ស្ត្រី​អ្នក​សារព័ត៌មាន​ម្នាក់​ស្វែង​រក​អន្តរាគមន៍​​ក្រោយ​ត្រូវ​ទូរទស្សន៍ Nice TV បញ្ឈប់​ពី​ការងារ

NICE TV News

ស្ត្រីអ្នកសារព័ត៌មានម្នាក់ បម្រើ​នៅទូរទស្សន៍ Nice TV អះអាងថា អ្នកស្រីត្រូវបាននាយកស្ថាប័នទូរទស្សន៍មួយនេះ បញ្ឃប់ពី​ការងារ​មុនកុងត្រា​កំណត់ ដោយមិនបានផ្ដល់សំណងអ្វីទាំងអស់ដល់អ្នកស្រី។

អ្នកស្រី ឃួន លក្ខិណា អះអាងថា​ជាអ្នកសាព័ត៌មាននៅទូរទស្សន៍ Nice TV បាន​ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមហ៊ុនទូរទស្សន៍ Nice TV បានបញ្ឃប់អ្នកស្រីមុនកុងតា្រកំណត់ ដោយការបញ្ឈប់នេះ ក្រុមហ៊ុនមិនបានផ្ដល់សំណងអ្វីដល់អ្នកស្រីនោះទេ។

អ្នកស្រីបន្ថែម​ថា ក្រុមហ៊ុន​បាន​បញ្ឈប់អ្នកស្រីពីការងារ ដោយលើកហេតុផលចំនួន ៤​ចំណុច ដូចជា បំភ្លើសព័ត៌មាន គេចវេសពីការងារ  មិនសហការជាមួយក្រុមការងារ និងបានចោទប្រធានផ្នែកគ្រប់គ្រងក្រុមផលិតថា បានកិបកេងប្រាក់ក្រុមហ៊ុន ប៉ុន្តែ ហេតុផលទាំងនេះ ខុសពីការពិត ដោយថា អ្នកស្រីមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រីថា៖ «បើសិនបងឯងមិនចុះហត្ថលេខាក្នុងលិខិតហ្នឹងទេ ប្រាក់ខែបងត្រូវឯង Hold ចោលហើយ ហើយបងឯងមិនបានបើកប្រាក់ខែពី​ខាងក្រុមហ៊ុនទេ។ ខ្ញុំក៏សួរលិខិតបញ្ចប់កិច្ចសន្យាដាក់កំហុសខ្ញុំ ហើយ​ដែលមិនមែនជាកំហុសខ្ញុំ ឲ្យខ្ញុំចុះហត្ថលេខាទទួលស្គាល់កំហុសមែនអត់ ទាល់តែខ្ញុំទទួលស្គាល់កំហុសសិនបានខ្ញុំអាចទទួលប្រាក់ហ្នឹងមែនអត់ ខ្ញុំសួរទៅរដ្ឋបាល។ រដ្ឋបាលថា ចាស គឺអញ្ចឹងហើយ  គេនិយាយអញ្ចឹង។ ខ្ញុំថា អ្នកឯងធ្វើអញ្ចឹង គឺបង្ខំឲ្យខ្ញុំទទួលយកកំហុសហើយ អ្នកឯងធ្វើអញ្ចឹងខុសពីច្បាប់ការងារហើយ ខុសពីច្បាប់ការងារធ្ងន់តែម្ដង។ គេថា អូខេបើអ្នកមិនចុះហត្ថលេខាទេ បងឯងអត់បានបើកប្រាក់ខែ»

អ្នកស្រី ឃួន លក្ខិណា បន្តថា អ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅ​ក្រសួង​ការងារ​រួច​ហើយ​ប្រឆាំង​ក្រុមហ៊ុនទូរទស្សន៍​មួយ​នេះ ដើម្បី​ទាម​ទារ​ប្រាក់សំណងដល់អ្នកស្រី ប៉ុន្តែ ម្ចាស់ក្រុមហ៊ុនដែលជនជាតិចិន មិនបានចូលទៅដោះស្រាយនោះទេ។ អ្នកស្រីបន្តថា ប្រសិនបើក្រុមហ៊ុននៅតែមិនធ្វើការដោះស្រាយប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារ អ្នកស្រីប្ដឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងទៀត​រហូត​ទាល់តែមានដំណោះស្រាយ។

ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុនទូរទស្សន៍ Nice TV ឈ្មោះ ម៉ារី សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយថា ជាប់រវល់។

ប្រធានផ្នែករដ្ឋបាល៖ «មានការអី បងអាចអញ្ចើញមកដល់ Office ខ្ញុំបានណា ដោយសារ ឥឡូវខ្ញុំរវល់ ខ្ញុំសូមរវល់សិនបង! បងអាចណាត់ពេលមកជួបខ្ញុំថ្ងៃស្អែកក៏បានដែរ»

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ចុះ​ពិនិត្យ​មើល​វិវាទ​ការងារ​មួយ​នេះ ហើយថា ប្រសិន​បើ​​រក​ឃើញ​ថា ក្រុមហ៊ុន​មាន​កំហុស ក្រុមហ៊ុន​ត្រូវ​ផ្ដល់​សំណង​ដល់​បុគ្គលិក​រូប​នោះ។

លោក ហេង សួរ ប្រាប់​ថា៖ «ក្រោយការទទួលពាក្យបំ្តឹង ក្រសួងនឹងចុះពិនិត្យអង្គហេតុនៃការបញ្ឈប់ ហើយនិងប្រភេទកិច្ចសន្យាដែលបុគ្គលិកមានជាមួយក្រុមហ៑ុន។ យោងតាមច្បាប់ស្តីពីការងារ រាល់ការបញ្ឈប់បុគ្គលិកណាមួយដែលមិនមែនដោយសារការប្រព្រឹត្តកំហុសធ្ងន់របស់បុគ្គលិកនោះ គឺក្រុមហ៑ុនត្រូវផ្តល់សំណងដល់បុគ្គលិកនោះ។ ក្នុងករណីមិនផ្តល់ឲ្យ បុគ្គលិកមានសិទ្ធិប្តឹងមកមន្ត្រីអធិការកិច្ចការងាររបស់ក្រសួង»

លោក​មេធាវី សុក សំអឿន ពន្យល់ថា ប្រសិនបើក្រុមហ៊ុនបញ្ឈប់បុគ្គលិកមុនកុងតា្រកំណត់​ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ​ បុគ្គលិកមានសិទ្ធិប្ដឹងក្រុមប្រឹក្សាអាជ្ញា​កណ្ដាល ដើម្បីទាមទារសំណងពីក្រុមហ៊ុននោះ។

លោកថា៖ «បើសិនជាបុគ្គលិកតាមកិច្ចសន្យាមានការកំណត់ មានន័យថា កិច្ចសន្យាការងាររបស់គាត់មិនទាន់លើសពី ២ ឆ្នាំទេ អាហ្នឹងគេ ហៅថា បុគ្គលិកតាមកិច្ចសន្យា ហើយបើសិនមិនទាន់បញ្ចប់កិច្ចសន្យាទេ ហើយនិយោជក គាត់បញ្ឈប់​គាត់ អាហ្នឹងគាត់មានសិទ្ធិទាមទារសំណងរហូតដល់បញ្ចប់កិច្ចសន្យារបស់គាត់ហ្នឹង បើសិនិយោជកបញ្ឈប់គាត់គ្មានមូលហេតុ»

បើតាមអ្នកស្រី ឃួន លក្ខិណា អះអាងថា អ្នកស្រីធ្វើការនៅក្រុមហ៊ុនទូរទស្សន៍ Nice TV រយៈពេល ១​ឆ្នាំ ៨​ខែ ប៉ុន្តែ ក្រុមហ៊ុននេះ បានបញ្ឈប់អ្នកស្រីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨  ដោយការបញ្ឈប់នេះ គឺមុនការកំណត់ ខណៈកុងតា្រដែលអ្នកស្រីត្រូវបញ្ចប់ជាមួយក្រុមហ៊ុននៅខែធ្នូខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ