លោក ហ៊ុន សែន ណែនាំ​ទៅ​អាជ្ញាធរ​ឲ្យ​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​យូណេស្កូ

សម្លៀកបំពាក់នឹងគ្រឿងតែងកាយ នៃតួអង្គខោល ព្រះរាម នាងសីតា និងក្រុងរាពណ៌។ រូបភាព៖ ហ្វេសប៊ុក ល្ខោនខោលខ្មែរ / Lakhoan Khoal Khmer

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​អាជ្ញាធរ​រាជធានី និង​ខេត្ត​នៅទូទាំង​ប្រទេស ឲ្យ​ត្រៀម​អបអរ​សាទរ​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពី​ល្ខោន​ខោល​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភព​លោក។

ល្ខោន​ខោល​កម្ពុជា ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​ទីក្រុង​ព័រល្វី ប្រទេស​ម៉ូរីស ក្រោយ​ពី​ទម្រង់​សិល្បៈ​ប្រភេទ​នេះ ត្រូវ​ថៃ​ជំទាស់​រួច​មក។

ក្នុង​សារ​លិខិត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​រាប់​ថា លោក​សប្បាយ​រីក​រាយ​ចំពោះ​ដំណឹង​មួយ​នេះ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​ចូលរួម​អបអរ​សាទរ តាម​រយៈ​ការ​វាយ​គង ទូង​ស្គ ទះប៉ោត គោះ​ត្រដោក​ជា​ដើម នៅ​ម៉ោង​ ១០​យប់​ថ្ងៃ​ស្អែក​នេះ។

លោក ហ៊ុន សែន អះ​អាង​ថា ការ​ដាក់​បញ្ចូល​ល្ខោន​ខោល​ទៅ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​នេះ នឹង​ចូល​រួម​ចំណែក​ជួយ​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

ល្ខោន​ខោល គឺ​ជា​បេតិក​ភណ្ឌ​ទី​៥​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភ​ព​លោក បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក ​​នៅ​ឆ្នាំ​២០១៧ ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​២០០៨ របាំ​ព្រះ​រាជ្យ​ទ្រព្យ ​នៅ​ឆ្នាំ​២០០៣ និង​ប្រាសាទ​អង្គរ​វត្ត​ នៅ​ឆ្នាំ​១៩៩២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ