អាជ្ញាធរខេត្តព្រះសីហនុចុះ​ស្រង់តម្លៃ​សេវាកម្ម​​ទេសចរណ៍ ​​ក្រោយ​ផ្ទុះ​ការ​រិះគន់​ជា​បន្ត​បន្ទាប់

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រជុំការងារពីការរៀបចំសណ្ដាប់ធ្នាប់ មុនឆ្នាំ២០១៩មកដល់។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ ចុះស្រង់ស្ថិតិ និងតម្លៃ​សេវា​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​នេះ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ថា តម្លៃ​សេវាកម្ម​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ដំឡើង​ខ្ពស់​ហួស​ពី​ការ​ទទួលយក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក។

ក្នុងលិខិតបង្គាប់ការចុះថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាមន្រ្តីរបស់ខ្លួនចំនួន៣នាក់ ឲ្យចុះ​ទៅ​​ស្រង់តម្លៃបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ រីហ្សត ឬ​បឹងហ្កាឡូ​​ស្ថិត​នៅ​ក្នុងខេត្តនេះ ដើម្បីរបាយការណ៍ជូនថ្នាក់លើ​សម្រេចនិងដោះស្រាយ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បញ្ជាក់បន្ថែមលើលិខិតថា អាជ្ញាធរ​ខេត្ត​នេះ​បាន​សម្រេច​ចុះ​ស្រង់​ស្ថិតិ និង​តម្លៃ​សេវាកម្ម​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង និង​បញ្ចៀស​ការ​ភាន់​ច្រឡំ ដោយថា តម្លៃស្នាក់នៅក្នុងខេត្តព្រះសីហនុ គឺមិនដូចគ្នានោះទេ។

លោកបន្ថែមថា៖ «ជារួមទៅនៅខេត្តព្រះសីហនុ តម្លៃ​នៃការស្នាក់នៅ មានចាប់ពី ២០ដុល្លាររហូតដល់ ៤ពាន់ដុល្លារ​ជាងក៏មានដែរ ដូចជា នៅកោះសង្សារអី មានតម្លៃដល់ ៤ ទៅ ៥ពាន់ដុល្លារក្នុង១យប់។ អញ្ចឹង ដល់តែពាក្យចចាម​អារ៉ាម​ផ្អើលតាមគ្នាថា ១០០ដុល្លារ​អញ្ចឹង វាមិនអាចថា សណ្ឋាគារ ផ្ទះសំណាក់ណាមានតម្លៃណាដល់ ១០០ដុល្លារ​ទាំងអស់អញ្ចឹងកើតទេ។ អញ្ចឹងហើយ បានជាខេត្តបង្កើតក្រុមការងារចុះស្រង់ស្ថិតិជម្រាបជូនមហាជនវិញ ឲ្យយល់ថា មានកម្រិតណាខ្លះ ហើយវាសាកសមនឹងសមត្ថភាព លទ្ធភាពរបស់គាត់ស្នាក់នៅបានដែរឬអត់»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា អាជ្ញាធរខេត្តព្រះសីហនុ គួរតែផ្សព្វ​ផ្សាយ​ឲ្យបានទូលំទូលាយអំពីតម្លៃស្នាក់នៅក្នុងខេត្តទេសចរណ៍មួយនេះតាំងពីដំបូង ដោយ​លោក​ថា មិនគួរទើបតែចាប់ផ្តើម​ផ្សព្វផ្សាយពេលដែលមានការរិះគន់ខ្លាំងបែបនេះទេ។

លោកបន្ថែមថា៖ «ខ្ញុំភ្ញាក់ផ្អើលដែរ ដែលភ្ញៀវមានការបារម្ភរាប់ឆ្នាំមកហើយ ទើបតែមានវិធានការនៅពេលនេះ។ ខ្ញុំគិតថា ការចុះស្រង់តម្លៃនេះ វាគ្រាន់តែជាបច្ចេកទេសមួយទេ សម្រាប់ការសិក្សាទៅលើតម្លៃការស្នាក់ក្នុងខេត្ត​ព្រះសីហនុ។ យើងចង់ឲ្យមានការផ្តល់នូវព័ត៌មានពិតនៃតម្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដែលព័ត៌មាននោះត្រូវតែធានាថា អ្នកដែលធ្វើដំណើរទៅ គឺគេអាចរកបាន ហើយជាបន្ទប់ស្នាក់នៅមានភាពសមរម្យ ស្នាក់នៅ​កើត ជៀសវាង​បន្ទប់ខ្លួនជាបន្ទប់ជួលតែតម្លៃ ២០ ទៅ ៣០ដុល្លារ​ដែរ អាហ្នឹងក៏មិនកើតដែរ»

ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន ​លោក ហូ វណ្ឌី មានប្រសាសន៍ថា អ្នកទេសចរមានតម្រូវការ​សំខាន់៣ ទី១គឺការដើរហើរ ការហូបចុក និងការស្នាក់នៅល្អ ដោយថា ប្រសិនបើតម្រូវការ​ទាំងបីនេះមានបញ្ហា​ហើយនោះ វា​នឹងធ្វើឲ្យ​ប៉ះពាល់ដល់វិស័យ​ទេសចរណ៍។

អ្នក​ជំនាញ​វិស័យ​ទេសចរណ៍​រូប​នេះ បន្តថា កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ​ដែល​ទទួល​បាន​កំណើន​វិនិយោគ​យ៉ាង​ខ្ពស់​នោះ ក៏ចូលរួមចំណែកធ្វើឲ្យ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍បរទេស​ផ្សេងទៀត មកទស្សនា​ប្រទេស​កម្ពុជាដែរ។

លោកបន្ថែមថា៖ «អញ្ចឹង បើក្នុងករណីអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នជំនាញ លោកមិនធ្វើការផ្គូរផ្គងឡើងវិញទេ វា​នឹងធ្វើឲ្យបាត់បង់ទាំងអស់គ្នាមានន័យថា បាត់ទី១ ទេសចរណ៍គាត់ខ្លាចរអាទៅតំបន់នោះ បាត់បង់ទី២ បងប្អូន ប្រជាពលរដ្ឋដែលជាអ្នកផ្គត់ផ្គងនូវសេវាកម្មតូចតាច និងមធ្យមជាដើម បាត់បង់ទី៣ គឺការអភិវឌ្ឍតំបន់នោះតែ​ម្តង ហើយទី៤មានន័យថា រដ្ឋមិនបានចំណូល»

បើ​តាម​ស្ថិតិរបស់​រដ្ឋាភិបាល ​ភ្ញៀវ​ទេសចរ​ចិន​ដែលចូលមកកម្ពុជាមាន​ចំនួន​ដល់​ទៅ​ជាង ១.៤៤​លាន​នាក់​ ឬ​ស្មើ​នឹង ៣២.៩​ភាគរយ​នៃ​​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ហើយ​មាន​​​កំណើន​ដល់​ទៅ​ ៧១.២​ភាគរយ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ