងទាំងពីរធ្វើការដោះស្រាយឲ្យបានឆាប់រហ័ស។

លោកបន្ថែមថា៖ «សូមឲ្យក្រសួងការងារសហការនឹងក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ធ្វើការជាមួយ តុលាការ ដើម្បីបិទបញ្ជប់សុំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធជាមួយសកម្មភាពរបស់សហជីព ដែលតំណាងឲ្យកម្មករ ទោះតិចទោះច្រើន។ នេះគឺជាផ្នែកមួយ នៃការធានាសិទ្ធិការងារ សិទ្ធិនយោបាយ របស់សហជីព និងរបស់កម្មករ»

ជាមួយនឹងការជំរុញឲ្យពន្លឿនការ​ដោះស្រាយបញ្ចប់បណ្តឹងសហជីពត្រឹមឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើទៅគ្រប់មេដឹកនាំ​សហជីព និងតំណាងកម្មករទាំងអស់ត្រូវគោរពច្បាប់ផងដែរ។

មេដឹក​នាំ​សហជីព​មួ​យចំនួន​ ដូចជា លោក រ៉ុង ឈុន លោក ជា មុន្នី លោក ប៉ាវ ស៊ីណា លោកស្រី យ៉ា​ង​ សុ​ភ័​ណ្ឌ លោកស្រី ម៉ម ញឹម លោក អាត់ ធន់ និងមន្ត្រីស​ហជីពមួយចំនួនទៀត ត្រូវថៅកែរោងចក្រប្តឹងទៅតុលាការជាបន្តបន្ទាប់ ក្រោយពីដឹកនាំ​​កម្មករទា​​ម​ទា​​រ​ល​​​ក្ខខ​ណ្ឌការងារ និងប្រាក់ឈ្នួលកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ណ ដែលអះអាងថា សហជីពគាត់រងបណ្តឹង៤ពីថៅកែនោះ ប្រាប់ វី​អូឌី ថា សហជីពមួយនេះកំពុងដំណើរការ​រៀបចំឯកដាក់ទៅក្រសួងនៅថ្ងៃនេះ។ លោកស្រីបានសាទរចំពោះប្រមុខរដ្ឋាភិបាលដែលសម្រេចបញ្ចប់បណ្តឹងលើសហជីព។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តដែរ ដែលគាត់មានគំនិតដកបណ្តឹងករណីដូចពួកខ្ញុំអញ្ចឹង។ ពីព្រោះតាមពិតទៅពួកខ្ញុំជាសហជីពគួរតែទទួលបានការលើកទឹកចិត្តទៅវិញទេ។ ពីព្រោះពួកខ្ញុំធ្វើការងារក្នុងលើកកម្ពស់សិទ្ធិរបស់កម្មករ និងធ្វើការផ្នែកសង្គមនេះមិនទទួលបានប្រាក់ចំណូលពីណានោះទេ មិនគួរណាត្រូវបានក្រុមហ៊ុនមកប្តឹងពួកខ្ញុំអញ្ចឹងទេ»

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា សហជីពរបស់លោកបានរងបណ្តឹងពីក្រុមហ៊ុនជិត១០០បណ្តឹងក្នុងនោះបណ្តឹងព្រហ្មទណ្ឌមានប្រមាណ៥០បណ្តឹង ហើយថា សហជីពលោកដំណើរដាក់ឯកសារពាក់ព័ន្ធទៅក្រសួងការងារបានប្រហែល៩០% ប៉ុន្តែចំណាត់ការយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។

ប្រធានសហភាពរូបនេះឲ្យដឹងថា ក្រោយពីលោកនាយករដ្ឋមន្រ្តីប្រកាសឲ្យបញ្ចប់បណ្តឹងលើសហជីព គឺរូបលោកបានទទួលដីកាចំនួនពីរពីតុលាការឲ្យចូលខ្លួនដោះស្រាយក្នុងខែធ្នូខាងមុខនេះ។

លោកបន្ថែមថា៖ «៩៨ទៅ៩៩% គឺយើងបានផ្ញើទៅហើយ មិនថាក្រសួងការងារធ្វើការជាមួយក្រសួងយុត្តិធម៌ ឬក៏តុលាការយ៉ាងម៉េចទេ? យើងមិនបានដឹងច្បាស់ទេ ប៉ុន្តែយើងទទួលបានដីកាពីរពីតុលាការ ដីកា១ឲ្យចូលថ្ងៃទី៤ ដើម្បីដោះស្រាយរឿងករណីជាមួយថៅកែរោងចក្រ SL ហើយដីកាទី២ ឲ្យចូលថ្ងៃទី៨ ខែ១២ហ្នឹង ដើម្បីដោះស្រាយករណីផ្លូវវេងស្រេង»

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់មានប្រសាសន៍ថាការក្រើនរំឭ​ករ​ប​ស់នា​យករដ្ឋមន្ត្រីនេះ ជា​សារវិជ្ជ​មា​ន​មួយ​ជំរុញដល់ការស្តារសេរីភាពសហជីពឡើងវិញ ខណៈអ្នកបញ្ជាទិញមួយចំនួនជំរុញទៅរដ្ឋាភិបាលឲ្យទម្លាក់បទចោទលើមេដឹកនាំសហជីព ដែល​ពួ​ក​គេ​យល់ថា ​ការ​​​ចោ​​ទ​​ប្រកាន់លើមេសហជីពទាំងនោះ ជាចេតនានយោបាយ។

កាលពីថ្ងៃទី២៣ ខែតុលា អ្នកបញ្ជាទិញរបស់មេរិកមួយក្រុមបានទាមទារទៅតុលាការកម្ពុជាឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំសហជីព និងស្នើទៅរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់សហជីពរួមទាំងជំរុញឲ្យមានការលើកកម្ពស់​សិទ្ធិសេរីភាពសហជីពផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ